ក្រឡាប់ឡានដឹកដំឡូងមីរបួសធ្ងន់ម្នាក់ ២នាក់ទៀតលោតចេញទាន់ពេល កុំអីសង្កត់ស្លាប់
ខេត្ដរតនគីរី ៖ រថយន្ដដឹកដំឡូងមី បានក្រឡាប់ធ្លាក់ជ្រលងផ្លូវ កាលពីវេលាម៉ោង ៧ព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៤ ត្រង់ចំណុចផ្លូវជាតិលេខ៧៨A ឋិតក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញៃ ស្រុកអូរយ៉ាដាវ បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ហើយមនុស្ស ២នាក់ទៀត ដែលបានលោតចេញ មុនពេលរថយន្ដក្រឡាប់ បានរងរបួសស្រាល តែមិនមានគ្រោះថ្នាក់ ដល់អាយុជីវិតនោះទេ ។
ជនរងគ្រោះដែលរងរបួសធ្ងន់ មានឈ្មោះ គង់ ជាអ្នកបើកបររថយន្ដ ពាក់ស្លាកលេខ កំពង់ចាម 3A-0914 ។ ចំណែកបុរសពីរនាក់ទៀត ដែលជាអ្នករួមដំណើរ និងមិនមានរងរបួសឈ្មោះ ប៉ុក ហេង អាយុ ៣៥ឆ្នាំ និងឈ្មោះ ម៉ាន់ សារី អាយុ ២៨ឆ្នាំ ។ បុរសពីរនាក់ ដែលរងរបួសស្រាល បានឱ្យដឹងថា មុនពេលកើតហេតុ រថយន្ដដឹកដំឡូងមី ខាងលើនេះ បានបើក ចេញពីភូមិត្រុំ ឃុំឡាមិញ ស្រុកបរកែវ ទិសដៅពីលិច ទៅកើតឆ្ពោះទៅ ច្រកទ្វារអន្ដរជាតិអូរយ៉ាដាវ តាមបណ្ដោយផ្លូវ ជាតិលេខ៧៨A ។
លុះមកដល់ចំណុច កើតហេតុដែលជាផ្លូវកោង សង្ស័យរថយន្ដដាច់រ៉ូទីល ក៏បណ្ដាលឱ្យក្រឡាប់ ធ្លាក់ជ្រលងផ្លូវតែម្ដង នាំឲ្យមានមនុស្សរងរបួស។ ចំណែកបុរសទាំងពីរនាក់ ដោយឃើញស្ថានភាពមិនស្រួល ក៏បានសម្រេចចិត្ដ លោតចេញនៅមុនពេល រថយន្ដក្រឡាប់ ទើបបណ្តាលឲ្យ រងរបួសតិចតួច៕
Source from: watphnom-news.com

Loading...
Loading...