តាមការជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឲ្យដឹងថា នៅថ្ងៃស្អែកទី០៩ ខែធ្នូ ឆ្នាំ២០១៣ ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងធ្វើសន្និសីទសារព័ត៌មានបកស្រាយបំភ្លឺទៅនឹងការកំណត់ថ្លៃអប្បបរមានៃសេវាទូរស័ព្ទចល័ត អចល័ត និងថ្លៃតភ្ជាប់បណ្តាញ ដើម្បីឲ្យអតិថិជនអ្នកប្រើប្រាស់សេវាទូរស័ព្ទនៅកម្ពុជាទាំងអស់បានជ្រាប និងបានយល់ ។
សូមបញ្ជាក់ជូនថា ដោយយោងតាមការសម្រេចរបស់រាជរដ្ឋាភិបាល នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣កន្លងទៅនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានធ្វើលិខិតជូនដំណឹងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣ ទៅដល់ប្រតិបត្តិករទូរស័ព្ទទាំងអស់អនុវត្តន៍នូវប្រកាសអន្តរក្រសួងលេខ២៣២សហវ.បទ ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០០៨ ស្តីអំពីការកំណត់ថ្លៃអប្បបរមានៃសេវាទូរស័ព្ទចល័ត អចល័ត និងថ្លៃតភ្ជាប់បណ្តាញ "ប្រកាសអន្តរក្រសួងនេះចុះហត្ថលេខាដោយឯកឧត្តម គាត ឈន់ អតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តម សូរ ឃុន អតីតរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍" ។
ក្រោយការជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ទៅគ្រប់បណ្តាញក្រុមហ៊ុនទូរស័ព្ទទាំងអស់រួចមក គឺក្រុមហ៊ុនទូរស័ព្ទទាំងនោះ ជាពិសេសក្រុមហ៊ុនទូរស័ព្ទ Smart និងក្រុមហ៊ុនទូរស័ព្ទ Cellcard បានធ្វើការកែសម្រួលនូវតម្លៃសេវាទូរស័ព្ទនៃការហៅចេញរបស់ខ្លួន ឲ្យស្របទៅតាមការកំណត់របស់រាជរដ្ឋាភិបាល ជាហេតុធ្វើឲ្យអតិថិជនក្រុមហ៊ុនទូរស័ព្ទដែលធ្លាប់ទទួលបានផលចំណេញពីការប្រកួតប្រជែង តាមរយៈការធ្វើកម្មវិធី Promotion ផ្សេងៗរបស់ក្រុមហ៊ុនទូរស័ព្ទនោះ សម្តែងនូវប្រតិកម្មខឹងសម្បាយ៉ាងខ្លាំង ដោយធ្វើការបរិហាររិះគន់ទៅលើរាជរដ្ឋាភិបាលថា អនុវត្តន៍ផ្ទុយទៅនឹងគោលការណ៍សេដ្ឋកិច្ចទីផ្សារសេរី ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ហើយធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋជួបការលំបាក ដោយសារថ្លៃសេវាទំនាក់ទំនងតាមទូរស័ព្ទមានការកើនឡើង ។ ដោយឡែក ក្រុមអ្នកលេងបណ្តាញសង្គម Facebook មួយចំនួនក៏បានប្រកាសគ្រោងនឹងធ្វើបាតុកម្មប្រឆាំងនឹងប្រកាសអន្តរក្រសួងលេខ២៣២នោះទៀតផង ។
ចំណុចសំខាន់ៗចំនួន៤នៃប្រកាសអន្តរក្រសួងលេខ២៣២សហវ.បទ ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០០៩ រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីអំពីការកំណត់ថ្លៃអប្បបរមានៃសេវាទូរស័ព្ទចល័ត អចល័ត និងថ្លៃតភ្ជាប់បណ្តាញ គឺ ៖
១-ការកំណត់ថ្លៃអប្បបរមានៃសេវាទូរស័ព្ទចល័តហៅក្នុងបណ្តាញតែមួយចំនួន៤,៥សេនដុល្លារអាមេរិកក្នុង១នាទី "ដោយពុំទាន់គិតអាករលើតម្លៃបន្ថែម និងអាករពិសេស" ។
