មន្ត្រីនិងបុគ្គលិកគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលជាគណបក្សនយោបាយសម្ព័ន្ធមិត្ត និងដង្ហែគាំទ្រគណបក្សប្រជាជនកម្ពុជា បានត្អូញត្អែរអំពីរឿងគណបក្សហ្វ៊ុនស៊ិនប៉ិចជំពាក់ប្រាក់ខែពួកគាត់ប្រមាណ១០០នាក់ ជិត១ឆ្នាំហើយ ដោយគិតចាប់ពីខែកុម្ភៈឆ្នាំ២០១៣ មុនពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥មកម្ល៉េះ ។
ក្រុមមន្ត្រីនិងបុគ្គលិកគណបក្សហ្វ៊ុនស៊ិនប៉ិចបានរៀបរាប់ឲ្យដឹងថា ពួកគាត់ដែលមានចំនួនប្រមាណ១០០នាក់បម្រើការងារនៅផ្នែកផ្សេងៗគ្នា នៅទីស្នាក់ការគណបក្សហ្វ៊ុនស៊ិនប៉ិចទទួលបានប្រាក់ខែត្រឹមចំនួនពី៦០ដុល្លារអាមេរិកទៅដល់១០០ដុល្លារអាមេរិកប៉ុណ្ណោះ ប៉ុន្តែពួកគាត់ត្រូវការប្រាក់ខែទាំងនោះដើម្បីផ្គត់ផ្គង់ទ្រទ្រង់ជីវភាពជាចាំបាច់ ។
មន្ត្រី និងបុគ្គលិកគណបក្សហ្វ៊ុនស៊ិនប៉ិច បានសំណូមពរឲ្យថ្នាក់ដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិចមេត្តាជួយដោះស្រាយបើកផ្តល់ប្រាក់ខែជូនដល់ពួកគាត់ដែលកំពុងខ្វះខាតក្នុងជីវភាពផង ហើយក៏សំណូមពរកុំឲ្យមានការកាត់ប្រាក់ខែដែលធ្លាប់កាត់ចំនួន១ម៉ឺនរៀលក្នុងម្នាក់ៗ នៅរាល់ពេលបើកប្រាក់ខែនោះផង ដ្បិតឥឡូវពួកគាត់កំពុងរស់នៅដោយសារខ្ចីប្រាក់គេយកមកផ្គត់ផ្អង់ជីវភាពប្រចាំថ្ងៃប៉ុណ្ណោះ ។
សូមបញ្ជាក់ជូនថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥នេះ គណបក្សហ្វ៊ុនស៊ិនប៉ិចមិនទទួលបានអាសនៈនៅក្នុងរដ្ឋសភាទេ ហើយគណបក្សនយោបាយដែលជាគណបក្សសម្ព័ន្ធមិត្តជាមួយគណបក្សប្រជាជនកម្ពុជាអស់រយៈពេលមកនោះ បច្ចុប្បន្នប្រៀបប្រដូចបានទៅនឹង "បុប្ផារុះរោយ" ទោះបីថ្នាក់ដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិចខ្លះត្រូវបានគណបក្សប្រជាជនកម្ពុជាផ្តល់តំណែងជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី ដូចជាឯកឧត្តម នាយឧត្តមផ្កាយមាស៤ ញឹក ប៊ុនឆៃ និងមានឋានៈជាអនុរដ្ឋលេខាធិការតាមបណ្តាក្រសួងមួយចំនួនទៀតក៏ដោយ ៕
Source from: www.dtn7.com

Loading...
Loading...