ប្រធាននិងអនុប្រធានតុលាការកំពូលកាត់ក្តីសម្រេចខុសគ្នាក្នុងសំណុំរឿងជំទាវ បាន ស្រីមុំ
កាលពីមិនទាន់បានក្លាយជាភរិយារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ អ៊ី ឈាន អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន មានងារជាលោកជំទាវ និងបានក្លាយជាអ្នកតំណាងរាស្ត្រនីតិកាលទី៥ នៅមណ្ឌលខេត្តប៉ៃលិននោះ គឺលោកជំទាវ បាន ស្រីមុំ ធ្លាប់មានសំណុំរឿងក្តីជាច្រើននៅស្ថាប័នតុលាការ ហើយក៏បានធ្វើឲ្យមជ្ឈដ្ឋាននានាចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ ទៅលើការសម្រេចសេចក្តីខុសគ្នារវាងឯកឧត្តម ឌិត មុន្ទី ប្រធានតុលាការកំពូល និងឯកឧត្តម ឃឹម ប៉ុណ្ណ អនុប្រធានតុលាការកំពូល ក្នុងសំណុំរឿងក្តីពាក់ព័ន្ធនឹងលោកជំទាវ បាន ស្រីមុំ ។
នាថ្ងៃទី១២ ខែមីនា ឆ្នាំ១៩៩៩ អ្នកស្រី បាន ស្រីមុំ បានដាក់ពាក្យបណ្តឹងទៅតុលាការសាលាដំបូងរាជធានីភ្នំពេញ ប្តឹងទាមទារប្រាក់ចំនួន៣២ម៉ឺនដុល្លារអាមេរិក ពីឈ្មោះ ស៊ីម ភីញសាយ ជនជាតិសិង្ហបុរី ប្រធានក្រុមហ៊ុន Olympic Motor ដោយចោទប្រកាន់ថា ឈ្មោះ ស៊ីម ភីញសាយ បានខ្ចីប្រាក់ពីខ្លួនតាមរយៈកិច្ចសន្យាខ្ចីប្រាក់ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៩៧ ។
ទាក់ទងនឹងសំណុំរឿងក្តីដែលមានអ្នកស្រី បាន ស្រីមុំ ជាដើមចោទ និងឈ្មោះ ស៊ីម ភីញសាយ ជាជនជាតិសិង្ហបុរី មិនចេះភាសាខ្មែរ ជាចុងចម្លើយនេះ ត្រូវបានតុលាការជាន់ខ្ពស់ គឺសាលាឧទ្ធរណ៍យល់ឃើញថា អ្នកស្រី បាន ស្រីមុំ មានការក្លែងបន្លំលិខិតខ្ចីប្រាក់ក្នុងឋានៈជាអ្នកបម្រើការងារឲ្យឈ្មោះ ស៊ីម ភីញសាយ ទើបសម្រេចឲ្យអ្នកស្រី បាន ស្រីមុំ ចាញ់ក្តីឈ្មោះ ស៊ីម ភីញសាយ តាមសាលដីការដ្ឋប្បវេណីលេខ៨២៤ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៩ និងតុលាការកំពូលដែលមានឯកឧត្តម ឌិត មុន្ទី ជាប្រធានតុលាការ និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ យល់ឃើញថា ឈ្មោះ ស៊ីម ភីញសាយ គ្មានវត្តមាននៅក្នុងប្រទេសកម្ពុជានាថ្ងៃចុះកិច្ចសន្យាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៩៧នោះទេ ដូច្នេះធ្វើដូចម្តេចនឹងមានកិច្ចសន្យាខ្ចីប្រាក់ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៩៧ទៅកើត និងម្យ៉ាងទៀត ឈ្មោះ ស៊ីម ភីញសាយ ជាជនជាតិបរទេសមិនចះអាន និយាយអក្សរ-ភាសាខ្មែរទេ ហើយកិច្ចសន្យាខ្ចីប្រាក់ធ្វើជាអក្សរខ្មែរ ជាហេតុនាំឲ្យឈ្មោះ ស៊ីម ភីញសាយ មិនអាចយល់បានពីអត្ថន័យ ទើបសម្រេចតម្កល់សាលដីការដ្ឋប្បវេណីលេខ៨២៤ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៩ របស់សាលាឧទ្ធរណ៍ទុកជាបានការពេញទាំងមូល តាមអំណាចសាលដីការដ្ឋប្បវេណីលេខ១៨១ ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០០០ ។ មានន័យថា ស្ថាប័នតុលាការកំពូលសម្រេចឲ្យអ្នកស្រី បាន ស្រីមុំ ចាញ់ក្តីឈ្មោះ ស៊ីម ភីញសាយ ក្នុងរឿងប្តឹងទាមទារប្រាក់ជាស្ថាពរ ដោយតុលាការយល់ឃើញថា កិច្ចសន្យាខ្ចីប្រាក់ដែលរៀបចំដោយអ្នកស្រី បាន ស្រីមុំ មានភាពមិនប្រក្រតី "ក្លែងបន្លំលិខិតកិច្ចសន្យាខ្ចីប្រាក់" ។
