ខេត្តបាត់ដំបង ៖ រោងម៉ាស៊ីនកិនស្រូវយីហោ តាំងចេង ស្ថិតនៅក្រុមទី១ ក្នុងភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ត្រូវបានអគ្គិភ័យឆាបឆេះ បំផ្លាញស្រូវអង្ករ ២០តោន និងម៉ាស៊ីនសម្រាប់កិនស្រូវ គិតជាសាច់ប្រាក់ជិត៤០ម៉ឺនដុល្លារ កាលពីវេលាម៉ោង ៤និង១០ នាទី ទៀបភ្លឺថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៣ ហើយម្ចាស់ផ្ទះសន្និដ្ឋានថា ការឆេះនេះអាចបណ្តាលពី ភ្លើងកន្ទុយបារី រីឯសមត្ថកិច្ចសន្និដ្ឋានករណីឆេះនេះ បណ្តាលមកពីទុស្សេខ្សែភ្លើង។
ស្ត្រីឈ្មោះ លន់ អេង អាយុ ៧២ឆ្នាំ ត្រូវជាម្តាយម្ចាស់រោង ម៉ាស៊ីនកិនស្រូវបានឲ្យដឹងថា នៅម៉ោងប្រហែល ៤ទៀបភ្លឺគាត់បានឮសំឡេង ផ្ទុះប្រេះប្រក់និងសំឡេងជញ្ជាំងថ្មបាក់ធ្លាក់ ក៏ដាស់កម្មករហើយនាំគ្នាទៅបើកឃ្លាំងមើល ស្រាប់តែឃើញមានផ្សែងហុយ ចេញពីជ្រុងខាងក្រោយឃ្លាំង កន្លែងដាក់ការ៉ុងនិងបាវ ហើយអណ្តាតភ្លើងក៏ឆាបឆេះតែម្តង ទើបនាំគ្នារាយការណ៍ ជូនសមត្ថកិច្ច ។ លោក ប៉ែន សុខា និងអ្នកស្រី ចេង ហួន ត្រូវជាបងម្ចាស់រោងម៉ាស៊ីន បានអោយដឹងថា ឃ្លាំងម៉ាស៊ីនកិនស្រូវ បានបិទទ្វាតាំងពីម៉ោង ៥រសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣ ហើយមិនមានកម្មករណាម្នាក់ ដេកនៅក្នុងនោះទេ។
ការឆេះចាប់ផ្តើមពីកន្លែងដាក់បាវការ៉ុង ដែលមានប្រហែល ២០០បាវ និងការ៉ុងរាប់ម៉ឺន ហើយរាលមកដល់តួម៉ាស៊ីន បណ្តាលឲ្យឆេះខូចស្ទើរទាំងស្រុង នៅសល់តួម៉ាស៊ីនក្នុងទីតាំងទំហំ ៦ម៉ែត្រគុណនឹង៨ម៉ែត្រ និងឆេះស្រូវ ៥តោននិងអង្ករ ១៥តោន តែមិនបង្កគ្រោះថ្នាក់ ដល់មនុស្សណាម្នាក់ឡើយ។ ការឆេះនេះ អាចសន្និដ្ឋានថា មកពីភ្លើងកន្ទុយបារី សេសសល់ពីល្ងាច ព្រោះភ្លើងអគ្គីសនីមិនមានទេ ដោយសារបាន ដកព្រីនិងគប់ចេញអស់ ទើបបិទទ្វារឃ្លាំង ហើយទៅដេកនៅបាត់ដំបង។
លោក គឹម ប៊ុនធឿន ប្រធានការិយាល័យ បង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះបានអោយដឹងថា លោកបានទទួលទូរស័ព្ទ សុំការជួយអន្តរាគមន៍ នៅម៉ោងប្រហែលជាង ៤ទៀបភ្លឺថ្ងៃទី៦ ខែធ្នូ ពីរោងម៉ាស៊ីនកិនស្រូវយីហោ តាំងចេង។សមត្ថកិច្ចបានប្រើប្រាស់ ទឹកអស់ប្រមាណ ៣ រថយន្តទើបពន្លត់អណ្តាតភ្លើងនោះ ស្ងប់ស្ងាត់ទៅវិញ ហើយពេលនៅសល់ទឹក មួយរថយន្តម្ចាស់ថា មិនបាច់បាញ់ពន្លត់ទៀតទេ។ សមត្ថកិច្ចបានសន្និដ្ឋានថា ករណីនេះគឺបណ្តាលមកពី ទុស្សេខ្សែភ្លើង ព្រោះគប់ភ្លើងធ្លាក់ដាច់ និងខ្សែភ្លើងដាច់ធ្លាក់រញ៉េរញ៉ៃ ម្យ៉ាងទៀតនៅក្នុងឃ្លាំង មិនមានអ្នកដេកយាមនោះទេ៕
Source from: watphnom-news.com

Loading...
Loading...