លោកនាយកសាលាចេញពីហូបការជិះម៉ូតូកញ្ចាស់ ត្រូវរថយន្តបុកពីក្រោយរងរបួសធ្ងន់
ខេត្តបាត់ដំបង ៖ នាយកសាលាមតេ្តយ្យរំជៃ ពេលជិះម៉ូតូចេញពីហូបការ ធ្វើដំណើរតាមផ្លូវជាតិ លេខ៥៧អា ក្នុងទិសដៅពីកើតទៅលិច ត្រូវរថយន្តកាមរីបើកស្របទិសគ្នា បុកពីក្រោយបណ្តាលអោយ រងរបួសធ្ងន់ ហើយរថយន្តបង្កហេតុបានបើកគេចខ្លួនបាត់ កាលពីវេលាម៉ោង ១៤និង៣០ នាទីរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៤ នៅចំណុចផ្លូវកោងមុខវត្តរំជៃ ស្ថិតក្នុងភូមិបឹងចែង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
នគរបាលស្រុកបាណន់ បានអោយដឹងថា បុរសរងគ្រោះមានឈ្មោះ ឡា លី អាយុ ៥៣ឆ្នាំជានាយកសាលាមត្តេយ្យរំជៃ រងបួសធ្ងន់ត្រូវជើងស្តាំ ដងខ្លួន និងបែកថ្ងាសខាងស្តាំ មានទីលំនៅ ក្នុងភូមិបឹងចែងឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។ ជនរងគ្រោះជិះម៉ូតូម៉ាក សង់ស៊េរីឆ្នាំ១៩៩៨ ពណ៌ព្រីងទុំ ពាក់ស្លាកលេខ បាត់ដំបង ១I-៣៣៥០ និងរថយន្តបង្កម៉ាកកាមរី ពណ៌ស ពាក់ស្លាកលេខ ២A-២២២៨ បានបើករត់គេច បាត់ស្រមោល។
សាក្សីបានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានទៅហូបការ នៅផ្សារស្នឹង រួចក៏ត្រឡប់មកផ្ទះវិញ ដោយបើកម៉ូតូមកផ្ទះម្នាក់ឯង ពេលមកដល់ចំណុចកើតហេតុ ជាផ្លូវកោងនិងមានជង្ហុក ក៏មានរថយន្តបើកមកពីក្រោយយ៉ាងលឿន ជ្រុលទៅបុកម៉ូតូដួល និងរងរបួសធ្ងន់។ នគរបាលស្រុកបាណន់ បានបញ្ជាក់ថា ក្រោយពេលសមត្ថកិច្ច ទៅដល់កន្លែងកើតហេតុ បានធ្វើការវាស់វែង និងចាត់ចែងដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ហើយតាមរករថយន្តបង្ក ដើម្បីចាត់ការតាមផ្លូវច្បាប់ តែរកមិនឃើញ៕ ដោយ សុខជា
Source from: watphnom-news.com

Loading...
Loading...