មន្ត្រីអនុរក្សពន្ធនាគារខេត្តតាកែវ ទទូចឲ្យក្រសួងមហាផ្ទៃចុះស៊ើបអង្កេត រឿងអាស្រូវពុករលួយ និងគ្រួសារនិយមរបស់លោក គង់ ស៊ីថា
ខេត្តតាកែវ ៖ រឿងរ៉ាវពុករលួយនៅក្នុង ពន្ធនាគារទូទាំងប្រទេស បានកើតមានជាហូរហែ មិនទាន់មានការ កែទម្រង់ឲ្យស្របតាមបទបញ្ជា និងសេចក្តីណែនាំរបស់ ក្រសួងមហាផ្ទៃ នៅឡើយទេ ហើយថ្មីៗនេះ មន្ត្រីអនុរក្សពន្ធនាគារ តូចតាចជាច្រើន បានសម្តែងការមិនពេញចិត្ត និងលាតត្រដាងរឿងអាស្រូវ ពុករលួយរបស់លោក គង់ ស៊ីថា ជាប្រធានពន្ធនាគារ ខេត្តតាកែវ ដែលបានប្រព្រឹត្តអំពើពុករលួយ កេងប្រវ័ញ្ចកាត់របបប្រាក់ខែ និងគំរាមកំហែង លើមន្ត្រីក្រោមឱវាទយ៉ាងធ្ងន់ធ្ងរបំផុត។ មន្ត្រីអនុរក្សពន្ធនាគារទាំងនោះ ក៏បានសំណូមពរ ឲ្យក្រសួងមហាផ្ទៃ ជាពិសេសអ្នកស្រាវជ្រាវឯករាជ្យ មេត្តាពិនិត្យមើល ភាពមិនប្រក្រតី និងអំពើពុករលួយ ដែលកំពុងកើតមានយ៉ាងពេញបន្ទុក នៅក្នុងពន្ធនាគារខេត្តតាកែវ ឡើងវិញផង ដើម្បីកែទម្រង់ ភាពអសកម្មទាំងនេះ ឲ្យបានទាន់ពេលវេលា។
មន្ត្រីតូចតាចជាច្រើន បានលើកឡើងថា លោក គង់ ស៊ីថា ជាប្រធានពន្ធនាគារ ខេត្តតាកែវ បានកាន់តំណែងនេះ ឡើងដុះស្លែទៅហើយ មានឳកាសប្រព្រឹត្ត អំពើពុករលួយ កេងប្រវ័ញ្ចលើរបបហូបចុកប្រចាំថ្ងៃ របស់អ្នកទោសជាង ៣០០នាក់ ហើយរឿងដែលគួរឲ្យ ស្អប់ខ្ពើមបំផុតនោះ លោក គង់ ស៊ីថា បានចាត់ចែងឲ្យសាច់ញាតិ ប្រពន្ធកូន បងប្អូនរបស់គាត់ មកកាន់ការងារ នៅក្នុងពន្ធនាគារ ខេត្តតាកែវ បំពានលើការងារ ជំនាញរបស់មន្ត្រីដទៃ។ លោក គង់ ស៊ីថា បានអនុវត្តន៍ការងារ តាមរបៀបជិះសេះលែងដៃ ធ្វើមិនដឹងមិនឮចំពោះ សេចក្តីណែនាំរបស់ ក្រសួងមហាផ្ទៃ ដែលបានព្រមាន បកស័ក្តិដកហូតមុខតំណែង ឬកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីកាត់ទោស ទៅតាមផ្លូវច្បាប់ សម្រាប់ករណី ប្រធានអង្គភាពណាមួយ កេងប្រវ័ញ្ចរបបឧបត្ថម្ភ ឬកាត់ប្រាក់ខែមន្ត្រីតូចតាច ទោះជាក្នុងបុព្វហេតុ អ្វីក៏ដោយ។
មន្ត្រីជាច្រើន មិនពេញចិត្តចំពោះ ការដឹកនាំតាមបែបពុករលួយ និងបក្ខពួកនិយមស៊ីរូងផ្ទៃក្នុង ដែលប្រព្រឹត្តដោយលោក គង់ ស៊ីថា ច្រើនឆ្នាំមកហើយ ជាពិសេសរបបឧបត្ថម្ភ ឬប្រាក់បេសកកម្មរបស់មន្ត្រីក្រោមឱវាទ ត្រូវបានលោក គង់ ស៊ីថា កេងប្រវ័ញ្ច តាមតែអំពើចិត្ត។ ប៉ុន្តែដោយសារតែភ័យខ្លាច គេធ្វើទុក្ខបុកម្នេញ ឬត្រូវគេបណ្តេញចេញ ពីការងារ ក៏ស៊ូទ្រាំឈឺចាប់តែខ្លួនឯង ហើយថ្ងៃមួយនោះ ពួកគាត់ទ្រាំលែងបាន ក៏នាំគ្នាសរសេរសំបុត្រ អនាមិកជាច្រើនច្បាប់ ផ្ញើជូនអ្នកសារព័ត៌មាន ឲ្យជួយផ្សព្វផ្សាយបញ្ហានេះ និងទទូចឲ្យ ក្រសួងមហាផ្ទៃ ជាពិសេសលោក គុយ ប៊ុនសន ជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ពន្ធនាគារ នៃក្រសួងមហាផ្ទៃ មេត្តាស្រាវជ្រាវភាពអសកម្ម ស្ថិតក្រោមប្រព័ន្ធបញ្ជារបស់ លោក គង់ ស៊ីថា ឡើងវិញផង។
