រវល់មើលអ្នកមានវិបត្តិ ដាច់បាយដួលសន្លប់ បើកឡានបុកបន្តគ្នា ខូចខាតអស់ ៣គ្រឿង
រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់រថយន្ត ៣គ្រឿង បានរងការខូចខាត ខ្ទេចមុខ កំពិតក្រោយ បន្ទាប់ពីអ្នកបើករថយន្តម្នាក់ រវល់តែងាកមើល បុរសម្នាក់ខ្យល់គ ដួលសន្លប់នៅលើចិញ្ចើមផ្លូវ ជាន់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកបន្តកន្ទុយគ្នាកាលពីវេលាម៉ោង ៤និង៣៥ នាទី ល្ងាចថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយ ផ្លូវសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
នៅមុនពេលកើតហេតុ មានបុរសពោះម៉ាយឈ្មោះ ខុម អាយុ ៤៥ឆ្នាំ រស់នៅជាមួយម្តាយ តែ ២នាក់ម៉ែកូន នៅតំបន់ផ្ទះល្វែង ក្នុងបុរីសន្តិភាព២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានខ្យល់គ ដេកដួលសន្លប់នៅចិញ្ចើមផ្លូវ ដោយសារមានវិបត្តិក្នុងគ្រួសារ ដើរដាច់បាយដាច់ទឹក។ ប្រជាពលរដ្ឋ បានជួយគក់ច្របាច់ ហើយនាំគ្នាដឹក ជនរងគ្រោះ តាមរ៉ឺម៉ក ម៉ូតូកង់បី យកទៅព្យាបាល នៅផ្ទះឯបុរីសន្តិភាព២ ។
ខណ:ដែលអ្នកដំណើរ នាំគ្នាចោមរោមមើល ករណីបុរសខ្យល់គ ស្រាប់តែ មានរថយន្តមួយគ្រឿង ម៉ាកកៀ ពណ៌ខៀវ ចំណុះ ១តោន ឃ្លុបបិតជិត ពាក់ស្លាកលេខ ភ្នំពេញ 2K-3237- ជិះដោយយុវជន ៣នាក់ បើកបរដោយឈ្មោះ ម៊ឺន វណ្ណី ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរបើក បររថយន្តប្រចាំ ក្រុមហ៊ុន រោងចក្រ ពីលិចទៅកើត ក្នុងល្បឿនលឿន។ មកដល់ចំណុចកើតហេតុ អ្នកបើកបររវល់តែ ងាកមើលបុរសខ្យល់គ មិនបានមើលមុខ ក៏ជ្រុលទៅបុកគូថ រថយន្តកូរ៉ូឡា មួយគ្រឿង សេរី៩៨ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Q-8201 ជិះដោយបុរស ៤នាក់ ក្នុងទិសដៅស្របគ្នា ។
ដោយសារមិនទាន់អស់ល្បឿន រថយន្តបង្កបានរុញ រថយន្តកូរ៉ូឡា បន្តទៅបុករថយន្ត មួយគ្រឿងទៀត ម៉ាក កាមរីស្វិត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2E-4193 របស់បុរសវ័យចំណាសម្នាក់ មិនស្គាល់ឈ្មោះ បណ្តាលឲ្យរថយន្ត កាមរីស្វិត រងការខូចខាត ពីក្រោយតិចតួច បានបើកចាកចេញទៅបាត់ នៅសល់តែរថយន្ត ២គ្រឿង នៅកន្លែងកើតហេតុ ហើយក៏មានការសម្រួលគ្នា ចេញសងថ្លៃខូចខាត ចំពោះរថយន្តកូរ៉ូឡា ជាកាបញ្ចប់រឿង នៅកន្លែងកើតហេតុ កុំឲ្យកាន់តែវែងឆ្ងាយ៕
Source from: watphnom-news.com

Loading...
Loading...