រឿងស្នេហាត្រីកោណ គប់គ្រាប់បែកចូលរោងការស្លាប់ ១០នាក់ និងរងរបួសជាង ៣០នាក់
ខេត្តកំពង់ធំ ៖ ទំនងជាមានជម្លោះ ក្នុងរឿងស្នេហាត្រីកោណ ជនមិនស្គាល់មុខ បានគប់គ្រាប់បែកមួយគ្រាប់ ផ្ទុះលាន់កក្រើកដី បណ្តាលឲ្យមនុស្ស ស្លាប់និងរងរបួស រដូករណែល ក្នុងពិធីមង្គលការមួយ កាលពីវេលាម៉ោង ២២និង៣០ នាទីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ ២០១៤ នៅភូមិជាំ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។
ប្រជាពលរដ្ឋបានឲ្យដឹងថា ខណៈពេលដែលភ្ញៀវប្រុសស្រី កំពុងតែរាំរែក សប្បាយ ក្នុងពិធីមង្គលការ កូនក្រមុំឈ្មោះ ភឿន សុផល កូនកំលោះឈ្មោះ ជា ចក់ ក៏ស្រាប់តែមាន ជនមិនស្គាល់មុខ បានគប់គ្រាប់បែក ចូលរោងការនោះតែម្ដង។ សមត្ថកិច្ចបានបញ្ជាក់ថា គ្រាប់បែកនោះ ត្រូវបានគប់ពីចម្ងាយ ហើយបានទើលើរោងការ ក្រោយមកបានធ្លាក់ចូលទៅចំកណ្តាល នៃរោងការ ហើយបានផ្ទុះឡើង បណ្តាលឲ្យមានអ្នកស្លាប់ និងរងរបួស គួរឲ្យរន្ធត់ ហើយភ្ញៀវបានរត់ ចែកជើងគ្នា។
តាមរបាយការណ៍ពីដំបូង មានអ្នកស្លាប់ ត្រឹម ៦នាក់ និងរបួស ១៤នាក់ ក្រោយមកអ្នកស្លាប់ បានកើនឡើងដល់ ១០នាក់ និងរងរបួស ៣០នាក់ ត្រូវបានដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ។ ចំពោះករណីបំផ្ទុះ គ្រាប់បែកនេះ គឺជារឿងគំនុំ រវាងកូនកំលោះ និងជនដៃដល់ ហើយសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ដែលមានផ្ទះ នៅក្នុងភូមិស្រយូវ សង្កាត់ស្រយូវ ក្រុងស្ទឹងសែន បញ្ជូនមកខេត្តកំពង់ធំ ដើម្បីចាត់ការបន្តតាមនីតិវិធី។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលមានេះពិធីមង្គលការ ជនសង្ស័យបាន ទៅរកអុសនៅ ព្រៃមួយកន្លែង ជិតភូមិជាំ ក្រោយមកជនដៃដល់ ក៏បានទៅផឹក ទឹកត្នោតជូរ នៅផ្ទះកូនកំលោះ ។ ពេលនោះជនសង្ស័យ បានឃើញគូដណ្តឹង របស់គេស្អាត ក៏ឌឺដងផ្លែផ្កាលែបខាយ បានធ្វើឲ្យកូនកំលោះខឹង បង្កទៅជាជម្លោះ វាយតប់គ្នា។ ដោយមានការ សម្របសម្រួលពីមេឃុំ កូនកំលោះ បានបង់លុយ ឲ្យជនដៃដល់ ២០ម៉ឺនរៀល ឈានដល់ការគំគួនគ្នារហូត មានការគប់គ្រាប់បែកតែម្តង៕
Source from: watphnom-news.com

Loading...
Loading...