ដកហូតមុខតំណែងមន្ត្រីពុករលួយម្នាក់ឈ្មោះ ង៉ាន ណានី ពីប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង
ប្រភពព័ត៌មានច្បាស់ការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា លោក ង៉ាន ណានី ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ដែលត្រូវបុគ្គលិក មន្ត្រីរាជការក្រោមឱវាទប្តឹងចោទប្រកាន់ពាក់ព័ន្ធនឹងអំពើពុករលួយ ព្រមទាំងអំពើអសកម្មជាច្រើនចំណុចនោះ ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចផ្អាកពីមុខតំណែងជាផ្លូវការហើយ បន្ទាប់ពីក្រុមប្រតិភូមន្ត្រីអធិការកិច្ចក្រសួងចុះស្រាវជ្រាវ អង្កេតរកឃើញថា លោកប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងរូបនេះពិតជាបានប្រព្រឹត្តនូវកំហុសឆ្គងប្រាកដមែន ។
យោងតាមប្រកាសលេខ០៣២ប្រក.កសក ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះហត្ថលេខាដោយឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន ជារដ្ឋមន្ត្រី បានសម្រេចផ្អាកមុខតំណែងលោក ង៉ាន ណានី ពីប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបានសម្រេចចាត់តាំងលោក ងិន ហ៊ុន អនុប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ឲ្យទទួលភារកិច្ចដឹកនាំមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំជំនួសលោក ង៉ាន ណានី ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។
សូមបញ្ជាក់ជូនថា នារយៈពេលកន្លងមក មន្ត្រីរាជការ និងបុគ្គលិកក្រោមឱវាទនៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងចំនួន៤៧រូប បានដាក់ពាក្យប្តឹងចោទប្រកាន់លោក ង៉ាន ណានី ជាប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង នូវចំណុចអសកម្មចំនួន៧ រួមមាន ៖ ១-ការរំលោភបំពានលើច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ។ ២-កិបកេងប្រេងឥន្ធនៈ ។ ៣-កិបកេងថវិកាតាមរយៈការលក់ចេញស្រូវពូជអន់គុណភាព និងទិញស្រូវពូជថ្មីបញ្ចូលឃ្លាំងវិញ ។ ៤-ជំរិតទារប្រាក់ពីមន្ត្រីក្រោមឱវាទ តាមរយៈការរៀបចំឯកសារតែងតាំង ឬដំឡើងឋានៈ ។ ៥-ប្រមូលថវិកាពីមន្ត្រីកាន់គម្រោងទប់ស្កាត់ជំងឺគ្រុនផ្តាសាយបក្សី ។ ៦-ដកថវិកាពីបេឡាមន្ទីរ ដើម្បីប្រើប្រាស់ជាផលប្រយោជន៍ផ្ទាល់ខ្លួន និង៧-ប្រមាថមាក់ងាយ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសមន្ត្រីរាជការក្រោមឱវាទជាស្ត្រីភេទ ។
មន្ត្រីរាជការក្រោមឱវាទមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានលើកឡើងថា ក្នុងករណីអធិការកិច្ចក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស៊ើបអង្កេតរកឃើញការប្រព្រឹត្តអំពើពុករលួយរបស់លោក ង៉ាន ណានី ជាប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងរួចហើយនោះ គួរតែក្រសួងរៀបចំឯកសារឲ្យអង្គភាពប្រឆាំងអំពើពុករលួយចាត់ការតាមនីតិវិធីនៃច្បាប់ទៅលើលោក ង៉ាន ណានី រឹតជាការប្រសើរ បន្ថែមពីលើការដកហូតមុខតំណែងពីប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ។
ក្រុមមន្ត្រីរាជការ បុគ្គលិកក្រោមឱវាទលោក ង៉ាន ណានី អតីតជាប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានសម្តែងនូវការអបអរសាទរជាអនេកចំពោះចំណាត់ការរបស់ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានសម្រេចផ្អាកមុខតំណែងលោក ង៉ាន ណានី ដែលជាមន្ត្រីពុករលួយពីប្រធានមន្ទីរកសិកម្ម ខេត្តកំពង់ឆ្នាំងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមពាក្យបណ្តឹងរបស់ពួកគាត់ ៕
Source from: www.dtn7.com

Loading...
Loading...