កម្មករក្រីក្រខ្ចីម៉ូតូអ្នកស្គាល់គ្នា ជិះទៅទិញបាយហូប ត្រូវឡានបុកស្លាប់គួរឲ្យសង្វេគ
រាជធានីភ្នំពេញ ៖ ស្ត្រីជនជាតិកូរ៉េ បានបើករថយន្ត គេចពីរថយន្តមួយគ្រឿងទៀត ជ្រុលទៅបុកម៉ូតូ ខ្ទាតចម្ងាយ ៥ ម៉ែត្រ បណ្តាលឲ្យកម្មករជាងឈើម្នាក់ បាក់កស្លាប់ នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈដែលជនរងគ្រោះខ្ចីម៉ូតូអ្នកស្គាល់គ្នា ជិះទៅទិញបាយហូប កាលពីវេលាម៉ោង ៦និង២០ នាទី ព្រលប់ថ្ងៃទី៧ ខែមករា ក្បែរបុរីប៉េងហួត តាមផ្លូវលេខ៥៩៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តបង្កម៉ាក ឡិចស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2 J-1746 បើកបរដោយស្ត្រី ជនជាតិកូរ៉េ ក្នុងទិសដៅ ពីជើងទៅត្បូង ចំណែកម៉ូតូសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1J-7783 ជិះគ្នា ២នាក់ ធ្វើដំណើរពីត្បូងទៅជើង ខណៈមកដល់ ចំណុចកើតហេតុ រថយន្តឡិចស៊ីស បានបើកគេចរថយន្ត មួយគ្រឿងទៀត ដែលថយចេញពីក្នុងផ្ទះ ជ្រុលទៅបុកម៉ូតូ នៅខាងឆ្វេងដៃពេញទំហឹង។
ក្នុងហេតុការណ៍គួរឲ្យរន្ធត់នោះ សាក្សីបានឃើញ ម៉ូតូនិងជនរងគ្រោះ ប៉ើងចម្ងាយ ៥ម៉ែត្រពីរថយន្ត បណ្តាលឲ្យអ្នកជិះខាងក្រោយ ដួលបាក់កស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ចំណែកអ្នកបើកម៉ូតូ រងរបួសធ្ងន់។ ជនរងគ្រោះដែលស្លាប់ មានឈ្មោះ សួន ជា ភេទប្រុស អាយុ ២៣ឆ្នាំ ជាកម្មករជាងឈើ ស្នាក់នៅម្តុំត្រឡោកបែក សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក មានស្រុកកំណើត នៅភូមិជើងគួន ឃុំជើងគួន ស្រុក សំរោង ខេត្តតាកែវ និងអ្នករបួសធ្ងន់ឈ្មោះ ស្តើង ដាវិន ភេទប្រុស អាយុ ២៣ឆ្នាំ ជាកម្មករជាងឈើ ស្នាក់នៅជិតគ្នា ។ ចំណែកអ្នកបើករថយន្ត មានឈ្មោះ លី សាន់ហ៊ី ភេទស្រី អាយុ ៤៨ឆ្នាំ ស្នាក់នៅភូមិតាកេ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ៕
Source from: watphnom-news.com

Loading...
Loading...