ក្បាលអូសសាឡង់ដឹកស៊ីម៉ងត៍ បុកពន្លិចទូកនេសាទ ស្លាប់មនុស្ស ៣នាក់យ៉ាងវេទនាបំផុត
ខេត្តព្រះសីហនុ ៖ មនុស្សចំនួន ៣ នាក់បានស្លាប់ យ៉ាងអាណោចអាធ័មបំផុត ក្នុងហេតុការណ៍ដែល ទូកនេសាទរបស់ពួកគេ ត្រូវក្បាលអូសសាឡង់ ដឹកស៊ីម៉ងត៍ បុកពន្លិច នៅកណ្តាលលំហសមុទ្រ ហើយត្រូវបានគេរកឃើញ និងអូសមកកាន់ដីគោក នៅតំបន់ផែកំពេញ ស្រុកស្ទឹងហាវ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៤នេះ ។
បន្ទាប់ពីស្រង់ទូកបានរួចមក បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ច បានប្រើប្រាស់ រយៈពេលពីរថ្ងៃ ដើម្បីស្វែងរក សពកូនដៃទូក ដែលជាប់នៅក្នុងទូក បើគិតចាប់តាំង ពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៤ រហូតមកដល់ ម៉ោង៨ ព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤ គឺសពជនរងគ្រោះទាំង ៣នាក់ ត្រូវបានរកឃើញហើយ ដោយស្លាប់យ៉ាងអាណោចអាធ័ម គៀបជាប់និងដងឡាបទូក និងខ្លះទៀត គៀបជាប់ក្រោមម៉ាស៊ីនទូក ។
លោក ជួន ម៉េង រស់នៅស្រុកស្ទឹងហាវ ដែលជាម្ចាស់ទូកនេសាទ រងគ្រោះខាងលើ បានប្រាប់ថា ទូកនេសាទរបស់គាត់ ជាប្រភេទធុនធំ មានស្លាកលេខ ១០៤៤ (ព្រះនាម ដាវឡុង) ហើយនៅលើទូក មានកម្មករសរុបចំនួន ៥ នាក់ ដោយកម្មករទូកចំនូន ៣នាក់ បានលិចស្លាប់ ទៅជាមួយទូកនោះ មានឈ្មោះ ១-សឿង ស៊ាន់ អាយុ ២៨ ឆ្នាំ, ទី២ ឈ្មោះ រ៉ា ប៉ោក អាយុ ១៧ ឆ្នាំ, ទី៣ ឈ្មោះ ឌុក ក្តៀន ភេទប្រុស អាយុ ១៩ឆ្នាំ ។ ចំណែកកម្មករដែលរួចផុ តពីសេចក្តីស្លាប់ មានឈ្មោះ ទូច ឆាយ អាយុ ២៤ ឆ្នាំ ជាអ្នកបើកទូក និង ឈ្មោះ ហ៊ាង អាយុ ២០ឆ្នាំ ។
លោក ជួន ម៉េង បានបញ្ជាក់ប្រាប់ទៀតថា ទូកនេសាទរបស់គាត់ ត្រូវក្បាលអូសសាឡង់ ដឹកស៊ីម៉ងត៍ ឈ្មោះ MS.TRANSPORT៥ (អូសសាឡង់ចំនូន ៦គ្រឿង ផ្ទុកដោយស៊ីម៉ងត៍ពេញ) មានកម្មករចំនូន ១៥នាក់ បានបុកបណ្តាលឲ្យលិច ក្នុងខណៈដែលកំពុង ធ្វើការនេសាទ ត្រង់ចំណុចតំបន់ខាងមុខ កោះថ្មស ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅវេលាម៉ោង ២១ យប់ ថ្ងៃទី ២៣ ខែ មករា ២០១៤ ដែលបណ្តាល ឲ្យកម្មករទូកចំនូន ៣នាក់ ត្រូវបានលិចស្លាប់ ទៅជាមួយទូក និង ២នាក់ រួចផុតពីសេចក្តីស្លាប់។
ចំណែកក្បាលអូសសាឡង់ បង្កហេតុ ដែលបុកទូក ក្រោយពេលកើតហេតុភ្លាមៗ បានព្យាយាម បើករត់គេចខ្លួន រហូតទៅដល់ចំណុច ទឹកដីស្រុកស្រែអំបិល ខេត្តកោះកុង ទើបត្រូវសមត្ថកិច្ច នគរបាល ស្រុកស្រែអំបិល ស្ទាក់ចាប់បាន។ ក្បាលអូសសាឡង់បង្កហេតុ មានអ្នកបើកបរ ចំនូន ២នាក់ រួមមានឈ្មោះ បេ ធី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិថែ និងឈ្មោះ ជីឡាយ យុទ្ធសង ភេទប្រុស អាយុ ២៦ឆ្នាំ រីឯម្ចាស់សាឡង់ ឈ្មោះ វិត នាលី រស់នៅ ភូមិស្មាច់តូច ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ៕
Source from: watphnom-news.com

Loading...
Loading...