អំពើពុករលួយរបស់លោក គង់ ស៊ីថា ផ្ទុយពីគោលការណ៍ រឹតបន្តឹងរបស់ អង្គភាពប្រឆាំងអំពើពុករលួយ ហើយការទម្លាយរឿងនេះ ចេញមកក្រៅ ពីសំណាក់មន្ត្រីតូចតាច ក៏ព្រោះតែពួកគាត់មានជំនឿថា ថ្នាក់លើក៏ដូចជា អង្គភាពប្រឆាំងអំពើពុករលួយ នឹងពិនិត្យស្រាវជ្រាវបញ្ហានេះ ទៅតាមសំណើរបស់ពួកគាត់ ដើម្បីបញ្ឈប់វប្បធម៌ បក្ខពួកនិយមនិងពុករលួយ ក្នុងអង្គភាពពន្ធនាគារខេត្តតាកែវ។ សូម្បីតែក្រុមអង្គការសង្គមស៊ីវិល ក៏ធ្លាប់បានទទួល ពាក្យបណ្តឹងជាច្រើន ពីប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងអំពើពុករលួយ ដ៏រាលដាលនៅតាមពន្ធនាគារ ស្ទើរទូទាំងប្រទេស ដែលប្រធានអង្គភាព បានកេងប្រវ័ញ្ចរបប ហូបចុកប្រចាំថ្ងៃ របស់អ្នកទោស ដល់ទៅជាងពាក់កណ្តាល ជាក់ស្តែងសម្រាប់ អ្នកទោសប្រមាណ ៣០០នាក់ ថ្លៃហូបចុកក្នុងមួយថ្ងៃ ត្រូវចំណាយប្រមាណ ៩០ម៉ឺនរៀល ប៉ុន្តែការចំណាយ ជាក់ស្តែងត្រឹម ២០ម៉ឺនរៀល ឬ ៣០ម៉ឺនរៀលប៉ុណ្ណោះ។
ដោយឡែក ក្រុមគ្រួសារអ្នកជាប់ឃុំ ដែលត្រូវចូលទៅជួបសួរសុខទុក្ខ សាច់ញាតិរបស់ខ្លួន សុទ្ធតែត្រូវបង់លុយ ឲ្យអនុរក្សពន្ធនាគារ ចាប់ពី ៥ពាន់រៀលដល់ ២ម៉ឺនរៀល សម្រាប់ជំនួបធម្មតា មិនដល់៥នាទី ឬយូរៗទៅជួបម្តង ប៉ុន្តែបើមានលក្ខណៈពិសេស ត្រូវទៅជួបញឹកញាប់ ឬនាំយកសម្ភារៈ គ្រឿងហូបចុក ឲ្យសាច់ញាតិត្រូវចំណាយ ច្រើនជាងនេះ ដល់ទៅ ៦ម៉ឺនដល់ ១០ម៉ឺនរៀល ទើបគេអនុញ្ញាតឲ្យចូលជួប សាច់ញាតិតាមចិត្តចង់។ អំពើពុករលួយនៃការ គាបជំរិតគ្រួសារ អ្នកទោសឲ្យបង់លុយ ជាថ្នូរនៃការមិនធ្វើទារុណកម្ម ឬការបង្ខំឲ្យអ្នកទោស ខ្ចីបុលលុយក្នុងពន្ធនាគារ ដើម្បីបង់ឲ្យមន្ត្រីអនុរក្សជាដើម កើតមានសឹងគ្រប់ ទីកន្លែងទាំងអស់ ប៉ុន្តែលោក គុយ ប៊ុនសន ហាក់ដូចជាមើលរំលង មិនសូវយកចិត្តទុកដាក់ ឲ្យមានការកែទម្រង់នោះទេ។
ករណីនេះគេសង្ស័យថា ប្រធានពន្ធនាគារ ខិលខូចជាច្រើន សុទ្ធសឹងតែជាមនុស្សជិតដិត របស់លោក គុយ ប៊ុនសន សូម្បីតែលោក គង់ ស៊ីថា ក៏មានទំនាក់ទំនង យ៉ាងស៊ីជម្រៅ និងអាថ៌កំបាំង ជាមួយលោក គុយ ប៊ុនសន ផងដែរ ទើបគាត់ហ៊ានប្រព្រឹត្ត អំពើពុករលួយ និងចាត់តាំងសាច់ញាតិប្រពន្ធ និងបងប្អូនរបស់ខ្លួន ឲ្យលូកដៃជ្រៀតជ្រែក ការងារក្រុមមន្ត្រី ឬចាត់ចែងការងារក្នុងពន្ធនាគារ ផ្ទុយពីបែបបទរដ្ឋបាល។ ជាគោលការណ៍ អ្នកជាប់ឃុំទាំងអស់ ត្រូវមានសិទ្ធិសេរីភាពដូចៗគ្នា និងទទួលបានការគាំពារ គ្រប់បែបយ៉ាង ពីអនុរក្សពន្ធនាគារ ប៉ុន្តែរឿងរ៉ាវដែលកំពុងកើតមាន ក្នុងពន្ធនាគារខេត្តតាកែវ ដែលគ្រប់គ្រង ដោយលោក គង់ ស៊ីថា មានការកេងប្រវ័ញ្ច របបហូបចុកប្រចាំថ្ងៃ ក៏ដូចជាការកេងបន្លំ ប្រាក់ឧបត្ថម្ភរបស់អ្នកជាប់ឃុំ ជាពិសេសអ្នកជាប់ឃុំ ដែលមានដីកា ដោះលែងពីតុលាការ បើមិនបង់លុយ ជូនលោក គង់ ស៊ីថា តាមរបៀបពុករលួយទេនោះ ត្រូវបន្តជាប់ឃុំ មិនងាយមានសេរីភាពវិញទេ៕
Source from: watphnom-news.com

Loading...
Loading...