ក្រៅពីរឿងក្តី ឈ្មោះ បាន ស្រីមុំ ប្តឹងឈ្មោះ ស៊ីម ភីញសាយ ករណីទាមទារប្រាក់ចំនួន៣២ម៉ឺនដុល្លារអាមេរិក ដែលត្រូវបានស្ថាប័នតុលាការជាន់ខ្ពស់បដិសេធចោលនោះ គឺឈ្មោះ ស៊ីម ភីញសាយ ក៏បានដាក់ពាក្យប្តឹងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ១៩៩៩ ប្រឆាំងនឹងអ្នកស្រី បាន ស្រីមុំ វិញដែរ ដោយចោទប្រកាន់ពីបទក្លែងលិខិត និងប្រើប្រាស់លិខិតក្លែង (ធ្វើកិច្ចសន្យាក្លែងក្លាយ) ដែលជាសំណុំរឿងព្រហ្មទណ្ឌ ។
ក្នុងរឿងក្តីព្រហ្មទណ្ឌដែលឈ្មោះ ស៊ីម ភីញសាយ (បច្ចុប្បន្នស្លាប់) ប្តឹងអ្នកស្រី បាន ស្រីមុំ ចោទប្រកាន់ពីបទក្លែងបន្លំលិខិតនោះ ត្រូវបានស្ថាប័នតុលាការកំពូល ដែលមានឯកឧត្តម ឃឹម ប៉ុណ្ណ ជាអនុប្រធានតុលាការ និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ សម្រេចតម្កល់រឿងទុកឥតចាត់ការ តាមអំណាចសាលដីកាព្រហ្មទណ្ឌលេខ១១១ ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១១ ។ មានន័យថា ឯកឧត្តម ឃឹម ប៉ុណ្ណ សម្រេចសេចក្តីឲ្យអ្នកស្រី បាន ស្រីមុំ រួចខ្លួន ក្រោមទម្ងន់នៃពាក្យបណ្តឹងចោទប្រកាន់ពីបទក្លែងលិខិតកិច្ចសន្យាខ្ចីប្រាក់ ជាមួយឈ្មោះ ស៊ីម ភីញសាយ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៩៧ ។
ការសម្រេចសេចក្តីរបស់តុលាការកំពូលដែលមានឯកឧត្តម ឃឹម ប៉ុណ្ណ អនុប្រធានតុលាការ និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះក្នុងសំណុំរឿងព្រហ្ទណ្ឌខាងលើនេះ គឺក្នុងខណៈដែលអ្នកស្រី បាន ស្រីមុំ ក្លាយជាលោកជំទាវភរិយាឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ អ៊ី ឈាន អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនដ៏មានឥទ្ធិពល និងឈ្មោះ ស៊ីម ភីញសាយ ជាដើម្បណ្តឹងរដ្ឋប្បវេណី បានស្លាប់បាត់បង់ជីវិតដោយការបាញ់សម្លាប់នៅរាជធានីភ្នំពេញ នាអំឡុងឆ្នាំ២០០៤បាត់ទៅហើយ ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានលើកឡើងថា ឯកឧត្តម ឌិត មុន្ទី ប្រធានតុលាការកំពូល កាត់ក្តីមិនទទួលស្គាល់កិច្ចសន្យាខ្ចីប្រាក់ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៩៧ ដែលរៀបចំឡើងដោយលោកជំទាវ បាន ស្រីមុំ ព្រោះយល់ឃើញថា ជាកិច្ចសន្យាក្លែងបន្លំដើម្បីចង់បានលុយពីឈ្មោះ ស៊ីម ភីញសាយ ប៉ុន្តែបែរជាឯកឧត្តម ឃឹម ប៉ុណ្ណ អនុប្រធានតុលាការកំពូលកាត់ក្តីថា គ្មានពិរុទ្ធភាពទៅលើលោកជំទាវ បាន ស្រីមុំ ពីបទក្លែងលិខិតទៅវិញ ។ មានន័យថាថ្នាក់ដឹកនាំតុលាការកំពូលដូចគ្នា គ្រាន់តែម្នាក់ជាប្រធាន និងម្នាក់ទៀតជាអនុប្រធាន កាត់ក្តីសម្រេចខុសគ្នាក្នុសំណុំរឿងដែលមានអង្គហេតុតែមួយ ពាក់ព័ន្ធនឹងលោកជំទាវ បាន ស្រីមុំ ។ ដូច្នេះ តើអាចឲ្យប្រជាពលរដ្ឋទូទៅទទួលយកបាននូវសេវាយុត្តិធម៌ពីស្ថាប័នតុលាការកម្ពុជាយ៉ាងដូចម្តេចកើតទៅ ? ៕
Source from: www.dtn7.com

Loading...
Loading...