២-ការកំណត់ថ្លៃសេវាអប្បបរមាក្នុងការហៅឆ្លងកាត់បណ្តាញចំនួន៥,៩៥សេនដុល្លារអាមេរិកក្នុង១នាទី "ដោយពុំទាន់គិតអាករលើតម្លៃបន្ថែម និងអាករពិសេស" ។
៣-ការគិតតម្លៃសេវាជាវិនាទីជំនួសការគិតជានាទី ។
៤-ការទាក់ទាញអតិថិជនដោយរូបភាពបញ្ចុះថ្លៃ ការផ្តល់ជាប្រាក់ ជានាទី ឬរូបភាពផ្សេងៗទៀតតាមរយៈការឃោសនាពាណិជ្ជកម្មនៃប្រតិបត្តិករទាំងអស់ ត្រូវមានការអនុញ្ញាតជាមុនពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ខ្លឹមសារនិងរូបភាពនៃការឃោសនាពាណិជ្ជកម្មនីមួយៗតាមគ្រប់បណ្តាញឃោសនា គ្រប់ទីសាធារណៈមិនត្រូវលើសពីរយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃទទួលបានការអនុញ្ញាតពីក្រសួង និងការឃោសនាពាណិជ្ជកម្មអំពីថ្លៃតភ្ជាប់ទូរស័ព្ទចល័តក្នុងបណ្តាញតែមួយ មិនត្រូវទាបជាង៥០%នៃថ្លៃសេវាអប្បបរមាចំនួន៤,៥សេនដុល្លារអាមេរិកក្នុង១នាទី ។
មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកឡើងថា ប្រកាសអន្តរក្រសួងលេខ២៣២នេះ រៀបចំឡើងដោយបានស្រាវជ្រាវ សិក្សា និងវិភាគយ៉ាងល្អិតល្អន់លើមូលដ្ឋានដូចតទៅ ៖
១-ប្រកាសរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍លេខ២៥៩បទ.ប្រក ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០៣ ស្តីពីការតភ្ជាប់រវាងបណ្តាញទូរស័ព្ទ ។
២-សារាចរអន្តរក្រសួងលេខ១២៧៧សហវ.បទ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០០៩ រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ស្តីអំពីវិធានការទប់ស្កាត់ភាពពុំស្មោះត្រង់នៃការប្រកួតប្រជែងក្នុងវិស័យទូរគមនាគមន៍ ។
៣-បទបញ្ជារបស់រាជរដ្ឋាភិបាលលេខ០១បប ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០០៩ ស្តីពីវិធានការបញ្ឈប់ការបិទខ្ទប់ការភ្ជាប់បណ្តាញសេវាទូរស័ព្ទគ្នាទៅវិញទៅមករវាងប្រតិបត្តិករទូរស័ព្ទមួយទៅទូរស័ព្ទមួយទៀត ។
៤-ឯកសាររបស់សហភាពទូរគមនាគមន៍អន្តរជាតិ "ITU" និងអង្គការពាណិជ្ជកម្មពិភពលោក "WTO" ។
៥-ស្មារតីនៃការពិគ្រោះយោបល់ជាមួយជំនាញការនៃធនាគារអភិវឌ្ឍន៍អាស៊ី "ADB" ។
៦-ឯកសារថ្លៃដើមលម្អិត "Cost based" ដែលផ្តល់ដោយប្រតិបត្តិករ ។
៧-ការសិក្សាប្រៀបធៀបជាមួយថ្លៃសេវាតភ្ជាប់ទូរស័ព្ទដែលកំពុងអនុវត្តនៅប្រទេសជិតខាងក្នុងតំបន់ ។
រាជរដ្ឋាភិបាលធ្លាប់បានបញ្ជាក់ដែរថា ប្រកាសអន្តរក្រសួងលេខ២៣២ ដែលមានចំនួន៩ទំព័រនេះ គឺធ្វើឡើងដោយផ្អែកលើគោលដៅជាមូលដ្ឋានសំខាន់ៗចំនួន៤យ៉ាង គឺ ៖ ១-ការប្រកួតប្រជែងដោយស្មើភាពគ្នា ។ ២-ផ្តល់សេវាល្អនិងគុណភាពខ្ពស់ ។ ៣-ថ្លៃថោកសមរម្យ ។ ៤-បង្កើនចំណូលថវិកាជាតិ ។
ទោះយ៉ាងណាក៏ដោយ សូមប្រិយមិត្តអ្នកអានទាំងអស់រង់ចាំការបកស្រាយបំភ្លឺរបស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទាក់ទងនឹងការកំណត់ថ្លៃសេវាទូរស័ព្ទតាមប្រកាសអន្តរក្រសួងលេខ២៣២ នៅថ្ងៃស្អែកនេះ ៕
Source from: www.dtn7.com

Loading...
Loading...