ដឹកស្រីស្នេហ៍ជិះម៉ូតូជ្រេពេញផ្លូវ ប៉ះជាមួយរ៉ឺម៉កកង់៣ ក្លាយជាហិង្សាបែកឈាមពេញមុខ
រាជធានីភ្នំពេញ ៖ បុរសម្នាក់គ្រាន់តែរឿង ជិះម៉ូតូប៉ះគ្នាបន្តិចបន្តួចតាមផ្លូវ បង្កទៅជាជម្លោះនិងប្រើហិង្សា ដាក់គ្នាទៅវិញទៅមក បណ្តាលឲ្យរងរបួសរៀងៗខ្លួន កាលពីវេលាម៉ោង ១៩និង៣០ នាទីយប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៤ នៅចំណុចរង្វង់មូល នាងគង្ហីង ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា កុំតែបានសមត្ថកិច្ច ជួយអន្តរាគមន៍ ទាន់ពេលវេលា ច្បាស់ជាមានរឿងធំ ជាមិនខានឡើយ។
មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកឌ្រីម សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ដឹកស្រីស្នេហ៍ជិះចាក់គួរពេញផ្លូវ ក៏ជ្រុលទៅប៉ះជាមួយ ម៉ូតូកង់បីមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1B-5667 ដែលកំពុង ធ្វើដំណើរស្របគ្នា បណ្ដាលឲ្យម៉ូតូទាំងពីរប៉ះគ្នា បន្តិចបន្តួចសោះ រួចក៏បុរសដែលដឹកស្រីស្នេហ៍នោះ ស្រែកជេរប្រមាថទៅលើអ្នករត់កង់បី។
ពេលនោះម្ចាស់ម៉ូតូកង់៣ មិនបានតបតវិញទេ ក៏ជិះចេញពីកន្លែងកើតហេតុ តែដោយបុរសចិត្តខ្លាំង អាងខ្លួនមានលុយ ក៏ជិះដេញតាម ហើយកាក់ម៉ូតូកង់៣ ឲ្យឈប់ រួចក៏ស្ទុះទៅវាយអ្នករត់កង់៣ ចំនួនមួយដៃចំកណ្ដាលមុខ ធ្វើឲ្យជនរងគ្រោះខឹងខ្លាំងពេក ក៏វាយតប វិញមួយដៃចំខ្ទង់ច្រមុះ បណ្ដាលឲ្យបែក ហូរឈាមពេញមុខ បង្កឲ្យមានការភ្ញាក់ផ្អើល អ្នកធ្វើដំណើរ ចោមរោមមើលព្រោងព្រាត៕
Source from: watphnom-news.com

Loading...
Loading...