លោក អ៊ុង ដារ៉ា និងលោក ប៊ូ ចេងងួន សម្ងំប្រមូលលុយពីដេប៉ូ និងការដឹកជញ្ជូនឈើចេញទៅវៀតណាម មិនដែលអើពើបង្ក្រាបម្តងណាឡើយ
ខេត្តកណ្តាល ៖ ភាពអនាធិបតេយ្យក្នុងការ ដឹកជញ្ជូនឈើប្រណីតខុសច្បាប់ ឆ្លងកាត់ទឹកដីក្រុងតាខ្មៅ តាមផ្លូវជាតិលេខ ២-២១-១១០-៣ ឆ្ពោះទៅប្រទេសវៀតណាម ទាំងថ្ងៃទាំងយប់ របស់ក្រុមឈ្មួញធំៗ កំពុងដំណើរការយ៉ាងរលូន គ្មានខ្លាចញញើត សមត្ថកិច្ចពាក់ព័ន្ធណាម្នាក់នោះទេ ជាពិសេសគឺជំនាញ រដ្ឋបាលព្រៃឈើនេះតែម្តង។
បើតាមប្រភពរាយការណ៍ ពីក្រុមអ្នករកស៊ីដឹកជញ្ជូនឈើ តូចតាចម្នាក់បានបង្ហើបឲ្យដឹងថា ជារៀងរាល់ថ្ងៃ ភាពអនាធិបតេយ្យ របស់ក្រុមឈ្មួញធំៗដុះស្លែ បានរកស៊ីដឹកជញ្ជូន ឈើប្រណីតខុសច្បាប់ តាមផ្លូវជាតិដូចខាងលើនេះ តាមរថយន្តទំនើបៗ ឬតាមរថយន្តកូរ៉េ ដោយ បង្កប់ក្នុងទំនិញផ្សេងៗ ចុះទៅប្រទេសវៀតណាម ទាំងថ្ងៃទាំងយប់ដោយមិនមាន សមត្ថកិច្ច ជំនាញរដ្ឋបាលព្រៃឈើ ក្រុងតាខ្មៅ ធ្វើការបង្ក្រាបឡើយ។
គេសង្កេតឃើញតែលោក អ៊ុង ដារ៉ា និងលោក ប៊ូ ចេងងួន នាយ និងនាយរង រដ្ឋបាលព្រៃឈើ ក្រុងតាខ្មៅ ចុះល្បាតរាប់ក្បាលឡាន ឲ្យចូលបង់លុយតែប៉ុណ្ណោះ មិនខ្វល់ខ្វាយពីការបង្ក្រាបទេ។ ការដឹកជញ្ជូនឈើ យ៉ាងរលូនតាមផ្លូវជាតិលេខ ២ – ៣ – ២១ – ១១០ ចូលទៅប្រទេសវៀតណាម អាចដំណើរការទាំងថ្ងៃទាំងយប់ របស់ក្រុមឈ្មួញធំៗដុះស្លែ យ៉ាងគគ្រឹកគគ្រេងបែបនេះ ដោយសារតែ មានការឃុបឃិត បើកដៃពីលោក អ៊ុង ដារ៉ា និងលោក ប៊ូ ចេងងួន តែម្តង។
សកម្មភាពដឹកជញ្ជូន ឈើប្រណីតដ៏មានតម្លៃ របស់ក្រុមឈ្មួញធំៗដុះស្លែ មិនដែលមាននរណាហ៊ានប៉ះពាល់ ក៏ព្រោះតែឈ្មួញទាំងនោះ ស្គាល់ចិត្តលោក អ៊ុង ដារ៉ា និងលោក ប៊ូ ចេងងួន យ៉ាងច្បាស់ដោយគ្រាន់តែចូលខ្លួន បង់លុយថ្លៃក្បាលឡាន អាចធ្វើសកម្មភាព ដឹកជញ្ជូនឈើខុសច្បាប់ ម៉ាសេរី ដោយគ្មានអ្វីមករំខានទេ។ ចំពោះរថយន្តធំៗដឹកឈើ ចូលតាមដេប៉ូលក់ឈើ តាមកន្លែងនីមួយៗ ក៏ត្រូវបង់លុយជូនលោក អ៊ុង ដារ៉ា ក្នុងមួយរថយន្តចាប់ពី ១៥០ដុល្លារទៅ ២៥០ដុល្លារ តាម រថយន្តតូចឬធំ ជាថ្នូរនៃការមិនពិនិត្យ ឯកសារផ្សេងៗ។
ចំពោះម្ចាស់ដេប៉ូលក់ឈើនីមួយៗ ក៏ត្រូវបង់លុយឲ្យលោក អ៊ុង ដារ៉ា ផងដែរដោយ មានការតម្រូវឲ្យម្ចាស់ដេប៉ូលក់ឈើ ទាំងតូចទាំងធំចូលមកបង់ឲ្យលុយ ក្នុងមួយខែចាប់ពី ២៥០ដុល្លារទៅ៣០០ ដុល្លារក្នុងមួយខែ បើសិនម្ចាស់ដេប៉ូលក់ឈើណាមួយ មិនព្រមចូលមកបង់លុយ គឺលោក អ៊ុង ដារ៉ា តែងតែចុះធ្វើការ ត្រួតពិនិត្យជារៀងរាល់ថ្ងៃ ដោយសំអាងថា ម្ចាស់ដេប៉ូលក់ឈើទាំងនោះមិនមានច្បាប់ត្រឹមត្រូវ ហើយមិនអនុញ្ញាតឲ្យបើកលក់ឈើបានទេ តែបើព្រមបង់លុយប្រចាំខែ ទៅតាមការទាមទារ គឺអាចបើកលក់ឈើម៉ាសេរី។
ពាក់ព័ន្ធនឹងករណីលោក អ៊ុង ដារ៉ា នាយសង្កាត់រដ្ឋបាលព្រៃឈើ ក្រុងតាខ្មៅ បានគាបសង្កត់ទៅលើ ម្ចាស់ដេប៉ូលក់ឈើ ឲ្យបង់លុយយ៉ាងច្រើនក្នុងមួយខែៗ និងឃុបឃិតបើកដៃ ឲ្យក្រុម ឈ្មួញធំៗដុះស្លែ រកស៊ីដឹកជញ្ជូន ឈើប្រណីតខុសច្បាប់ ចុះទៅប្រទេសវៀតណាម តាមផ្លូវលេខ ២ – ៣ – ២១ -១១០ យ៉ាងគគ្រឹកគគ្រេងនោះ មិនទាន់អាចទំនាក់ទំនងសុំការបំភ្លឺ បានទេ៕ ដោយ ព្រះច័ន្ទ
Source from: watphnom-news.com

Loading...
Loading...