ឌុបគ្នាលឿនពេកនិងគ្មានភ្លើងបំភ្លឺ ជ្រុលទៅបុកគោយន្តពីក្រោយ ស្លាប់អ្នកបើកម៉ូតូភ្លាមៗ
ខេត្ដបន្ទាយមានជ័យ ៖ បុរស ២ នាក់បានជិះម៉ូតូមួយគ្រឿង សង្ស័យភ្លើងម៉ូតូមិនសូវភ្លឺ ហើយបើកក្នុងល្បឿនលឿន បានជ្រុលទៅបុកគោយន្ដកន្ដ្រៃ ពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឱ្យម្នាក់ស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ កាលពីវេលាម៉ោង ៧និង៣៥ នាទីយប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤ លើកំណាត់ ផ្លូវជាតិលេខ៥៩ ស្ថិតនៅភូមិកណ្ដោ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ។
សាក្សីនៅបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ បើកម៉ូតូម៉ាក់វ៉េវ ពណ៌ក្រហម លាយខ្មៅ គ្មានស្លាកលេខ ជិះម៉ូតូឌុបគ្នា ក្នុងល្បឿនយ៉ាងលឿន ប៉ុន្ដែភ្លើងម៉ូតូមិនសូវភ្លឺ ពេលមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកគោយន្ដកន្ដ្រៃ ពីក្រោយមួយទំហឹង បណ្ដាលឱ្យអ្នកបើក ម៉ូតូស្លាប់ភ្លាមមួយរំពេច ។ ចំណែកអ្នកជិះពីក្រោយ បានរងរបួសធ្ងន់ ភ្លាមៗនោះអ្នកបើកបរ គោយន្ដកន្ដ្រៃ បានរត់គេចខ្លួន បាត់ស្រមោលតែម្តង។
សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ មានឈ្មោះ ណុប ចិត្ដ ភេទប្រុស អាយុ ២៧ឆ្នាំ មានមុខរបរ ជាកម្មករ ។ រីឯជនរងគ្រោះ ដែលរបួសធ្ងន់ឈ្មោះ អែម ភេទប្រុស អាយុ ២០ឆ្នាំ មានមុខរបរ ជាកម្មករ ទាំង ២ នាក់ មានទីលំនៅក្នុងភូមិវល្លិ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ ។ ក្រោយពេលកើតហេតុ សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
Source from: watphnom-news.com

Loading...
Loading...