សាឡង់ដឹកស៊ីម៉ងត៍ថៃបុកទូកនេសាទខ្មែរនៅលើដែនសមុទ្រខ្មែរបណ្តាលឲ្យបាត់ខ្លួនកម្មករនេសាទខ្មែរចំនួន៣នាក់
មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកមួយបានកើតឡើងកាលពីរាត្រីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៤ វេលាម៉ោង២១និង៤៥នាទី នៅចំណុចលំហសមុទ្រមុខកោះដូង ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បង្កឡើងដោយសារឡង់ដឹកស៊ីម៉ងត៍របស់ថៃចំណុះរាប់រយតោន បុកទូកនេសាទខ្មែរមួយគ្រឿងបណ្តាលឲ្យលិច និងបាត់ខ្លួនកម្មករនេសាទខ្មែរចំនួន៣នាក់ ខណៈចំនួន២នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះទាន់ ។
ក្រុមប្រជានេសាទខ្មែរបានឲ្យដឹងថា កម្មករនេសាទខ្មែរ៣នាក់ដែលបាត់ខ្លួនជាមួយនឹងទូកនេសាទដែលលិចបាត់ក្នុងសមុទ្រនោះ រួមមាន ៖ ១-ឈ្មោះ សឿន ស៊ន ភេទប្រុស អាយុ២៨ឆ្នាំ, ២-ឈ្មោះ ឌុល ឌឿន ភេទប្រុស អាយុ១៩ឆ្នាំ និង៣-ឈ្មោះ រ៉ា បោក ភេទប្រុស អាយុ១៩ឆ្នាំ អ្នកទាំង៣នេះមានទីលំនៅភូមិស្មាច់តូច ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ រីឯកម្មករនេសាទខ្មែរចំនួន២នាក់ដែលត្រូវបានជួយសង្គ្រោះទាន់នោះ មានឈ្មោះ ឆាយ ជាអ្នកបើកទូកនេសាទដែលលិច និងឈ្មោះ ហៀង ជាកម្មករ ដែលអ្នកទាំង២រស់នៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
ប្រភពព័ត៌មានពីប្រជានេសាទខ្មែរបានឲ្យដឹងថា មុនពេលកើតហេតុ ទូកមងនេសាទខ្មែរកំពុងអូសត្រី បង្គាជាធម្មតាក្នុងដែនសមុទ្រខ្មែរ ។ មួយសន្ទុះក្រោយមក គេបានឃើញក្បាលសាឡង់ដឹកស៊ីម៉ងត៍របស់ថៃ ដោយមានសណ្តោងសាឡង់ចំនួន៥-៦គ្រឿងទៀតនៅពីក្រោយ បានបុកចំពេញទំហឹងមកលើទូកនេសាទខ្មែរ បណ្តាលឲ្យលិចក្នុងលំហសមុទ្រតែម្តង ហើយសាឡង់ថៃបង្កនោះមិនបានឈប់ជួយអន្តរាគមន៍ដល់ទូកនេសាទខ្មែររងគ្រោះទេ ប៉ុន្តែបែរជាបង្កើនល្បឿនបំណងគេចខ្លួនមិនទទួលខុសត្រូវក្នុងហេតុការណ៍នេះទៅវិញ ។ ភ្លាមៗនោះ ទូកប្រជានេសាទខ្មែរផ្សេងទៀតបាននាំគ្នាដេញតាមសាឡង់ថៃបង្ក ទើបបានឃើញសាឡង់បង្កនោះចូលចតក្នុងកំពង់ផែតាយិនឌឹក ស្រុកស្រែអំបិល ខេត្តកោះកុង ។
ក្រុមប្រជានេសាទខ្មែរដែលបានតាមដានឃ្លាំមើលសាឡង់ថៃបង្កនោះ បានប្រាប់ឲ្យដឹងថា សាឡង់ថៃដែលបុកទូកនេសាទខ្មែរមានម៉ាក M.5 TRANSPORT មានជនជាតិថៃចំនួន២នាក់ជាអ្នកបើកបរ គឺ ៖ ១-ឈ្មោះ មេឃី និង២-ឈ្មោះ អាយសង ព្រមទាំងមានកម្មករចំនួន៥-៦នាក់ទៀត ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនសាកសួរនៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ខេត្តកោះកុង កាលពីវេលាព្រឹកនាថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤ម្សិលមិញ តែមិនទាន់ដឹងអំពីលទ្ធផលយ៉ាងណានៅឡើយទេ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា សមត្ថកិច្ចខេត្តព្រះសីហនុក៏បានតាមទៅដល់កំពង់ផែចូលចតរបស់សាឡង់បង្កថៃនោះដែរ ហើយមានបំណងចង់នាំសាឡង់បង្កមកដោះស្រាយនៅក្នុងព្រំដែនសមត្ថកិច្ចខេត្តព្រះសីហនុ ប៉ុន្តែមានមន្ត្រីតុលាការប្រាប់ថា មិនអនុញ្ញាត និងឲ្យបន្តដោះស្រាយនៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ។ ហេតុការណ៍ប្រទាញប្រទង់លើការកំណត់ព្រំដែនសមត្ថកិច្ចដោះស្រាយរវាងខេត្តព្រះសីហនុ និងខេត្តកោះកុងនេះ ក៏បានធ្វើឲ្យសមត្ថកិច្ចមានសភាពតឹងតែងដាក់គ្នាផងដែរ ប៉ុន្តែគេមិនទាន់ដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកបង្កឡើងដោយសាឡង់ដឹកស៊ីម៉ងត៍ថៃបុកទូកនេសាទខ្មែរនៅលើដែនសមុទ្រខ្មែរ បណ្តាលឲ្យបាត់ខ្លួនកម្មករនេសាទខ្មែរចំនួន៣នាក់នេះ តើសមត្ថកិច្ចខ្មែរនឹងត្រូវដោះស្រាយតាមនីតិវិធីចុងក្រោយបែបណានោះទេ ៕
Source from: www.dtn7.com

Loading...
Loading...