អាជ្ញាធររាជធានីភ្នំពេញចាត់ការក្តៅមិនអនុញ្ញាតឲ្យគណបក្សប្រឆាំងបន្តធ្វើបាតុកម្មដោយមិនរង់ចាំសុំយោបល់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ក្រៅពីការប្រើប្រាស់កម្លាំងសមត្ថកិច្ចចម្រុះចុះបណ្តេញ និងបោសសម្អាតក្រុមបាតុករនៅទីលានប្រជាធិបតេយ្យ និងការសម្រេចរបស់អាជ្ញាធររាជធានីភ្នំពេញមិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិបន្តធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ និងដង្ហែក្បួនបាតុកម្មនៅតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤ម្សិលមិញនេះ គឺជាព្រឹត្តិការណ៍មួយបានបង្កឲ្យមានការចាប់អារម្មណ៍ថា ការសម្រេចរបស់សាលារាជធានីភ្នំពេញទៅលើការជូនដំណឹងធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិលើកនេះ មិនបានស្នើសុំយោបល់សម្រេចពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាមុន ឲ្យស្របទៅតាមមាត្រា១២នៃច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធីដូចលើកមុនៗឡើយ ហើយបែរជាបានចាត់ការយ៉ាងក្តៅគគុក និងទាន់ហន់តែម្តង ។
អនុលោមតាមមាត្រា៩ ចំណុច២ នៃច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី បានចែងថា "អាជ្ញាធរដែនដីរាជធានី ឬខេត្តមានសមត្ថកិច្ច ត្រូវឆ្លើយតបជាវិជ្ជមានចំពោះលិខិតជូនដំណឹងការធ្វើបាតុកម្មនោះជាលាយលក្ខណ៍អក្សរ លើកលែងតែមានព័ត៌មានច្បាស់ថា ការធ្វើបាតុកម្មនេះនឹងអាចបង្កគ្រោះថ្នាក់ណាមួយ ឬនឹងអាចប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ។ " និងមាត្រា១១នៃច្បាប់ដដែលបានចែងថា ក្នុងករណីបែបនេះតម្រូវឲ្យអាជ្ញាធរដែនដីរាជធានី ឬខេត្ត ត្រូវធ្វើការឆ្លើយតបដោយជូនដំណឹងជាបន្ទាន់ទៅអ្នកដែលបានដាក់លិខិតជូនដំណឹង ដើម្បីឲ្យពួកគេអាចមានពេលជួបជាមួយអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរពាក់ព័ន្ធដទៃទៀតធ្វើការពិចារណា ដើម្បីពិភាក្សាគ្នាដោះស្រាយ ។ រីឯមាត្រា១២នៃច្បាប់ដដែលនេះ ក៏បានចែងដែរថា "ក្រោយពីបានពិភាក្សាគ្នាហើយ បើភាគីទាំងពីរនៅតែមិនព្រមព្រៀងគ្នាទៀតនោះ អាជ្ញាធរដែនដីរាជធានី ឬខេត្តមានសមត្ថកិច្ច ត្រូវស្នើសុំយោបល់សម្រេចពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ " ។
ប៉ុន្តែការសម្រេចរបស់សាលារាជធានីភ្នំពេញដែលមិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិបន្តធ្វើបាតុកម្មតទៅទៀតនៅទីលានប្រជាធិបតេយ្យ និងដង្ហែក្បួនបាតុកម្មនៅតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ តាមស្មារតីលិខិតលេខ០៥ឆត.ចសម ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤ និងឈានទៅប្រើប្រាស់កម្លាំងសមត្ថកិច្ចចម្រុះបណ្តេញក្រុមបាតុករឲ្យចេញពីទីលានប្រជាធិបតេយ្យនោះ គឺមិនបានស្នើសុំយោបល់សម្រេចពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាមុនទេ លុះដល់ពេលសមត្ថកិច្ចចុះបង្ក្រាបបណ្តេញក្រុមបាតុករចេញពីទីលានប្រជាធិបតេយ្យ ទើបក្រសួងមហាផ្ទៃចេញសេចក្តីប្រកាសព័ត៌មានអំពីប្រតិបត្តិការរបស់សមត្ថកិច្ចតាមក្រោយទៅវិញ ។
តាមការកត់សម្គាល់នាពេលកន្លងមក គឺឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែងបានចេញលិខិតជូនដំណឹងឲ្យគណបក្សសង្គ្រោះជាតិធ្វើបាតុកម្មមួយលើក ជាពីរលើក ទោះបីគណបក្សសង្គ្រោះជាតិមានកំហុសឆ្គងខ្លះក្នុងការអនុវត្តនីតិវិធីនៃការធ្វើបាតុកម្ម និងកិច្ចព្រមព្រៀងរវាងគណបក្សសង្គ្រោះជាតិ និងសាលារាជធានីភ្នំពេញក៏ដោយ ។
មជ្ឈដ្ឋានអ្នកតាមដានកិច្ចការសង្គម និងនយោបាយនៅកម្ពុជា បានលើកឡើងថា ការសម្រេចមិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិបន្តធ្វើបាតុកម្មលើកនេះ គឺឯកឧត្តម ប៉ា សុជាតិវង្ស ជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលអាចមានការអនុញ្ញាតជាគោលការណ៍តាមទូរស័ព្ទ ឬតាមមាត់ទទេរជាមុនពីប្រមុខរាជរដ្ឋាភិបាលជាបុរសខ្លាំង បានចាត់ការយ៉ាងក្តៅគគុក និងយ៉ាងឆាប់រហ័ស ដោយមិនបាច់សុំយោបល់សម្រេចពីក្រសួងមហាផ្ទៃដូចលើកមុនៗទេ ដើម្បីធានានូវប្រសិទ្ធភាពការងារ ក្នុងការបណ្តេញក្រុមបាតុករចេញឲ្យអស់ពីទីលានប្រជាធិបតេយ្យ ។ ទីបំផុត ការដើរតាមក្រឡាអុកមួយនេះ គឺបានសម្រេចផលជាវិជ្ជមាន ។
ក្រុមអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានលើកឡើងដែរថា ក្រឡាអុករបស់គណបក្សសង្គ្រោះជាតិក៏បានដើរខុសឆ្គងខ្លះដែរ ដូចជា ការប្រើយុទ្ធសាស្ត្រដដែលៗ និងផ្គើនដាក់អាជ្ញាធរទាំងអំនួតជាច្រើនដងទៀត ទើបជាហេតុធ្វើឲ្យបុរសខ្លាំងចាប់ចំណុចខ្សោយបាន ហើយឈានទៅបោសសម្អាត និងបណ្តេញក្រុមបាតុករដឹកនាំដោយគណបក្សសង្គ្រោះជាតិចេញពីទីលានប្រជាធិបតេយ្យបានសម្រេចជោគជ័យក្នុងរយៈពេលដ៏ខ្លី សឹងតែធ្វើឲ្យគណបក្សសង្គ្រោះជាតិបាត់ម្ចាស់ការក្នុងការអនុវត្តផែនការនៃការតវ៉ាទាមទាររបស់ខ្លួន ៕
Source from: www.dtn7.com

Loading...
Loading...