អតីតកំពូលអ្នកជេរប្រមាថថ្ងៃ៧មករាម្នាក់ត្រូវបានតែងតាំងឲ្យធ្វើជាឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពប្រចាំសាធារណរដ្ឋកូរ៉េ
ក្រោយការចុះចូលបម្រើជីវភាពក្នុងគណបក្សប្រជាជនកម្ពុជាអស់រយៈពេលប្រមាណ៥ឆ្នាំរួចមក អតីតកំពូលអ្នកជេរប្រមាថ និងរិះគន់ថ្ងៃ៧ មករា ១៩៧៩ ដែលថាជា"ថ្ងៃយួនឈ្លានពានកម្ពុជា"ម្នាក់ ត្រូវបានរាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភាគណបក្សប្រជាជនកម្ពុជា មានសម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បណ្ឌិតសភាចារ្យ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី តែងតាំងឲ្យធ្វើជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ដោយព្រះរាជក្រឹត្យលេខនស/រកត/១១១៣/១២១៣ ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ។
អតីតកំពូលអ្នកជេរប្រមាថ និងរិះគន់ឥតសំចៃទៅលើថ្ងៃ៧ មករា ១៩៧៩ ដែលទទួលបានការតែងតាំងឲ្យធ្វើឯកអគ្គរាជទូតប្រចាំប្រទេសកូរ៉េខាងត្បូង ក្រោយការចុះចូលបម្រើគណបក្សប្រជាជនកម្ពុជាជាគណបក្សនយោបាយកាន់កាប់អំណាចដុះស្លែនៅកម្ពុជានោះ គឺមានឈ្មោះ ស៊ុត ឌីណា ហៅម៉ៅ មឿងយ៉ាត អតីតប្រធានក្រុមប្រឹក្សារណសិរ្សប្រជាធិបតេយ្យនិស្សិត បញ្ញវន្តខ្មែរ (របនបខ) និងធ្លាប់បង្កើតជាគណបក្សនយោបាយមួយឈ្មោះគណបក្សរណសិរ្សជនជាតិខ្មែរ ជាគណបក្សនយោបាយធ្វើជាស្ពានចម្លងឲ្យសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ យាងបង្កើតជាគណបក្សនរោត្តម រណឫទ្ធិ ។
មុនពេលទទួលបានការតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ឯកឧត្តម ស៊ុត ឌីណា ធ្លាប់ទទួលបានការតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាអាណត្តិទី៤ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦០៩/៧០៣ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៩ និងទទួលបានការតែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី៤ មានឋានៈស្មើរដ្ឋលេខាធិការបន្ថែមលើមុខងារបច្ចុប្បន្ន ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦០៩/៧០៤ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៩ ។
មិនត្រឹមតែឯកឧត្តម ស៊ុត ឌីណា ហៅ ម៉ៅ មឿងយ៉ាត ប៉ុណ្ណោះទេដែលទទួលបានបុណ្យស័ក្តិ និងលាភសក្ការៈក្រោយការចុះចូលជាមួយគណបក្សប្រជាជនកម្ពុជានោះ សូម្បីភរិយារបស់ឯកឧត្តម ស៊ុត ឌីណា គឺលោកជំទាវ ស៊ុន សុគន្ធមាលា ក៏ត្រូវបានតែងតាំងឲ្យមានបុណ្យស័ក្តិជា "លោកជំទាវ" ផងដែរ គឺជាសមាជិកក្រុមសង្កេតការណ៍សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ចំណុះទីស្តីការគណៈរដ្ឋមន្ត្រី មានឋានៈស្មើរដ្ឋលេខាធិការ ដោយព្រះរាជក្រឹត្យលេខនស/រកត/០១០៩/០៣១ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០០៩ មុនឯកឧត្តម ស៊ុត ឌីណា ទៅទៀត និងក្រោយមក នៅពេលដែលក្រុមសង្កេតការណ៍សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ត្រូវបានផ្លាស់ប្តូរទៅជាក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ហៅកាត់ថា "ក.ស.វ" ជាយន្តការនៅអមទីស្តីការគណៈរដ្ឋមន្ត្រីរួចមក លោកជំទាវ ស៊ុន សុគន្ធមាលា ត្រូវបានតែងតាំងបន្តជាសមាជិកអចិន្ត្រៃយ៍ ក.ស.វ មានឋានៈស្មើរដ្ឋលេខាធិការ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦០៩/៦១៧ ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០០៩ ។
សូមរំលឹកជូនថា មុនពេលសម្របខ្លួនចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា គឺលោក ស៊ុត ឌីណា ហៅ ម៉ៅ មឿងយ៉ាត និងលោកស្រី ស៊ុន សុគន្ធមាលា ជាប្តី-ប្រពន្ធនឹងគ្នានោះ ធ្លាប់បានដើរតួជាអ្នកជេរប្រមាថ និងរិះគន់ថ្ងៃទី៧ មករា ១៩៧៩ ដែលជាជីពចររបស់គណបក្សប្រជាជនកម្ពុជាយ៉ាងចាស់ដៃ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០០៨ថា ជា"ថ្ងៃយួនឈ្លានពានកម្ពុជា" និងលើសពីនេះ លោក ស៊ុត ឌីណា ធ្លាប់បានធ្វើលិខិតគោរពជូនឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើសុំបើកសមាគមមួយឈ្មោះថា "សមាគមខ្មែរកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងប្រឆាំង០៧មករា"ទៀតផង ។
ទោះយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ លោក ស៊ុត ឌីណា ហៅម៉ៅ មឿងយ៉ាត និងលោកស្រី ស៊ុន សុគន្ធមាលា បានក្លាយជាឯកឧត្តម ស៊ុត ឌីណា និងលោកជំតាវ ស៊ុន សុគន្ធមាលា អស់ទៅហើយៗអ្នកទាំងពីរក៏ឈប់ជេរប្រមាថ និងរិះគន់ទៅលើថ្ងៃ៧ មករា ១៩៧៩ ថាជាថ្ងៃយួនឈ្លានពានកម្ពុជាទៀតដែរ ពោលគឺបុណ្យស័ក្តិ និងលាភសក្ការៈបានកែប្រែឧត្តមគតិអ្នកទាំងពីរឲ្យត្រឡប់មកគាំទ្រថ្ងៃ៧ មករា ១៩៧៩ និងបន្ទរតាមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាថា ជាថ្ងៃកំណើតទី២ ជាថ្ងៃដឹងគុណ"យួន" និងថ្ងៃដឹងគុណគណបក្សប្រជាជនកម្ពុជាវិញ គ្រាន់តែបន្សល់ទុកនូវឈ្មោះជាអតីតកំពូលអ្នកជេរប្រមាថថ្ងៃ៧ មករា ដើម្បីបុណ្យស័ក្តិប៉ុណ្ណោះ ៕
Source from: www.dtn7.com

Loading...
Loading...