ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានសម្តែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសអ្នកដែលបានទិញអចលនវត្ថុរួចហើយ បន្ទាប់ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ"សហវ" ដែលមានឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ជារដ្ឋមន្ត្រី ចេញសេចក្តីជូនដំណឹងមួយលេខ០១៧សហវ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ បង្ហាញនូវសំណង់ លំនៅឋាន និងបុរីចំនួន១៩ ដែលខុសច្បាប់ ពីព្រោះមិនទាន់មានអាជ្ញាប័ណ្ណអភិវឌ្ឍន៍លំនៅឋានពីក្រសួងនៅឡើយ ហើយមិនតែប៉ុណ្ណោះ ក្រសួង សហវ បានប្រាប់សាធារណជនកុំឲ្យទិញលំនៅឋាន ឬបុរីខុសច្បាប់ទាំងនោះទៀតផង ដើម្បីកុំឲ្យមានការខាតបង់ថវិកា ឬទ្រព្យសម្បត្តិជាយថាហេតុ "សូមចូលអានគេហទំព័រសារព័ត៌មានដើមត្នោតចុះផ្សាយថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៣បន្ថែម" ។
ក្រុមប្រជាពលរដ្ឋបានលើកឡើងថា ជាគោលការណ៍សំណង់ កុំថាឡើយដល់លក្ខណៈទ្រង់ទ្រាយជាបុរី សូម្បីសំណង់ល្មមៗមុននឹងសាងសង់ក៏ត្រូវមានការអនុញ្ញាតសាងសង់ជាមុនពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី "ដនសស"រាជធានីភ្នំពេញ ឬពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ "ដនស" តាមទំហំនៃគម្រោងសំណង់តូចឬធំ ។ ដូច្នេះ បើសំណង់ទាំងនោះខុសច្បាប់ គួរតែមានការហាមឃាត់ ឬប្រកាសថា ជាសំណង់ខុសច្បាប់ដោយក្រសួងដនស ឬមន្ទីរដនសស រាជធានីភ្នំពេញ តាំងពីមុនមក មិនមែនមន្ត្រីនាំគ្នាបិទភ្នែកទុកឲ្យម្ចាស់សំណង់សាងសង់បានសម្រេចឬជិតសម្រេច និងមានអ្នកកក់លុយទិញរួចទៅទៀត ទើបក្រសួង សហវ ចេញមុខមកប្រកាសថាខុសច្បាប់ និងប្រាប់សាធារណជនកុំឲ្យទិញនោះឡើយ ពីព្រោះនឹងធ្វើឲ្យប្រជាពលរដ្ឋខាតបង់ផលប្រយោជន៍ធ្លាក់ខ្លួនជាជនរងគ្រោះទៅវិញទេ ។ ឧទាហរណ៍ សំណង់ឋិតក្នុងគម្រោងបុរីតូក្យូ របស់ក្រុមហ៊ុនមានជ័យហ្វូដ៩៩៩ ដែលគេស្គាល់ថា មានម្ចាស់ឈ្មោះឧកញ៉ា ថោង សារ៉ាត់ នោះ បានសាងសង់រួចរាល់ជិត សម្រេច១០០ភាគរយហើយៗក៏មានអ្នកជាវកក់លុយរួចជាស្រេច ។
មជ្ឈដ្ឋានអ្នកវិភាគកិច្ចការសង្គម បានលើកឡើងថា ប្រព័ន្ធការងាររបស់ក្រសួងជំនាញនីមួយៗនៅកម្ពុជាបច្ចុប្បន្ន ដែលមានមន្ត្រីច្រើនដូចស្រមោចបង្ហិនបង្ហោចលុយជាតិនោះ ធ្វើការមិនស៊ីចង្វាក់គ្នាទេ គឺក្រសួង ដនស ដែលមានឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម ជារដ្ឋមន្ត្រី ទៅដោយឡែក រីឯក្រសួង សហវ ដែលមានឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ជារដ្ឋមន្ត្រី ទើបឡើងថ្មីទៅដោយឡែកផ្សេងទៀត របៀប"ស្តេចត្រាញ់"រៀងៗខ្លួន ទោះបីមានគោលការណ៍ មានបទដ្ឋានគតិយុត្ត ឬមានប្រកាសអន្តរក្រសួងសម្រាប់អនុវត្តន៍រួមគ្នាក៏ដោយ ដ្បិតក្រុមមន្ត្រីទាំងនោះប្រឹងសង្វាតខ្លាំងណាស់រឿងលុយកាក់ ផលប្រយោជន៍ ចង់ប្រជារាស្ត្ររងគ្រោះដោយអំពើអសកម្ម និងការមិនទទួលខុសត្រូវរបស់ខ្លួនក៏មិនខ្ចីខ្វល់ដែរ ។
ក្រុមអ្នកវិភាគបានលើកឡើងទៀតថា ការណ៍ដែលក្រសួង សហវ និងក្រសួង ដនស ចាត់ការរបៀបនេះ គឺចំណេញដល់ក្រុមមន្ត្រីពីព្រោះសំណង់ដែលបានសាងសង់រួច ឬបើកការដ្ឋានសាងសង់រួចហើយ គ្មានក្រុមហ៊ុនណាមួយល្ងង់ខ្លៅចំណាយលុយឲ្យមន្ត្រីខាងសំណង់ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់អស់មួយផ្នែក អស់ថ្លៃទិញទីតាំងដីសាងសង់ និងអស់ថ្លៃសាងសង់រួចហើយ សុខចិត្តវាយកម្ទេចសំណង់ចោលវិញនោះទេ ដូច្នេះ ត្រូវតែម្នីម្នាទៅសុំអាជ្ញាប័ណ្ណអាជីវកម្មលំនៅឋាននៅក្រសួង សហវ ដោយខានមិនបាន ។ ផ្ទុយទៅវិញ បើម្ចាស់សំណង់ខុសច្បាប់ទាំងនោះបោះបង់គម្រោងសាងសង់ចោលនៅពាក់កណ្តាលទី ហើយមានប្រជាពលរដ្ឋកក់លុយទិញរួចនោះ អ្នកដែលរងគ្រោះគឺជាប្រជាពលរដ្ឋ ។
រួមសេចក្តីមក នេះគឺជាល្បែង ឬល្បិចសម្លាប់រាស្ត្រខ្លួនឯងពីសំណាក់មន្ត្រីរាជរដ្ឋាភិបាល ដោយសារក្រសួងសំណង់បិទភ្នែកឲ្យម្ចាស់សំណង់ និងបុរីធ្វើការសាងសង់ តែក្រសួងសេដ្ឋកិច្ចចេញមុខប្រកាសថាខុសច្បាប់ និងប្រាប់ថា កុំឲ្យទិញខ្លាចខូចប្រយោជន៍ជាយថាហេតុតាមក្រោយ ៕
Source from: www.dtn7.com

Loading...
Loading...