ចេញពីហូបការត្រូវឡានទំនើបបើកបុក អូសជាង ១០០ម៉ែត្រ ស្លាប់ពេលបញ្ជូនដល់ពេទ្យ
រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលទើបតែ ជិះម៉ូតូចេញពីហូបការ ត្រូវរថយន្តធុនដ្រា បើកបុកអូសជាង ១០០ ម៉ែត្រ កាលពីវេលាម៉ោង ១០និង៣០ នាទីយប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤ នៅត្រង់ចំណុច ស្តុបសណ្ឋាគារ ឡុងប៊ិចប្លាហ្សា តាមបណ្ដោយផ្លូវ២៨៩ កែងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក បណ្តាលឲ្យរងរបួសធ្ងន់ ហើយរថយន្តបង្ក បានបើករត់គេច ដោយសុវត្ថិភាព។
ជនរងគ្រោះមានឈ្មោះ ម៉ូវ ស៊ាងឡាយ អាយុ ២៦ឆ្នាំ បានជិះម៉ូតូ ម៉ាកស្មាស់វី មួយគ្រឿង ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BR-5971 ធ្វើដំណើរតាម បណ្ដោយផ្លូវ៥២៨ ក្នុងទិសដៅពីកើតទៅលិច ក្នុងបំណងឆ្លងស្តុប សណ្ឋាគារឡុងប៊ិចប្លាហ្សា ខណៈនោះក៏មានរថយន្ត ម៉ាកធុនដ្រាមួយគ្រឿងពណ៌ស តែមិនចាំស្លាកលេខ បានធ្វើដំណើរតាម បណ្ដោយផ្លូវ២៨៩ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ជ្រុលទៅបុក ម៉ូតូចំពីមុខយ៉ាងពេញទំហឹង អូសម៉ូតូទាំងអ្នកបើកចម្ងាយ ជាង១០០ម៉ែត្រ ទើបម៉ូតូខ្ទាតចេញពីរថយន្ត។
ក្រោយពេលកើតហេតុ រថយន្តសាមុយ បានមកដឹកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះអាយុជីវិត ក៏ប៉ុន្តែនៅពេល ដល់មន្ទីរពេទ្យ ជនរងគ្រោះបាន ដាច់ខ្យល់ស្លាប់ យ៉ាងអាណោចអាធ័មបំផុត ។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះមកអន្តរាគមន៍ និងវាស់វែងយកម៉ូតូ ទៅរក្សាទុកនៅ អធិការដ្ឋាននគរបាល ខណ្ឌទួលគោក រង់ចាំការស្រាវជ្រាវ រករថយន្តបង្កខាងលើនេះ មកដោះស្រាយ ហើយសពជនរងគ្រោះ ត្រូវសមត្ថកិច្ចប្រគល់ ទៅឱ្យក្រុមគ្រួសារយកទៅ រៀបចំធ្វើបុណ្យតាមប្រពៃណី ៕
Source from: watphnom-news.com

Loading...
Loading...