មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ធ្វើឲ្យផ្អើលក្រុងបាត់ដំបង គឺបុរសស្រវឹងស្រាម្នាក់បើកបររថយន្តទំនើបម៉ាក Range Rover មួយគ្រឿងគ្មានពាក់ស្លាកលេខ ក្នុងល្បឿនលឿនដូចហោះ រហូតដល់បែកកង់ក្រោយក៏រេចង្កូតទៅបុករះម៉ូតូ កង់ និងអ្នកដំណើរតាមដងផ្លូវ បណ្តាលឲ្យដួលរងរបួសធ្ងន់ស្រាលចំនួន៦នាក់ ក្នុងនោះមានជនជាតិបរទេសផង កាលពីវេលាម៉ោង១៧និង២៥នាទីល្ងាច ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៣កន្លងមក នៅចំណុចផ្លូវជាតិលេខ៥ ក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
សាក្សីដែលបានឃើញហេតុការណ៍បានឲ្យដឹងថា អ្នកបើកបររថយន្តទំនើបម៉ាក Range Rover ពណ៌ស ស៊េរីឆ្នាំ២០០៧ អត់មានពាក់ស្លាកលេខ មានឈ្មោះ ម៉ក់ សុពណ៌ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ឋិតក្នុងស្ថានភាពស្រវឹង ដំបូងបានបើកបុកអ្នកជិះកង់ឈ្មោះ Alleovae ភេទស្រី អាយុ២៨ឆ្នាំ ជាជនជាតិបារាំង របួសបាក់ឆ្អឹងកជើងឆ្វេង និងជាំហើមក្រោមភ្នែកខាងស្តាំ នៅត្រង់ចំណុចមុខសណ្ឋាគារគ្រីនផាក ក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង បន្តមកទៀតក៏បានបើកបុកអ្នកជិះម៉ូតូ២គ្រឿង បណ្តាលឲ្យរងរបួសស្រាល តែមិនបានស្រង់សាវតាទាន់ទេ ព្រោះប្រញាប់បញ្ជូនទៅមន្ទីរពេទ្យ ។ បន្តមក រថយន្តបង្កក៏បានព្យាយាមបើករត់ ក៏ជ្រុលទៅបុកអ្នកជិះម៉ូតូឌុបគ្នាម្តាយនិងកូន មានឈ្មោះ ហេង ឆីឃាង ភេទប្រុស អាយុ៣៧ឆ្នាំ ជាកូនងរបួសស្រាល និងម្តាយឈ្មោះ លីម គឹមអេង អាយុ៦២ឆ្នាំ ជាម្តាយ រងរបួសធ្ងន់ ខណៈអ្នកទាំង២កំពុងជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៤ នៅតាមផ្លូវសាធារណៈ ។ រថយន្តបង្កមិនទាន់បញ្ចប់ល្បឿនរបស់ខ្លួនទេ ក៏បានបន្តទៅបុកជនរងគ្រោះម្នាក់ទៀតឈ្មោះ ចាន់ ម៉ារី ភេទប្រុស អាយុ១៧ឆ្នាំ បណ្តាលឲ្យរបួសជើងឆ្វេងយ៉ាងធ្ងន់ធ្ងរ ខណៈជនរងគ្រោះកំពុងជិះម៉ូតូម៉ាកហុងដាឌ្រីមស៊េរី ឆ្នាំ២០០៩នៅតាមផ្លូវ ។
ចំណុចគួរឲ្យចាប់អារម្មណ៍នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ គឺម្ចាស់រថយន្តបង្កបន្ទាប់ពីបានបើកបរបុករះធ្វើឲ្យមនុស្សរងរបួសធ្ងន់ស្រាលចំនួន៦នាក់ រួមទាំងមានជនជាតិបរទេសរួចហើយផងនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានតែមួយប៉ព្រិចភ្នែក ក៏ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ ដោយទាំងមិនកសាងសំណុំរឿងផង តាមការអន្តរាគមន៍ពីអ្នកមានអំណាច ។ លើសពីនេះ ម្ចាស់រថយន្តបង្កនៅពេលដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួននោះ គឺបានបញ្ចេញឫកពាក្រអឺតក្រទមដាក់សមត្ថកិច្ចថែមទៀតផង ។
ក្រុមប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយអ្នកបើកបររថយន្តទំនើបម៉ាក Range Rover ខាងលើនេះ បានបញ្ចេញនូវមតិរិះគន់យ៉ាងខ្លាំងទៅដល់សមត្ថកិច្ចដែលបានស្តាប់តាមការអន្តរាគមន៍ពីអ្នកធំ អ្នកមានអំណាច រួចហើយធ្វើការដោះលែងជនបង្កដោយមិនកសាងសំណុំរឿងតាមនីតិវិធី ខណៈដែលជនរងគ្រោះមានជនជាតិបរទេសផង ជាហេតុធ្វើឲ្យទាំងពលរដ្ឋខ្មែរ ទាំងពលរដ្ឋបរទេសមើលឃើញថា កម្ពុជាអនុវត្តន៍នូវវប្បធម៌នៃការមិនគោរពច្បាប់ទាល់តែសោះ ៕
Source from: www.dtn7.com

Loading...
Loading...