បន្ទាប់ពីប្រពន្ធស្លាប់ ប៉ងយកកូនស្រីចុងធ្វើប្រពន្ធមិនបាន កាប់រងរបួសសុះក្បាល
រាជធានីភ្នំពេញ ៖ បុរសអន់ជាងសត្វតិរិច្ឆានម្នាក់ បានលបទៅបើកមុង ស្ទាបអង្អែលក្នុងបំណង ចាប់រំលោភកូនស្រីខ្លួនឯង តែមិនបានសំរេច ក៏យកពូថៅកាប់ ចិញ្ច្រាំសុះពេញក្បាល និងដៃទាំងសងខាង ត្រូវសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យដេរចំនួន ១៥ថ្នេរ រីឯឪពុកចិត្តតិរិច្ឆាន បានរត់ចោលស្រុក បាត់ស្រមោលភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ១២និង១៥ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៤ ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ឪឡោក ខណ្ឌ ពោធិ៍សែនជ័យ ។
ជនរងគ្រោះមានឈ្មោះ លីន អាយុ ២៨ឆ្នាំ នៅលីវ ជាកម្មកររោងចក្រកាត់ដេរ ចំណែកឪពុកចុង ថោកជាងសត្វតិរិច្ឆាន មានឈ្មោះ ផល ថន អាយុ ៤៨ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិ កើតហេតុខាងលើ ។ នារីរងគ្រោះបានឲ្យដឹងថា ម្តាយរបស់នាងឈ្មោះ ភាព អាយុ ៤០ឆ្នាំ បានរៀបការ ជាមួយឪពុកចុងឈ្មោះ ផល ថន តាំងពីនាងមានអាយុ ៥ឆ្នាំម្ល៉េះ តែមិនមានកូនចៅទេ គឺមាននាង ជាកូនតែម្នាក់គត់ ។
កន្លងមកជាងមួយឆ្នាំនេះ ម្តាយរបស់នាង បានស្លាប់បាត់បង់ជីវិត ទុកឲ្យនាងរស់នៅ ជាមួយឪពុកចុង តែពីរនាក់តទល់ ប៉ុន្តែនាងតែងតែ គោរពស្រឡាញ់ ដូចឪពុកបង្កើត តែឪពុកចុងបែរជា មានគំនិតចង់យកកូនចុង ធ្វើជាប្រពន្ធទៅវិញ ។ នារីរងគ្រោះ បានឲ្យដឹងថា រយះពេល ២ខែកន្លងមកនេះ ពេលកំពុងតែដេកលង់លក់ នៅក្នុងផ្ទះដែលអត់មានបន្ទប់ ត្រូវឪពុកចុងលួចបើកមុង លបរាវទាំងយប់ ប៉ះចំចុងដៃធ្វើឲ្យនាងដឹងខ្លួន។
នាងធ្លាប់ទៅប្តឹងមេភូមិ មេឃុំ ឲ្យជួយចែកទ្រព្យសម្បត្តិដីធ្លី នៅសល់ពីកេរម្តាយនាង តែឪពុកចុងមិនព្រមចែកឲ្យទេ ។ ចាប់តាំងពីឪចុង លបនាងបានម្តង តែមិនបានសំរេចមក នាងក៏ទៅរស់នៅ ជាមួយបងប្អូនមួយរយះ ប៉ុន្តែនាងស្តាយដីស្រែ និងទ្រព្យសម្បតិ្តម្តាយដែលបន្សល់ទុក ក៏រត់មក រស់នៅ ជាមួយឪពុកវិញ ហើយនៅយប់កើតហេតុ នាងបានដេក និយាយទូរស័ព្ទ ជាមួយសង្សារ រហូតដល់ម៉ោង១០ ទើបចូលសម្រាក។
ពេលនោះស្រាប់តែឪពុងចុង បានជេរប្រមាថ កូនស្រីថា ហ្ហែងអញចង់ឲ្យឡើងទ្រនំ មិនព្រមទេ បន្ទាប់មកក៏យកពូថៅ ទៅកាប់កូនស្រី សុះពេញក្បាល ហូរឈាមជោកពេញខ្លួន និងដៃទាំងសង ហើយគេចខ្លួនបាត់។ ជនរងគ្រោះ ខំប្រឹងស្រវេស្រវា ទៅដល់កណ្តាលភូមិ ដែលជាផ្ទះ សាច់ញាតិ មានលក់ចាបហួយ គោះទ្វារហៅឲ្យជួយ នាំទៅព្យាបាល នៅមន្ទីរពេទ្យព្រះកុសុមៈ។
សាក្សីជាអ្នកជិតខាងបានឲ្យដឹងថា ម្តាយរបស់ជនរងគ្រោះ ស្លាប់ដោយសារតែប្តី ធ្វើបាបផ្លូវចិត្ត ចង់ឲ្យប្រពន្ធស្លាប់ ដើម្បីយកកូនចុងធ្វើប្រពន្ធ ។ កន្លងមកធ្លាប់មានគេ ចូលស្តីដណ្តឹងកូនស្រី តែ ឪពុកចុង មិនព្រមឲ្យទេ ព្រមទាំងបាននិយាយថា បើសិនជាគាត់មិនបាន នរណាក៏គាត់ឲ្យដែរ មិនតែប៉ុណ្ណោះឪចុងនេះជា មនុស្សឆេវឆាវ ចូលចិត្តបង្កទំនាស់ ជាមួយអ្នកជិតខាង គ្មានអ្នករាប់រកទេ ម្យ៉ាងទៀត ផ្ទះរបស់គេនៅចុងភូមិ ដាច់ស្រយាលពីគេទៀត៕
Source from: watphnom-news.com

Loading...
Loading...