ជិះរ៉ឺម៉កម៉ូតូរកទិញអេតចាយ ២នាក់ប្តីប្រពន្ធ ត្រូវឡានក្រុងក្រុមហ៊ុនពន្លឺ ខ្មែរអង្គរ បុកស្លាប់
ខេត្តកណ្តាល ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅក្នុងថ្លុកឈាម រីឯប្រពន្ធបានរងរបួសធ្ងន់ ខណៈដែលជនរងគ្រោះ បើកម៉ូតូសណ្តោងរ៉ឺម៉ក តាមបណ្តោយផ្លូវជាតិ លេខ៥ ដើរទិញអេតចាយ ក៏ត្រូវរថយន្តក្រុង ដឹកអ្នកដំណើរ របស់ក្រុមហ៊ុនពន្លឺ ខ្មែរអង្គរបើកបុកទាំងកំរោល កាលពីវេលាម៉ោង ៤និង១៥ នាទីទៀបភ្លឺ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤ ចន្លោះគីឡូម៉ែត្រ លេខ២០-២១ ស្ថិតក្នុងភូមិពោធិ៍មង្គល ឃុំព្រែកតាទែនទេន ស្រុកពញាឮ ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តក្រុងបង្កហេតុ ជារបស់ក្រុមហ៊ុន ពន្លឺខ្មែរអង្គរ ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 3A-9808 បានបើកបុកម៉ូតូ ម៉ាកគុបមូល ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ-ព១ ខ-៧២៦៣ មានសណ្តោងរ៉ឺម៉ក ដឹកអេតចាយ ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យអ្នកបើកបរ ម៉ួតូសណ្តោងរ៉ឺម៉កម្នាក់ស្លាប់ និងអ្នករួមដំណើរ ដែលត្រូវជាប្រពន្ធ បានរងរបួសធ្ងន់ ត្រូវបានដឹកយកទៅ សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត ។
ជនរងគ្រោះឈ្មោះ ស៊ុយ សាលី អាយុ ២៧ឆ្នាំ ចំណែកប្រពន្ធ ដែលរួមដំណើរ បានរងរបួសធ្ងន់ឈ្មោះ សុខ ទីន អាយុ ២៣ឆ្នាំ អ្នកទាំង២ ជាជនជាតិខ្មែរឥស្លាមមានទីលំនៅ ក្នុងភូមិលេខ៧ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តក្រុង បានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្ត នៅកន្លែងកើតហេតុ និងអ្នកដំណើរជាច្រើននាក់៕
Source from: watphnom-news.com

Loading...
Loading...