ខេត្តព្រះសីហនុ ៖ មេបញ្ជាការកងរាជអាវុធហត្ថ ស្នាក់ការសន្តិសុខ កែវផុស បាននាំកូនចៅ ទៅផឹកស៊ី និងច្រៀងខារ៉ាអូខេ ក្នុងអាហារដ្ឋាន តន្ត្រីម្ចាស់ចិត្ត នៅចំណុចជាប់ របងមន្ទីរពេទ្យបង្អែកខេត្ត ស្ថិតនៅក្រុម២ ភូមិ៤ សង្កាត់លេខ៤ក្រុងខេត្តព្រះសីហនុ ក៏មានរឿងរ៉ាវឈ្លោះប្រកែកជាមួយ ភ្ញៀវដែលអង្គុយក្បែរគ្នា ស្រាប់តែឮស្នូផ្ទុះអាវុធ ត្រូវខ្លួនឯងហូរឈាមស្រោចខ្លួន និងបានស្លាប់បាត់បង់ជីវិត ខណៈបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ កាលពីវេលាម៉ោង ២៣និង១៥ នាទីយប់ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៣។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ពៅ សុធារ័ត្ន ឋានៈអនុសេនីយ៍ឯក អាយុ ៤៦ឆ្នាំ ជាមេបញ្ជាការកងរាជអាវុធហត្ថ ស្នាក់ការសន្តិសុខកែវផុស។ សាក្សីបានឱ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះ រួមជាមួយកូនចៅ បានអង្គុយហូបស្រាបៀរ និងច្រៀងខារ៉ាអូខេ ក្នុងអាហារដ្ឋាន តន្ត្រីម្ចាស់ចិត្ត ។ បន្ទាប់មកកូនចៅជនរងគ្រោះ បានចាកចេញអស់មួយចំនួន ហើយពេលនោះជនរងគ្រោះ មានការឈ្លោះប្រកែក ជាមួយភ្ញៀវដែលមានតុក្បែរគ្នា រហូតប្រតាយប្រតប់។
ក្រោយមកមិនដឹងជាមូលហេតុអ្វី ស្រាប់តែកាំភ្លើងរបស់ ជនរងគ្រោះម៉ាកកា៥៤ បានផ្ទុះឡើង ១គ្រាប់ បណ្តាលឱ្យចំមាត់ជនរងគ្រោះ រួចធ្លាយទៅក្រោយក្បាល ធ្វើឱ្យជនរងគ្រោះ ដេកដួលសន្លប់ហូរឈាមស្រោចខ្លួន។ ជនរងគ្រោះត្រូវបាន បញ្ជូនតាមរថយន្តផ្ទាល់ខ្លួន យកទៅសង្គ្រោះនៅមន្ទីរពេទ្យ តែជាអកុសល ជនរងគ្រោះ បានដាច់ខ្យល់ស្លាប់តាមផ្លូវ បាត់ទៅហើយ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួន មនុស្សពាក់ព័ន្ធមួយចំនួន ព្រមទាំងស្ត្រីដែលជា ម្ចាស់ហាងដើម្បីសួរនាំ តែមិនទាន់មាននរណាម្នាក់ ហ៊ានអះអាងពីមូលហេតុអ្វី ពិតប្រាកដនៅឡើយទេ៕
Source from: watphnom-news.com

Loading...
Loading...