លោក សាផុន វឌ្ឍនៈ ត្រូវជាកូនធម៌របស់លោក ម៉ម ប៊ុនហេង បង្កព្យុះភ្លៀងនិងប្រព្រឹត្តអំពើពុករលួយ ក្នុងសាលាក្រហមតាមអំពើចិត្ត
រាជធានីភ្នំពេញ ៖ នៅក្នុងសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល ដែលគេនិយមហៅថាសាលាក្រហម សំដៅទៅលើសាលាពេទ្យរបស់រដ្ឋ ទទួលបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនាញពេទ្យដល់សិស្សនិស្សិត ពីមុនបើកបណ្តុះបណ្តាលតែក្នុងក្របខ័ណ្ឌអាហារូបករណ៍ របស់រដ្ឋតែប៉ុណ្ណោះ ប៉ុន្តែក្រោយមក ក៏មានការបើកវគ្គឯកជនជាច្រើន មួយឆ្នាំៗមិនដឹងជាយកលុយ ទៅណាអស់ទេ ព្រោះនិស្សិតខ្លះ ត្រូវបង់លុយមួយឆ្នាំ ២ពាន់ទៅ៤ ពាន់ដុល្លារអាមេរិកឯណោះ ហើយគេដឹងថា លោក សាផុន វឌ្ឍនៈ ជាបណ្ឌិតវ័យក្មេង បានក្លាយជាមន្ត្រី ដែលមានទ្រព្យសម្បត្តិ ច្រើនហូរហៀរមិនដឹងជាគាត់ មានបានដោយសារត្រូវឆ្នោត ឬលក់ដីកេរអាករ ឬយ៉ាងណានោះទេ ពោលគឺភាពមានបានរបស់គាត់ គួរតែមានការស៊ើបអង្កេត ពីសំណាក់អង្គភាព ប្រឆាំងអំពើពុករលួយ។
ក្រុមមន្ត្រីជាច្រើន ដែលមិនសប្បាយចិត្ត ចំពោះលោក សាផុន វឌ្ឍនៈ បានរៀបរាប់ថា សាលាក្រហម ត្រូវបានបង្កើតឡើង តាំងពីឆ្នាំ ១៩៤៦ គិតមកដល់ពេលនេះ មានអាយុជាង ៦៨ឆ្នាំ មកហើយ បណ្តុះបណ្តាលគ្រូពេទ្យជាច្រើនពាន់នាក់ ហើយមន្ត្រីមួយចំនួនធំ ក៏បានកើតចេញពីសាលានេះ សូម្បីតែលោក សាផុន វឌ្ឍនៈ ក៏មានកំណើត ចេញពីសាលានេះផងដែរ ប៉ុន្តែលោក សាផុន វឌ្ឍនៈ ហាក់ដូចជាភ្លេចកំណើតរបស់ខ្លួន ដាក់ចេញនូវផែនការ មិនសមស្របដូចជា មុនឆ្នាំ២០១៦ ធ្វើឲ្យសាលាពេទ្យ ដ៏ចាស់ទ្រុឌទ្រោមមួយនេះ ទទួលស្គាល់គុណភាព ពីគណៈកម្មការគុណភាពថ្នាក់ជាតិ ហើយនៅមុនឆ្នាំ២០១៨ បង្កើតមន្ទីរពេទ្យមួយ ជារបស់សាលាក្រហមតែម្តង។
មន្ត្រីជាច្រើនងឿងឆ្ងល់ថា សាលាពេទ្យនេះបានផលិត ធនធានមនុស្ស ជាច្រើនពាន់នាក់ ជាវេជ្ជបណ្ឌិត ឱសថការី និងទន្តបណ្ឌិត ដែលគ្មានសមត្ថភាពឬ? ហើយលោក សាផុន វឌ្ឍនៈ ដែលកើតចេញ ពីសាលានេះផងដែរ ជាមនុស្សគ្មានសមត្ថភាព ឬគុណភាពដែរឬ? ទើបចាំបាច់ទៅសុំ ការទទួលស្គាល់គុណភាព ពីគណៈកម្មការ គុណភាពថ្នាក់ជាតិ។ ក្រុមមន្ត្រីបានលើកឡើងទៀតថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៣ មានសិក្ខាសាលាមួយ ស្តីពីផែនការយុទ្ធសាស្ត្រ ឆ្នាំ២០១៤-២០១៨ នៅសណ្ឋាគារឆ្នេរជលសា ខេត្តព្រះសីហនុ មានមនុស្សចូលរួមប្រហែល ២៥០នាក់ ដែលគេឆ្ងល់ថា ហេតុអ្វីចាំបាច់ ធ្វើផែនការយុទ្ធសាស្ត្របែបនេះ? មន្ត្រីខ្លះបាននិយាយ តាមរបៀបលេងសើចថា ទំនងជាលោក សាផុន វឌ្ឍនៈ សល់លុយច្រើនពេក ទើបគាត់ចង់លាងលុយ ក៏រៀបចំសិក្ខាសាលាស្អីគេនោះ ដោយមិនសមទំនង។
