ក្រសួងអប់រំគួរត្រួតពិនិត្យនិងមានវិធានការឲ្យបានជាក់លាក់លើករណីកាត់ប្រាក់ខែគ្រូអក្ខរកម្មនៅតាមបណ្តាខេត្ត
ករណីកាត់ប្រាក់ខែគ្រូបង្រៀនអក្ខរកម្មដែលពួកគាត់បានបង្រៀនដល់អក្ខរជននៅតាមបណ្តាខេត្តនានា ក្រោមបាតដៃពុករលួយ សមគំនិតគ្នារវាងប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងប្រធានការិយាល័យអប់រំក្រៅប្រព័ន្ធ ដើម្បីទុកជាប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួកនោះ គឺបានកើតមានឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយៗប្រសិទ្ធភាពនៃការលុបបំបាត់អំពើអសកម្មនេះហាក់មានកម្រិតតិចតួចបំផុត ដ្បិតវាបានក្លាយទៅជាវប្បធម៌របស់មន្ត្រីរាជការថ្នាក់អន្ទ្រើសៗក្នុងសម័យរាជាណាចក្រកម្ពុជាទី២ ។
ប្រភពពីគ្រូអក្ខរកម្មនៅខេត្តព្រះវិហារបានបង្ហើបប្រាប់ឲ្យដឹងថា ពួកគាត់ជាគ្រូអក្ខរកម្មចំនួនជាង៣០នាក់ បានបញ្ចប់ការបង្រៀនអក្ខរជនសម្រាប់ឆ្នាំ២០១៣រួចហើយៗខាងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានទម្លាក់ប្រាក់មកឲ្យការិយាល័យអប់រំតាមបណ្តាស្រុកនានា ដើម្បីបើកប្រាក់ជូនពួកគាត់ ដោយមានលោក ម៉ែន ឃន ប្រធានការិយាល័យអប់រំក្រៅប្រព័ន្ធរបស់មន្ទីរអប់រំ ជាអ្នកចុះត្រួតពិនិត្យការបើកប្រាក់នេះ ។ ក្នុងពេលបើកប្រាក់ គឺពួកគាត់ម្នាក់ៗទទួលបានប្រាក់ក្នុងចន្លោះពី២៨ម៉ឺនរៀលទៅ៥៦ម៉ឺនរៀលប៉ុណ្ណោះ ខណៈប្រាក់សរុបរបស់ពួកគាត់ម្នាក់ៗត្រូវទទួលបានមានចំនួន១១២ម៉ឺនរៀល (១.១២០.០០០រៀល) ។ មានន័យថា ប្រាកឲ់ខែគ្រូអក្ខរកម្មចំនួនប្រមាណពី៦០ភាគរយទៅ៧០ភាគ ត្រូវបានបាត់បង់ពីដៃគ្រូអក្ខរកម្ម ហើយបែរជាធ្លាក់ទៅក្នុងដៃលោក មាន ឆន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ និងលោក ម៉ែន ឃន ជាប្រធានការិយាល័យអប់រំក្រៅប្រព័ន្ធរបស់មន្ទីរ ព្រមទាំងបក្ខពួកទៅវិញ ។
ព័ត៌មាននៃការកាត់ប្រាក់ខែគ្រូអក្ខរកម្មនៅខេត្តព្រះវិហារ បានលេចឮខ្ចរខ្ចាយដល់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ហើយថ្នាក់ដឹកនាំក្រសួងក៏បានចាត់ប្រតិភូមន្ត្រីអធិការកិច្ចឲ្យចុះស្រាវជ្រាវករណីកាត់ប្រាក់ខែគ្រូអក្ខរកម្មនេះ ។
តាមប្រភពព័ត៌មានពីមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ បានឲ្យដឹងថា គណៈប្រតិភូមន្ត្រីអធិការកិច្ចក្រសួងអប់រំ យុវជន និងកីឡា បានចុះទៅដល់ខេត្តព្រះវិហារកាលពីថ្ងៃទី២១-២២ ខែមករា ឆ្នាំ២០១៤កន្លងមក ដោយមានលោក មាន ឆន និងលោក ម៉ែន ឃន ទទួលស្វាគមន៍គណៈប្រតិភួយ៉ាងស្វាហាប់ ។ ជាមួយគ្នានេះ ប្រភពបានឲ្យដឹងទៀតថា លោក មាន ឆន និងលោក ម៉ែន ឃន បានបញ្ជាមកការិយាល័យអប់រំស្រុកនានាទូទាំងខេត្តឲ្យប្រាប់ទៅគ្រូអក្ខរកម្មទាំងអស់គ្នាថា ប្រសិនបើមានគេសួរនាំអំពីប្រាក់ខែនោះ គឺតម្រូវឲ្យគ្រូអក្ខរកម្មឆ្លើយថា ទទួលបានប្រាក់គ្រប់ចំនួន១១២ម៉ឺនរៀល ។ ប៉ុន្តែបើមិនឆ្លើយដូចនេះទេ គឺនៅឆ្នាំ២០១៤ពួកគាត់នឹងមិនអាចត្រូវបានជ្រើសរើសឲ្យធ្វើជាគ្រូអក្ខរកម្មទៀតឡើយ (Sic!) ។
