លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យក៏ត្រូវរងការប្តឹងចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋដូចមេបក្សប្រឆាំងដែរ
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាប្រធានសហភាពសហជីពកម្ពុជា ក៏ត្រូវរងការប្តឹងចោទប្រកាន់ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គមទៅតុលាការ ដូចឯកឧត្តម សម រង្ស៊ី និងឯកឧត្តម កឹម សុខា ជាប្រធាន និងជាអនុប្រធានគណបក្សសង្គ្រោះជាតិដែរ ។
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលមានលោក ហៀង សុភក្ត្រ ជាព្រះរាជអាជ្ញារង បានចេញដីកាកោះលោក រ៉ុង ឈុន ដែលជាជនសង្ស័យ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ ឲ្យចូលខ្លួនទៅបំភ្លឺតុលាការ ដើម្បីឆ្លើយដោះបន្ទុកក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ១៥ ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ វេលាម៉ោង០៨ព្រឹកខាងមុខ ខណៈដែលឯកឧត្តម កឹម សុខា តុលាការឲ្យចូលបំភ្លឺនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ខាងមុខនេះដែរ នៅវេលាម៉ោង០៩ព្រឹក និងឯកឧត្តម សម រង្ស៊ី តុលាការឲ្យចូលខ្លួនបំភ្លឺនៅវេលាម៉ោង១០ព្រឹក ។
សូមបញ្ជាក់ជូនថា លោក រ៉ុង ឈុន ដែលជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាប្រធានសហភាពសហជីពកម្ពុជា ដែលមានទំនោរគាំទ្រកម្មវិធីនយោបាយគណបក្សសង្គ្រោះជាតិ បានប្រឈមនឹងការគំរាមកំហែងជាច្រើនពីសំណាក់អាជ្ញាធរ គឺក្រសួងមហាផ្ទៃធ្លាប់បានចេញលិខិតផ្លូវការមួយច្បាប់លេខ២០៤៣សជណ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣ ធ្វើការព្រមានចាត់វិធានការលុបឈ្មោះសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យចេញពីបញ្ជីរបស់ក្រសួងមហាផ្ទៃ ដោយក្រសួងបានកត់សម្គាល់ឃើញថា លោក រ៉ុង ឈុន បានយកតួនាទីរបស់ខ្លួនជាប្រធានសមាគម ចូលរួមក្នុងសកម្មភាពនយោបាយ និងបានធ្វើសកម្មភាពញុះញង់ដោយខុសច្បាប់ទៅប្រជាពលរដ្ឋ ផ្ទុយពីលក្ខន្តិកៈសមាគម ។ លើសពីនេះទៀត កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ តាមការលើកយោបល់របស់ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទទួលបានចំណារឯកភាពនៅថ្ងៃដដែលរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានោះ រាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍បង្គាប់ឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្តឹងលោក រ៉ុង ឈុន ជាប្រធានសហភាពសហជីពកម្ពុជា ទៅតុលាការជាសមត្ថកិច្ច ដោយសារក្រសួងយល់ឃើញថា សហជីពនេះមិនមានចុះបញ្ជិកាត្រឹមត្រូវ តាមស្មារតីលិខិតលេខ២១០២សជណ.អវ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ។
គួររំលឹកជូនដែរថា លោក រ៉ុង ឈុន ក្នុងនាមជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាសកម្មជនព្រំដែនមួយរូប ធ្លាប់ត្រូវបានអាជ្ញាធរចាប់ខ្លួន និងឃុំខ្លួនដាក់ពន្ធនាគារកាលពីអំឡុងចុងឆ្នាំ២០០៥ ដោយសារតែលោកប្រឆាំងតវ៉ានឹងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះហត្ថលេខានៅលើសន្ធិសញ្ញាបំពេញបន្ថែមនៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ កាលពីខែតុលា ឆ្នាំ២០០៥ ជាមួយប្រទេសវៀតណាម ដែលលោកយល់ឃើញថា ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅនឹងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ៕
Source from: www.dtn7.com

Loading...
Loading...