មានភាពមិនប្រក្រតីជាច្រើន ក្រោមការគ្រប់គ្រងដឹកនាំ របស់លោក សាផុន វឌ្ឍនៈ ដូចជាការបើកប្រាក់ឧបត្ថម្ភឲ្យគ្រូបង្រៀន មន្ត្រីរាជការ បន្តិចបន្តួច ពោលគឺសម្រាប់ ម៉ោងបង្រៀនច្រើន តែកម្រិតម៉ោងបង្រៀន ឧទាហរណ៍ដូចជា បង្រៀនបាន ៨០ម៉ោង គេគិតប្រាក់កម្រៃឲ្យ ៣២ម៉ោងដដែល បើទោះបីជាបង្រៀនលើសម៉ោង ក៏គ្មានលុយថែមម៉ោងដែរ គឺសន្សំលុយសង់អគារថ្មី ៧ជាន់ ដើម្បីវាយកម្ទេច សំណង់អគារចាស់ បំបិទដានប្រវត្តិសាស្ត្រ បំប៉ោងទិន្នន័យ ចែកលុយឲ្យ បក្ខពួករបស់គាត់ យកច្រកហោប៉ៅ ធ្វើមានធ្វើបានផ្ទាល់ខ្លួន។ ហើយលុយនៅសល់រាប់លានដុល្លារទៀត មិនដឹងជាយកទៅធ្វើអ្វី ក៏បែកគំនិតយកទៅចាយវាយ លើការរៀបចំសិក្ខាសាលា ដើម្បីលាងលុយ ដែលបានមកពីអំពើពុករលួយ កេងប្រវ័ញ្ចលើញើសឈាម ក្រុមគ្រូបង្រៀន។
ប្រាក់ចំណូលយ៉ាងច្រើន ដែលបានមកពីការបង់ប្រចាំឆ្នាំ ប្រចាំត្រីមាស របស់និស្សិត មិនដឹងជាយកទៅចាយវាយ លើអ្វីខ្លះទេ ព្រោះសម្ភារៈក្នុងសាលាចាស់ៗ បើនិយាយពីកង្ហារវិញ សល់តាំងពីសម័យ សង្គមរាស្ត្រនិយម ដែលពេលខ្លះ មានកង្ហារដាច់ធ្លាក់ ចំក្បាលនិស្សិត ក្នុងម៉ោងរៀនក៏មានដែរ។ មន្ត្រីមួយចំនួនទៀត ក៏បានធ្លោយឲ្យដឹងដែរថា សិទ្ធិអំណាចនិងឱកាស ដែលលោក សាផុន វឌ្ឍនៈ អាចប្រព្រឹត្តអំពើពុករលួយ បំប៉ោងគម្រោងចំណាយ តាមតែទំនើងចិត្ត ក៏ព្រោះតែគាត់ជាកូនធម៌ របស់លោក ម៉ម ប៊ុនហេង ជារដ្ឋមន្ត្រីក្រសួងសុខាភិបាល ហើយលោក សាផុន វឌ្ឍនៈ ជាមនុស្សក្រអឺតក្រទម និយាយតែជាមួយព្រឹទ្ធបុរស ថ្នាក់ក្រោមមិនជ្រលក់មាត់ជាមួយទេ។
គេចាំបានថា មុនពេលចូលធ្វើជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល លោក សាផុន វឌ្ឍនៈ ធ្វើហាក់ដូចជាមាន ឧត្តមគតិខ្លាំងណាស់ រិះគន់ពីភាពអសកម្ម របស់អ្នកដឹកនាំជំនាន់មុន តែសម្រាប់ខ្លួនគាត់វិញ ចង់យ៉ាប់ជាងអ្នកដឹកនាំ ជំនាន់មុនរាប់រយដងឯណោះ ចូលចិត្តប្រកាន់បក្ខពួកនិយម គ្រួសារនិយម ធ្វើឲ្យមន្ត្រីថ្នាក់ក្រោម ក្តៅក្រហាយយ៉ាងខ្លាំង។ មានការរំលឹកផងដែរថា ចូលកាន់តំណែងមិនទាន់បាន មួយខែស្រួលបួលផង លោក សាផុន វឌ្ឍនៈ បានរិះរក វិធីកម្ចាត់មន្ត្រីចាស់ៗ ហើយកេណ្ឌប្រមូល មិត្តភក្តិរបស់ខ្លួន ឲ្យមកធ្វើជាប្រធានផ្នែកគណនេយ្យ ប្រធានផ្នែកតាម ការិយាល័យផ្សេងៗ បង្កព្យុះភ្លៀងតាមតែអំពើចិត្ត។
រឿងដែលគួរឲ្យស្អប់ខ្ពើមបំផុតនោះ គឺសាស្ត្រាចារ្យ បុគ្គលិក សន្តិសុខ កម្មករអនាម័យ មិនពេញចិត្តចំពោះការបើកប្រាក់ខែ មិនទៀងទាត់ គ្មានរបាយការណ៍ ចំណូលចំណាយ ឲ្យក្រុមមន្ត្រីបានដឹង ជាសាធារណៈ ឬបង្ហាញពីតម្លាភាពទេ។ លោក សាផុន វឌ្ឍនៈ ឃុបឃិតតែជាមួយមន្ត្រីជំនិតៗ របស់គាត់ ក្នុងការកេងប្រវ័ញ្ចថវិកា របស់អង្គភាព ទៅចែកគ្នាធ្វើមានធ្វើបាន។ ភាពអសកម្មនិងអំពើពុករលួយ ក្រោមចំណាត់ការ របស់បណ្ឌិតវ័យក្មេង សាផុន វឌ្ឍនៈ គួរត្រូវបានអង្គភាព ប្រឆាំងអំពើពុករលួយ ត្រួតពិនិត្យឡើងវិញផង ព្រោះថាលោករដ្ឋមន្ត្រី ក្រសួងសុខាភិបាល មិនដែលអើពើ ពាក់ព័ន្ធបញ្ហានេះទេ ដែលគេសង្ស័យថា លោក សាផុន វឌ្ឍនៈ គឺជាកូនធម៌ និងជាអ្នករកលុយឲ្យឪពុកធម៌ ហើយមើលទៅ៕
Source from: watphnom-news.com

Loading...
Loading...