ក្រណាស់ម្ចាស់ថ្លៃ រកលុយបង់អង្គការមិនទាន់ ដាច់ចិត្តចងកសម្លាប់ខ្លួន ចំថ្ងៃ ៧មករា
ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់មានទំនាស់ជាមួយប្តី រឿងជំពាក់ប្រាក់គេច្រើនពេក និងគ្មានប្រាក់បង់ឡើងអង្គការ តាមការកំណត់ គិតអ្វីមិនចេញ បានឡើងលើផ្ទះ លួចចងកសម្លាប់ខ្លួន ត្រូវបានកូនស្រីប្រទះឃើញ ស្លាប់បាត់ទៅហើយ កាលពីវេលាម៉ោង ៩និង៣០ នាទីព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៤ នៅភូមិព្រៃរកា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។
នគរបាលក្រុងបាត់ដំបង បានអោយដឹងថា ស្ត្រីដែលចងកសម្លាប់ខ្លួន មានឈ្មោះ មៀច ម៉េងលី អាយុ ៥៧ឆ្នាំ មានប្តីឈ្មោះ អ៊ុន សាវុត អាយុ ៦២ឆ្នាំមានកូនស្រីចំនួន ៦នាក់ទី១-ឈ្មោះ វុត ម៉ាលីន អាយុ ៣៣ឆ្នាំ នៅលីវ។ ទី២-ឈ្មោះ វុត មាលា អាយុ ៣០ឆ្នាំ មានគ្រួសារ។ ទី៣- ឈ្មោះ វុត វាសនា អាយុ ២៧ឆ្នាំ មានគ្រួសារ នៅប្រទេសម៉ាឡេស៊ី។ ទី៤-ឈ្មោះ វុត លីនដា អាយុ ២៤ឆ្នាំនៅលីវ។ ទី៥-ឈ្មោះ វុត វណ្ណារ៉ា អាយុ ២១ឆ្នាំ នៅលីវ និងទី៦-ឈ្មោះ វុត រស្មី អាយុ ១៨ឆ្នាំនៅលីវ ។
អ្នកជិតខាងបានអោយដឹងថា នៅវេលាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៤ ស្ត្រីរងគ្រោះមានទឹកមុខ ខ្មៅជាំដើរចុះឡើង ក្នុងភូមិដែលគេដឹងថា មានទុក្ខលំបាកខ្លាំង ។ ក្រោយមកក៏ឮសំឡេង ឈ្លោះប្រកែកជាមួយប្តី រឿងជំពាក់ប្រាក់គេ និងដល់ម៉ោងសន្យា បង់ប្រាក់ឡើងអង្គការ នៅម៉ោង៩ ព្រឹកថ្ងៃដដែល។ លុះដល់ម៉ោង ៩ព្រឹកទើបមានការភ្ញាក់ផ្អើលថា ស្ត្រីឈ្មោះ មៀច ម៉េងលី បានចងកសម្លាប់ខ្លួន នៅលើផ្ទះតែម្តង។
ឈ្មោះ អ៊ុន សាវុត ជាប្តីបានប្រាប់សមត្ថកិច្ចថា ពីព្រលឹមគាត់បាន ឈ្លោះប្រកែកគ្នា ជាមួយប្រពន្ធ រឿងជំពាក់ប្រាក់គេ ហើយដល់ថ្ងៃបង់អង្គការ គ្មានប្រាក់បង់ គ្មានរបរពិតប្រាកដ ទៅរកប្រាក់ ឯណាបង់ទាន់។ ក្រោយមកខ្លួនក៏ចេញ មកក្រៅផ្ទះរកខ្ជីគេ ដើម្បីអោយប្រពន្ធ យកទៅបង់ការប្រាក់ តែមិនទាន់រកបានប្រាក់ផង ក៏ទទួលដំណឹងពីកូនស្រីច្បងថា ម្តាយបានចងក សម្លាប់ខ្លួនបាត់ហើយ។ ក្រោយពីធ្វើកោសល្យវិច័យ និងសាកសួរអ្នកជិតខាង សមត្ថកិច្ចបានបញ្ជាក់ ថា សពស្ត្រីឈ្មោះ មៀច ម៉េងលី ពិតជាបានចងក សម្លាប់ខ្លួនប្រាកដមែន ពុំមែនជាករណី ឃាតកម្មអ្វីនោះទេ ហើយបានប្រគល់ជូនសាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណី៕ ដោយ សុខជា
Source from: watphnom-news.com

Loading...
Loading...