ប្តីប្រមឹកយកដំបងនិងកាំបិត វាយសំពងប្រពន្ធនិងគំរាមសម្លាប់ ដោយសារភ្លើងប្រចណ្ឌ
ខេត្តបន្ទាយមានជ័យ ៖ ជនប្រមឹកស្រវឹងខួបម្នាក់ បន្ទាប់ពីផឹកស្រាស្រវឹង បានយកដំបង វាយកូនយ៉ាងសាហាវ មិនអស់ចិត្តទាញកាំបិត យកទៅអារសក់ប្រពន្ធដាច់ខ្ទេច និងយកដំបងវាយប្រពន្ធ ដោយគ្មានក្តីអាណិតអាសូរ ហើយដោយសារតែ ប្រពន្ធស៊ូទ្រាំនឹងប្ដី វាយដំច្រំធាក់ពុំបាន ក៏រត់ទៅប្ដឹងប៉ូលិស អោយចុះមកធ្វើអន្តរាគមន៍ ចាប់ខ្លួនបុរសជាប្ដីប្រមឹក យកទៅដាក់អធិការដ្ឋាន នគរបាលស្រុកម៉ាឡៃ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ កាលពីវេលាម៉ោង ៧និង២០ នាទីយប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៤ នៅចំណុចភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
បុរសជាប្តីប្រមឹកមានឈ្មោះ លឹម ចន្ទ្រា អាយុ ៣៨ឆ្នាំ ចំណែកប្រពន្ធមានឈ្មោះ លឿម ដឹម អាយុ៤២ ឆ្នាំ គ្រួសារនេះ រស់នៅភូមិឃុំខាងលើ។ បើតាមការរៀបរាប់ពីស្ត្រី ជាប្រពន្ធបានឲ្យដឹងថា មុនពេលកើតហេតុ ប្ដីនាងសុំលុយចំនួន ២ពាន់រៀល យកទៅទិញស្រាផឹក លុះប្ដីប្រមឹកខួបរូបនោះ ទិញស្រាយកមកផឹករួច ទំនងជាស្រវឹង ហើយត្រឡប់មកដល់ផ្ទះវិញ បានរករឿង បង្កជម្លោះជាមួយប្រពន្ធ ហាក់បីដូចជាប្រចណ្ឌ ជាមួយនរណាម្នាក់។
ខណៈនោះស្ត្រីជាប្រពន្ធ ក៏បានតមាត់បង្កទៅជា ជម្លោះបន្តិចបន្តួច ស្រាប់តែប្ដីខឹងយ៉ាងខ្លាំង ក៏ស្ទុះយកដំបង ទៅវាយប្រពន្ធយ៉ាងសាហាវព្រៃផ្សៃ និងទាត់ធាក់នាងតាមអំពើចិត្ត មិនតែប៉ុណ្ណោះថែមទាំងយកកូនកាំបិត មកកាត់សក់ដាច់ខ្ទេច ហើយគំរាមបម្រុង សម្លាប់ប្រពន្ធចោល ថែមទៀតផង ។ ពេលនោះបុរសជាប្តី បានយកដំបងទៅវាយកូន ក៏ត្រូវអ្នកជិតខាង ចូលទៅជួយឃាត់ទាន់ពេល ចំណែកប្រពន្ធវិញ ដោយស៊ូទ្រាំនឹង អំពើវាយដំច្រំធាក់ ពីសំណាក់ប្ដីប្រមឹកលែងបាន ក៏រត់ទៅប្ដឹងសមត្ថកិច្ចតែម្តង៕
Source from: watphnom-news.com

Loading...
Loading...