ជិះម៉ូតូទៅបុកឡានស្ទូច ដែលខូចឈប់លើទ្រូងផ្លូវស្លាប់ភ្លាមៗ មុខដេប៉ូសំណង់ គង់ សម្បត្តិ
ខេត្តកណ្ដាល ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណៈដែលបើកម៉ូតូបុក ជាមួយរថយន្តស្ទូច ដែលខូចហើយចតចោល នៅកណ្ដាលទ្រូងផ្លូវ កាលពីវេលាម៉ោង ២៣និង៤០ នាទីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤ ត្រង់ចំណុចមុខដេប៉ូ លក់គ្រឿងសំណង់ យីហោ គង់ សម្បត្តិ លើកំណាត់ផ្លូវជាតិលេខ២ ភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះមានឈ្មោះ សុន វ៉ានី អាយុ ២២ឆ្នាំ មានទីលំនៅ ក្នុងភូមិគ្រាំងសន្ធរ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ បើកម៉ូតូម៉ាកហុងដា ឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១R-៦២២៨ ។ ចំណែករថយន្តបង្ក ម៉ាកនីសាន់ធុនធំ មានដងសន្ទូចពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៣B-៣៤៨១ អ្នកបើកមិនស្គាល់ អត្តសញ្ញាណ។
សាក្សីបានឲ្យដឹងថា កាលពីវេលាម៉ោង១៣ ថ្ងៃទី២៤ ខែមករា រថយន្តបង្ក បានបើកបរនៅលើកំណាត់ ផ្លូវជាតិលេខ២ ពីទិសខាងកើតទៅលិច ដល់ចំណុចមុខដេប៉ូ លក់គ្រឿងសំណង់ គង់សម្បត្តិ បានបត់ឆ្វេង ឆ្លងផ្លូវទៅត្បូង ក៏ស្រាប់តែឃើញ ឈប់ទ្រឹងនៅកណ្តាលទ្រូងផ្លូវ ហើយបន្ទាប់មកឃើញតៃកុង ចុះមកមើល គ្រឿងក្រោមរថយន្ត រួចដោះកង់មុខ ទាំងពីរយកទៅបាត់ ។
លុះដល់យប់ឡើង រថយន្តនោះនៅតែ ឈប់កណ្តាល ទ្រូងផ្លូវដដែល មិនឃើញមាននរណាមកស្ទូច ចេញពីផ្លូវទេ រហូតដល់ម៉ោង ២៣និង៤០ នាទី មានម៉ូតូសេ១២៥ មួយគ្រឿង បើកដោយបុរសម្នាក់ ពីលិចទៅកើត មានល្បឿនលឿន ក៏បុករថយន្តស្ទូច ឈប់កណ្តាលផ្លូវនោះ លាន់ដូចរន្ទះបណ្ដាលឲ្យ ស្លាប់ភ្លាមៗមួយរំពេច ។ គ្រោះថ្នាក់ចរាចរខាងលើ កើតឡើងដោយសារ រថយន្តខូចគាំង ហើយចតលើទ្រូងផ្លូវ ខុសលក្ខណៈបច្ចេកទេស ៕
Source from: watphnom-news.com

Loading...
Loading...