ក្រុមគ្រូបង្រៀនមួយចំនួនបានលាន់មាត់ថា រឿងចុះស្រាវជ្រាវករណីបាត់ប្រាក់ខែគ្រូអក្ខរកម្មនេះ គួរតែក្រុមមន្ត្រីអធិការកិច្ចកាន់បញ្ជីឈ្មោះគ្រូអក្ខរកម្មទាំងជាង៣០នាក់ ចុះទៅស្រាវជ្រាវសួរនាំដល់មូលដ្ឋានដោយផ្ទាល់តែម្តង ទើបអាចរកឃើញការពិត ប៉ុន្តែមិនដូច្នេះទេ បែរជាក្រុមអធិការកិច្ចក្រសួងត្រូវបានអមដំណើរដោយមន្ត្រីជំនាញរបស់មន្ទីរ និងលោក ម៉ែន ឃន ផងជាប់ជាប្រចាំទៅវិញ ជាហេតុធ្វើឲ្យគេសង្ស័យថា ការអង្កេតស្រាវជ្រាវរបស់មន្ត្រីអធិការកិច្ចអាចរកមិនឃើញការពិតជាក់ស្តែងនេះទេ ហើយអាច "ប្រថាប់ត្រា" លើករណីរឿងអាស្រូវរបស់ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះវិហារផងក៏ថាបាន ដើម្បីជាថ្នូរនឹងលាភសក្ការៈ (Resic!) ។
ក្រៅពីមានរឿងអាស្រូវកាត់ប្រាក់ខែគ្រូអក្ខរកម្មនៅខេត្តព្រះវិហារនោះ គឺនៅតាមបណ្តាខេត្តផ្សេងៗទៀតក៏មានករណីកាត់ប្រាក់ខែគ្រូអក្ខរកម្មដូចគ្នានេះដែរ ដូចជា នៅខេត្តព្រះវែងមានគ្រូអក្ខរកម្មចំនួន៨៥នាក់ ដោយគ្រូម្នាក់ៗទទួលបានប្រាក់ត្រឹមចន្លោះពី៣០ម៉ឺនរៀលទៅ៨៤ម៉ឺនរៀល ។ ខេត្តស្វាយរៀងមានគ្រូអក្ខរកម្មប្រមាណ៥០នាក់ គឺគ្រូម្នាក់ៗទទួលបានប្រាក់យ៉ាងច្រើនត្រឹម៨៦ម៉ឺនរៀល ។ ខេត្តកំពង់ចាមមានគ្រូអក្ខរកម្មចំនួន៧០នាក់ គឺគ្រូម្នាក់ៗទទួលបានប្រាក់ចន្លោះពី២០ម៉ឺនរៀលទៅ៨៤ម៉ឺនរៀល ។ ខេត្តកោះកុងមានគ្រូអក្ខរកម្មចំនួន៣០នាក់ គឺគ្រូម្នាក់ៗទទួលបានប្រាក់ចន្លោះពី៨៤ម៉ឺនរៀលទៅ៩០ម៉ឺនរៀល ។ ខេត្តពោធិ៍សាត់គ្រូម្នាក់ៗទទួលបានចំនួន១០២ម៉ឺនរៀល ពីមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ប៉ុន្តែពេលគ្រូអក្ខរកម្មចេញពីបរិវេណមន្ទីរនោះ មន្ត្រីអប់រំក្រៅប្រព័ន្ធតាមបណ្តាស្រុកតាមសុំលុយគ្រូម្នាក់ៗចំនួន១០ម៉ឺនរៀល ។ ខេត្តកំពង់ស្ពឺគ្រូម្នាក់ៗទទួលបានប្រាក់ចន្លោះពី៤២ម៉ឺនរៀលទី១០៥ម៉ឺនរៀល ។ ខេត្តកំពត គ្រូម្នាក់ៗទទួលបានប្រាក់ចំនួន១១០ម៉ឺនរៀល ដោយប្រាក់ចំនួន២ម៉ឺនរៀលទៀតត្រូវបានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសុំតាមការស្ម័គ្រចិត្តរបស់គ្រូ ។ ខេត្តកណ្តាល គ្រូម្នាក់ៗនៅស្រុកកណ្តាលស្ទឹង និងស្រុកស្អាងទទួលបានប្រាក់ ចន្លោះពី៨៤ម៉ឺនរៀលទៅ៩០ម៉ឺនរៀល…។ល។
ដូច្នេះ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការបង្រៀន លើកកម្ពស់ជីវភាពរបស់គ្រូបង្រៀន និងពង្រឹងគុណភាពអប់រំ គប្បីក្រសួងអប់រំ យុវជន និងកីឡា ដែលមានឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន ជារដ្ឋមន្ត្រី មេត្តាត្រួតពិនិត្យនិងមានវិធានការឲ្យបានជាក់លាក់លើករណីកាត់ប្រាក់ខែគ្រូអក្ខរកម្មនៅតាមបណ្តាខេត្តនានាផង កុំឲ្យបន្តក្លាយទៅជាវប្បធម៌អាក្រក់ យូរអង្វែងតទៅទៀត ៕
Source from: www.dtn7.com

Loading...
Loading...