បណ្ឌិត ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ និងអតីតទីប្រឹក្សាបុរសខ្លាំងរងរបួសដៃស្តាំ
លោកបណ្ឌិត ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) ជាសេដ្ឋីជនជាតិថៃ មានទ្រព្យសម្បត្តិមហាសាល ត្រូវជាបងប្រុសបង្កើតលោកជំទាវ យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន ជាអតីតនាយករដ្ឋមន្ត្រីថៃ និងជាអតីតទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បណ្ឌិតសភាចារ្យ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី៤ ត្រូវបានទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) គឺលោក អេដ កាស៊ូ បង្ហាញរូបភាពនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤នេះ ឲ្យដឹងថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កំពុងឈរជជែកគ្នាជាមួយអ្នកជំនួញផ្សេងៗទៀត នៅមុខសណ្ឋាគារមួយកន្លែងឋិតនៅប្រទេសសិង្ហបុរី កាលពីរាត្រីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ម្សិលមិញ ។
ចំណុចគួរឲ្យចាប់អារម្មណ៍ចំពោះវត្តមានរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅប្រទេសសិង្ហបុរីនោះ គឺរូបភាពបានបង្ហាញឲ្យឃើញថា នៅដៃខាងស្តាំរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា មានរុំបង់ពណ៌ស ហាក់ដូចជារងរបួសអ្វីមួយ ប៉ុន្តែគ្មានប្រភពជាក់លាក់ណាបញ្ជាក់អំពីមូលហេតុដែលលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បង្ហាញវត្តមាននៅលើទឹកដីប្រទេសសិង្ហបុរីជាប្រទេសសមាជិកអាស៊ាន និងលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា រងរបួស ឬមានជំងឺអ្វីនៅលើដៃខាងស្តាំនោះឡើយ ។
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ បាននិរទេសខ្លួនរស់នៅឯបរទេស ក្រោយព្រឹត្តិការណ៍រដ្ឋប្រហារយោធាផ្តួលរំលំលោកកាលពីអំឡុងឆ្នាំ២០០៦កន្លងមក ពោលគឺអស់រយៈពេលជាង៧ឆ្នាំហើយ ដែលលោកលែងបានដាក់ជើងចុះជាន់លើដីមាតុប្រទេស ។
ទោះបីជាលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា មិនអាចចូលទឹកដីថៃបានក៏ដោយ ក៏លោកអាចចេញចូលនៅតាមបណ្តាប្រទេសមួយចំនួនជាសមាជិកអាស៊ាន ដូចជា កម្ពុជា សិង្ហបុរី…ជាដើម ។
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ធ្លាប់បានចេញចូលទឹកដីប្រទេសកម្ពុជា គ្រប់គ្រងអំណាចដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាញឹកញាប់ ហើយធ្លាប់ត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី៤ និងជាទីប្រឹក្សាផ្ទាល់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុកសេដ្ឋកិច្ច ដោយព្រះរាជក្រឹត្យលេខនស/រកត/១០០៩/១០១៨ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០០៩ ក្នុងនាមជាមិត្តភក្តិដ៏ជិតស្និទ្ធរបស់បុរសខ្លាំង ។ ប៉ុន្តែរយៈពេលជិត១ឆ្នាំក្រោយមក លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានសុំលាឈប់ពីការធ្វើជាទីប្រឹក្សាបុរសខ្លាំង និងជាទីប្រឹក្សារាជរដ្ឋាភិបាលដឹកនាំដោយបុរសខ្លាំងវិញ ទើបរាជរដ្ឋាភិបាលបានបញ្ចប់មុខតំណែងលោកដោយព្រះរាជក្រឹត្យលេខនស/រកត/០៨១០/៦៩០ ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១០ ។ កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៣កន្លងទៅ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ក៏បានអញ្ជើញមកចូលរួមគោរពវិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង ឪពុករបស់បុរសខ្លាំងដែលបានទទួលមរណភាពនាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ ផងដែរ នៅភូមិគ្រឹះបុរសខ្លាំងក្បែរវិមានឯករាជ្យ រាជធានីភ្នំពេញ ។
ក្រុមអ្នកជំនួញមួយចំនួន បានសម្តែងនូវការសង្ស័យថា អាចមានទឹកប្រាក់របស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដាក់ទុកវិនិយោគនៅប្រទេសកម្ពុជា តាមរយៈឈ្មួញថៃ និងឈ្មួ្ញញខ្មែរជំនិតៗរបស់បុរសខ្លាំង ៕
Source from: www.dtn7.com

Loading...
Loading...