ស្ថាប័នតុលាការនិងក្រសួងសុខាភិបាលគប្បីចាត់វិធានការផ្លូវច្បាប់ទៅលើគ្លីនិកសម្ភពសូរិយាភាដែលបង្កឲ្យទារកស្លាប់ច្រើនករណីមកហើយ
មិនដឹងជាមកពីមូលហេតុគ្រូពេទ្យគ្មានជំនាញ ឬជាការធ្វេសប្រហែសរបៀបខ្វះការទទួលខុសត្រូវក្នុងវិជ្ជាជីវៈ ក្រមសីលធម៌របស់គ្រូពេទ្យ ឬុយ៉ាងណានោះទេ ទើបគ្លីនិកឯកជនមួយឈ្មោះ សម្ភពសូរិយាភា ឋិតនៅផ្ទះលេខ៥៤ ផ្លូវលេខ៦៣ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានលោកស្រីវេជ្ជបណ្ឌិត ហ៊ី សូរ្យាភា ជាម្ចាស់គ្លីនិក អះអាងថាជាវេជ្ជបណ្ឌិតជំនាញមិនតិចជាង៣០ឆ្នាំនោះ ធ្វើឲ្យទារកស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់គួរឲ្យសោកស្តាយបំផុត ខណៈដែលគ្លីនិកនេះត្រឹមបង់ប្រាក់សំណងជំងឺចិត្តជូនក្រុមគ្រួសាររងគ្រោះប៉ុណ្ណោះ ។
ហេតុការណ៍ជាក់ស្តែងគឺកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ វេលាម៉ោង១១ព្រឹក ទារកម្នាក់ជាកូនរបស់លោក ភុត ប៊ុនហម និងអ្នកស្រី អ៊ឹម វណ្ណារ៉ា ដែលបានចូលមកសម្រាលកូននៅគ្លីនិកសម្ភពសូរិយាភា ហើយថែមទាំងធ្លាប់បានពិនិត្យសុខភាពគ៌ភនៅគ្លីនិកនេះទៀត បានស្លាប់បាត់បង់ជីវិតពេលកំពុងវះកាត់សម្រាល ខណៈដែលម្តាយត្រូវបង្ខំចិត្តចាកចេញពីគ្លីនិកទាំងមានមុខរបួសវះកាត់ទៅព្យាបាលបន្តនៅមន្ទីរពេទ្យកាល់ម៉ែត ។ ក្នុងហេតុការណ៍ទារកស្លាប់បាត់បង់ជីវិតគួរឲ្យសោកស្តាយនេះ គឺខាងភាគីម្ចាស់គ្លីនិកបានសងសំណងជំងឺចិត្តជាប្រាក់ចំនួន២.៥០០ដុល្លារអាមេរិក ឲ្យទៅក្រុមគ្រួសាររងគ្រោះបាត់បង់កូនជាទីស្រឡាញ់ ជាថ្នូរនឹងការបិទសំណុំរឿង ។
កាលពីប្រមាណជាង១ឆ្នាំមុន ទារកម្នាក់ត្រូវជាកូនរបស់អ្នកប្រកបរបរសារព័ត៌មានវិទ្យុអន្តរជាតិផ្សាយជាភាសាខ្មែរមួយផង បានស្លាប់បាត់បង់ជីវិត ដោយសារគ្រូពេទ្យសម្ភពសូរិយាភាធ្វេសប្រហែស ទុកទារកចោលមិនព្រមបញ្ជូនទៅសង្គ្រោះបន្ទាន់ បែរជាបង្អង់ទុកយូរ រហូតដល់ថ្នាក់ស្រមោចរោមទារកពេលមិនទាន់ស្លាប់នៅឡើយ ទើបឪពុកទារកឃើញក៏បង្ខំឲ្យម្ចាស់គ្លីនិកសម្ភពសូរិយាភានេះដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ប៉ុន្តែជាអកុសលទារកកម្សត់ក៏បានស្លាប់បាត់បង់ជីវិតទាំងសោកស្តាយពេលកំពុងធ្វើដំណើរបញ្ជូនមិនដល់ជុំវិញផ្សារធំថ្មីផង ។ ក្នុងហេតុការណ៍នេះ ប្រភពព័ត៌មានបានឲ្យដឹងថា ម្ចាស់គ្លីនិកសម្ភពសូរិយាភាបានព្រមព្រៀងបង់សំណងជំងឺចិត្តក្រៅផ្លូវការជូនទៅក្រុមគ្រួសាររងគ្រោះបាត់បង់កូនចំនួន៥.០០០ដុល្លារអាមេរិក ដើម្បីបិទសំណុំរឿង ។
ប្រភពព័ត៌មានពីក្រុមគ្រួសាររងគ្រោះដែលមានទារកស្លាប់បាត់បង់ជីវិតក្នុងគ្លីនិកសម្ភពសូរិយាភា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤កន្លងទៅនេះ បានឲ្យដឹងថា មានខាងមន្ត្រីមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានដើរតួសម្របសម្រួលដើម្បីឲ្យម្ចាស់គ្លីនិកសម្ភពសូរិយាបង់ប្រាក់ជំងឺចិត្តជាថ្នូរនឹងការបញ្ចប់រឿង ។
ដូច្នេះ ដើម្បីបង្ការការពារទុកជាមុនកុំឲ្យមានមនុស្សរងគ្រោះថ្នាក់ដល់អាយុជីវិតនៅសម្ភពសូរិយាភានេះតទៅទៀត សូមស្ថាប័នតុលាការ ជាពិសេសអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលតំណាងឲ្យផលប្រយោជន៍សាធារណៈ និងក្រសួងសុខាភិបាលដែលមានឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង ជារដ្ឋមន្ត្រី គប្បីចាត់វិធានការផ្លូវច្បាប់ទៅលើគ្លីនិកសម្ភពសូរិយាភា ដែលបង្កឲ្យមានទារកស្លាប់ពេលសម្រាលច្រើនករណីមកហើយនេះផង ដ្បិតបើពឹងទៅលើមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដែលជាអ្នកចេញលិខិតអនុញ្ញាតឲ្យបើកគ្លីនិកនោះ ទំនងជាត្រូវដងត្រូវផ្លែជាមួយបណ្តាគ្លីនិកឯកជនអស់ទៅហើយ ៕
Source from: www.dtn7.com

Loading...
Loading...