កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣កន្លងមក ក្រុមការងារគណបក្សសង្គ្រោះជាតិនៅខេត្តបាត់ដំបង បានចុះទៅពិនិត្យមើលដោយផ្ទាល់នូវទីតាំងចិញ្ចឹមត្រីមួយកន្លែង ក្នុងភូមិព្រែកទ្រព្យ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ដោយបានរកឃើញថា មានជនជាតិវៀតណាមធ្វើសកម្មភាពចិញ្ចឹមត្រីឆ្តោ ផ្ទុយទៅនឹងសេចក្តីប្រកាសណែនាំរបស់រាជរដ្ឋាភិបាល ដែលមិនអនុញ្ញាតឲ្យមានការចិញ្ចឹមប្រភេទត្រីឆ្តោនេះឡើយ ។
ក្រុមការងារគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ឲ្យដឹងថា ការចិញ្ចឹមត្រីឆ្តោនេះ គឺយកកូនត្រីទុកធ្វើជាចំណីរបស់វា ដែលក្នុងមួយថ្ងៃអាចត្រូវចំណាយកូនត្រីអស់ចំនួនប្រមាណ១តោណ និងអាចលើសពីនេះទៀតទៅតាមអាយុនិងទម្ងន់ត្រីត្តោដែលចិញ្ចឹម ជាហេតុធ្វើឲ្យមច្ឆាជាតិ ជាពិសេសពូជកូនត្រីនៅកម្ពុជាអាចនឹងប្រឈមវិនាសហិនហោចអស់ពីក្នុងទន្លេ ស្ទឹង បឹងបួរនាពេលអនាគត។
ក្នុងការចុះត្រួតពិនិត្យមើលឲ្យឃើញជាក់ស្តែងនូវទីតាំងចិញ្ចឹមត្រីឆ្តោខុសច្បាប់របស់ជនជាតិវៀតណាមពីសំណាក់ក្រុមការងារគណបក្សសង្គ្រោះជាតិនោះ គឺម្ចាស់ស្រះចិញ្ចឹមត្រីដែលជាជនជាតិវៀតណាមបានបញ្ចេញឫកពាមិនគោរពសិទ្ធិដល់អាជ្ញាធរមូលដ្ឋាន និងថែមទាំងជេរប្រទេចប្រមាថមកលើក្រុមការងារគណបក្សសង្គ្រោះជាតិយ៉ាងចាស់ដៃទៀតផង ។
សូមឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទើបឡើងកាន់មុខតំណែងថ្មីមេត្តាចាត់មន្ត្រីជំនាញស្អាតស្អំឲ្យចុះត្រួតពិនិត្យមើលសកម្មភាពចិញ្ចឹមត្រីឆ្តោខុសច្បាប់នៅស្រុកឯកភ្នំ ខេត្តបាត់ដំបងនោះផង ហើយកុំសូវទុកចិត្តទាំងស្រុងទៅលើឯកឧត្តមបណ្ឌិតឧកញ៉ា ណៅ ធួក ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលនោះខ្លាំងពេក ពីព្រោះឯកឧត្តមប្រធានរដ្ឋបាលជលផលដុះស្លែរូបនេះល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយរាប់ឆ្នាំមកហើយក្នុងវិស័យជលផល នៃព្រះរាជាណាចក្រកម្ពុជា ៕
Source from: www.dtn7.com

Loading...
Loading...