ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ប្តេជ្ញារកយុទ្ធសាស្ត្រថ្មី ក្នុងការតស៊ូមតិដោយអហិង្សា
រាជធានីភ្នំពេញ ៖ គណបក្សសង្គ្រោះជាតិ នៅរសៀលថ្ងៃទី៤ ខែមករា នេះ បានប្រកាសផ្អាក ធ្វើមហាបាតុកម្មអហិង្សា នៅទីលានប្រជាធិបតេយ្យ ដែលគ្រោងធ្វើនៅថ្ងៃទី៥ ខែមករា ដើម្បីទាមទារកំណែទម្រង់ ការបោះឆ្នោត និងរៀបចំការបោះឆ្នោតឡើងវិញ។ នៅក្នុងសេចក្តីជូនដំណឹង របស់គណបក្ស សង្គ្រោះជាតិ បានឲ្យដឹងថា គណបក្សសង្គ្រោះជាតិ ផ្អាកធ្វើបាតុកម្ម ដែលគ្រោងធ្វើនៅថ្ងៃទី៥ ខែមករា បន្ទាប់ពីមានការបំបែក ក្រុមបាតុករនៅ ទីលានប្រជាធិបតេយ្យ ពីសំណាក់អាជ្ញាធរ រាជធានីភ្នំពេញ និងស្របពេល ដែលទីលានប្រជាធិបតេយ្យ ត្រូវកងកម្លាំងប្រដាប់អាវុធ ហ៊ុមព័ទ្ធមិនឲ្យមានការប្រមូលផ្តុំ។
មន្ត្រីគណបក្សសង្គ្រោះជាតិ ច្រានចោលព័ត៌មានដែលថា លោកសម រង្ស៊ី នឹងចេញទៅ ប្រទេសថៃនៅ ហើយនិងបន្ត ទៅកាន់ប្រទេសបារាំង នៅថ្ងៃទី០៥ ខែមករា បន្ទាប់ពីកម្លាំង សមត្ថកិច្ចចម្រុះ បំបែកក្រុមបាតុករ គណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ។ អ្នកនាំពាក្យ គណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានឲ្យដឹងថា នៅពេលនេះ លោក សម រង្ស៊ី និងលោក កឹម សុខា កំពុងស្នាក់នៅប្រទេសកម្ពុជា ហើយថ្នាក់គណបក្ស សង្គ្រោះជាតិ មិនមានគម្រោងចេញទៅក្រៅប្រទេស ដូចការចុះផ្សាយព័ត៌មាន ក្នុងស្រុកនោះទេ។
ក្នុងសេចក្តីថ្លែងការណ៍មួយ តែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីអាជ្ញាធរសមត្ថកិច្ច និងភាគច្រើនជាជនស៊ីវិល ប្រដាប់ដោយដំបង បានចូលបណ្តេញបាតុករ និងរុះរើរោងបាតុកម្ម ចេញពីទីលានប្រជាធិបតេយ្យ កាលពីម៉ោង ១១និង៣០ នាទី ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤ គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ អំពាវនាវឲ្យជនរួមជាតិ និងបាតុករទាំងអស់ រក្សាភាពស្ងប់ស្ងៀមមួយរយៈពេល ហើយគណបក្សសង្គ្រោះជាតិ នឹងមានយុទ្ធវិធីថ្មី ក្នុងការ តស៊ូមតិដោយអហិង្សា។
សេចក្តីថ្លែងការណ៍បាន លើកឡើងថា ដោយប្រកាន់ខ្ជាប់នូវ គោលការណ៍អហិង្សា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានអំពាវនាវដល់បាតុករទាំងអស់ មិនឲ្យតបត ទៅនឹងកងកម្លាំង ប្រដាប់អាវុធ និងកម្លាំងស៊ីវិលទាំងនោះ ហើយឲ្យបាតុករចាកចេញ ពីទីលានប្រជាធិបតេយ្យ ដើម្បីរក្សាសន្តិសុខ និងសុវត្ថិភាពផ្ទាល់ខ្លួន និងជៀសវាងនូវការ ប្រឈមមុខដោយ អំពើហិង្សាណាមួយ ជាយថាហេតុ៕
Source from: watphnom-news.com

Loading...
Loading...