ស្នងការខេត្តស្ទឹងត្រែង មិនហ៊ានហើបមាត់ រឿងដែលលោក ស៊ុន នូសិទ្ធ ប្រើស្បែកជានគរបាល ទៅប្រមូលលុយពីជំនួញឈើខុសច្បាប់
ខេត្តស្ទឹងត្រែង ៖ បច្ចុប្បន្ននេះ សកម្មភាពដឹកជញ្ជូនឈើ ទាំងតាមផ្លូវទឹក និងតាមផ្លូវគោកឆ្លងកាត់ ទឹកដីខេត្តស្ទឹងត្រែង នៅតែបន្តកើតមាន យ៉ាងគគ្រឹកគគ្រេង គ្មាននរណាអើពើបង្ក្រាបនោះទេ ព្រោះអ្នករកស៊ីដឹកជញ្ជូនឈើ ខុសច្បាប់ជាច្រើនសុទ្ធតែជ្រកក្រោមស្បែក ជាកម្លាំងប្រដាប់អាវុធ ដូចជាលោក ស៊ុន នូសិទ្ធ មានឋានៈជា អនុប្រធានការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តស្ទឹងត្រែង មិនត្រឹមតែសកម្ម ក្នុងការប្រមូលលុយពីក្រុមឈ្មួញរកស៊ី ដឹកជញ្ជូនឈើប៉ុណ្ណោះទេ គឺគាត់បានក្លាយជា មេឈ្មួញរកស៊ីដឹកជញ្ជូនឈើប្រណីត ក៏ដូចជាជួយសម្របសម្រួល ការដឹកជញ្ជូនឈើ របស់ក្រុមឈ្មួញ គ្មានក្រែងញញើតពី ច្បាប់ទម្លាប់អ្វីឡើយ។
លោក ស៊ុន នូសិទ្ធ ល្បីឈ្មោះជាយូរមកហើយ ក្នុងការកាងជំនួញឈើខុសច្បាប់ ឲ្យឈ្មួញទាំងតូចទាំងធំ មិនដែលមានផលរមាស់អ្វីទេ ក៏ព្រោះតែលោក ស៊ុន នូសិទ្ធ មានទំនាក់ទំនងល្អ ជាមួយជំនាញ រដ្ឋបាលព្រៃឈើ របស់លោក អ៊ីវ ឯកសាវត្តី ហើយជាញឹកញាប់ ឈ្មួញធំៗបានពឹងអាស្រ័យ ឲ្យលោក ស៊ុន នូសិទ្ធ ជួយកាងក្បួនឡាន ដឹកជញ្ជូនឈើ របស់ពួកគេ ឆ្លងកាត់ទឹកដី ខេត្តស្ទឹងត្រែង ។ ក្នុងនាមជាអ្នករត់ការ ឲ្យក្រុមឈ្មួញរកស៊ី ដឹកជញ្ជូនឈើខុសច្បាប់ លោក ស៊ុន នូសិទ្ធ បានប្រើអំណាច និងស្បែកជានគរបាលសេដ្ឋកិច្ច ក្នុងការបែងចែកផលប្រយោជន៍ ឲ្យសមត្ថកិច្ច និងមន្ត្រីជំនាញតាមដងផ្លូវ ច្រើនស្អេកស្កះ ហើយមន្ត្រីមួយចំនួន ចេះតែមានការយោគយល់ ក្នុងនាមជាកងកម្លាំង ប្រដាប់អាវុធដូចគ្នា។
ប្រភពចំណូលរបស់លោក ស៊ុន នូសិទ្ធ មានច្រើនណាស់ ដូចជាការចាត់តាំងមន្ត្រីនគរបាល ក្រោមឱវាទឲ្យចុះដាក់ ប៉ុស្តិ៍ជជុះយ៉ាងប្រសេចប្រសាច តាមដងផ្លូវប្រមូលលុយពីឡាន ដឹកជញ្ជូនឈើខុសច្បាប់ យកលុយច្រកហោប៉ៅ ហើយសម្រាប់ការជួយសម្របសម្រួលរត់ការ ឲ្យក្រុមឈ្មួញធំៗ ដឹកជញ្ជូនឈើឆ្លងកាត់ ខេត្តស្ទឹងត្រែង បានដោយរលូនល្អ គ្មានឧបសគ្គក៏លោក ស៊ុន នូសិទ្ធ ទទួលបានផលប្រយោជន៍ ច្រើនជាងថ្នាក់លើ របស់គាត់ទៅទៀត។ នេះមិនទាន់គិតដល់ ករណីដែលលោក ស៊ុន នូសិទ្ធ រកស៊ីដឹកជញ្ជូនឈើ ខុសច្បាប់ផ្ទាល់ខ្លួន នៅឡើយទេ ព្រោះរៀងរាល់ថ្ងៃ គេសង្កេតឃើញលោក ស៊ុន នូសិទ្ធ មានវត្តមានបើករថយន្ត នាំមុខឡានដឹកឈើម្តងៗ ៥ទៅ១០ គ្រឿង មកពីស្រុកថាឡាបរិវ៉ាត់ ឆ្លងតាមសាឡាង ចូលក្នុងខេត្តស្ទឹងត្រែង។
រំលឹកដល់សកម្មភាព នៃរថយន្តទំនើបម៉ាកធុនត្រា ពណ៌ខ្មៅ ដែលដឹកជញ្ជូនឈើចូលខេត្តស្ទឹងត្រែង រៀងរាល់យប់ថ្ងៃ គឺលោក ស៊ុន នូសិទ្ធ ចេញមុខរត់ការ គ្មានលស់ជើងណាមួយឡើយ ហើយនៅពេល ក្រុមអ្នកកាសែតមួយចំនួន សួរនាំពីសកម្មភាព ដឹកជញ្ជូនឈើខុសច្បាប់ ជាប់ជាប្រចាំលោក ស៊ុន នូសិទ្ធ តែងតែដើរអួតអាងថា គាត់ដឹកឈើយកទៅឲ្យ មេសង់ផ្ទះ។ គេមិនច្បាស់ទេថា តើថ្នាក់លើរបស់លោក ស៊ុន នូសិទ្ធ ត្រូវប្រើឈើសង់ផ្ទះ ប៉ុន្មានរយម៉ែត្រគូបនោះទេ ព្រោះរាប់ឆ្នាំមកហើយដែល ស៊ុន នូសិទ្ធ ដឹកជញ្ជូនឈើ យ៉ាងអនាធិបតេយ្យ មិនដែលមាននរណា ហ៊ានប៉ះពាល់ ជាពិសេសការប្រើស្បែកជា នគរបាលសេដ្ឋកិច្ច ប្រមូលលុយពីរកស៊ី ដឹកជញ្ជូនឈើខុសច្បាប់ គេមិនដែលឃើញលោក ម៉ៅ តារា ជាស្នងការនគរបាល ខេត្តស្ទឹងត្រែង ឮមាត់ឮកម្តងណាឡើយ៕
Source from: watphnom-news.com

Loading...
Loading...