មេនគរបាលការពារបេតិកភណ្ឌ ប្រចាំប្រាសាទបន្ទាយឆ្មារ បិទភ្នែកឲ្យលោក ហ៊ាំង រ័ត្ន កាត់ប្រាក់ឧបត្ថម្ភរបស់ មន្ត្រីតូចតាចតាមអំពើចិត្ត
រាជធានីភ្នំពេញ ៖ មន្ត្រីនគរបាលតូចតាច បានប្រតិកម្មចំពោះលោក ព្រិន្ទបាលឯក ហ៊ាំង រ័ត្ន ដែលជាមន្ត្រីគណនេយ្យ របស់អង្គភាពនគរបាល ការពារបេតិកភណ្ឌ ប្រចាំ ប្រាសាទបន្ទាយឆ្មារ នៃខេត្តបន្ទាយមានជ័យ ដែលបានកិបកេងរបបឧបត្ថម្ភរបស់ពួកគាត់ជាច្រើនខែ ប៉ុន្តែប្រធានអង្គភាព ធ្វើមិនដឹងមិនឮ នាំឲ្យគេសង្ស័យថា លោកប្រធាន បានត្រូវដៃត្រូវជើង ជាមួយលោក ហ៊ាំង រ័ត្ន ក្នុងការកេងប្រវ័ញ្ច របបឧបត្ថម្ភរបស់ មន្ត្រីតូចតាចផងដែរ។
ពាក់ព័ន្ធនឹងករណី កាត់ប្រាក់ឧបត្ថម្ភ របស់មន្ត្រីនគរបាលតូចតាចនេះ បានលេចឮមកដល់ស្នងការពិសេស ការពារបេតិកភណ្ឌ ហើយថ្នាក់លើបានរៀបចំ ធ្វើការស៊ើបអង្កេតសួរនាំ ទៅកាន់ភាគីពាក់ព័ន្ធ ដើម្បីរកយុត្តិធម៌ ដល់កងកម្លាំងនគរបាល ដែលមានប្រាក់ខែតិចតួច ជាពិសេសក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការ នគរបាលជាតិ ធ្លាប់បានព្រមានដាច់ខាត មិនឲ្យមានការកាត់ របបឧបត្ថម្ភរបស់ ក្រុមមន្ត្រីនគរបាល តទៅទៀតទេ ទោះជាក្នុងបុព្វហេតុអ្វីក៏ដោយ។
ប្រភពព័ត៌មានខ្សឹបខ្សៀវ ពីស្នងការពិសេស ការពារបេតិកភណ្ឌ បានឲ្យដឹងថា ជាគោលការណ៍ អាជ្ញាធរអប្សរាបានផ្តល់ ប្រាក់ជាង ៤ម៉ឺនរៀលក្នុងមួយខែ ជូនកម្លាំងនគរបាលម្នាក់ៗ ដែលចំណុះឲ្យស្នងការពិសេស ចុះប្រចាំការយាម ការពារសន្តិសុខ តាមប្រាសាទបុរាណ និងតំបន់ទេសចរណ៍នានា ជាការលើកទឹកចិត្ត។ ក្នុងអង្គភាព នគរបាលការពារបេតិកភណ្ឌ ប្រចាំប្រាសាទបន្ទាយឆ្មារ ក៏មានការផ្តល់ប្រាក់ ឧបត្ថម្ភជាង ៤ម៉ឺនរៀលក្នុងមួយខែ ដល់មន្ត្រីនគរបាលផងដែរ ប៉ុន្តែលោក ហ៊ាំង រ័ត្ន បានកេងប្រវ័ញ្ច ប្រាក់ឧបត្ថម្ភរបស់មន្ត្រីនគរបាល តាំងពីខែសីហា ឆ្នាំ២០១៣។
ប្រភពខាងលើ បានបន្ថែមទៀតថា នៅពេលមានការសួរនាំ និងការខឹងសម្បារ ពីបញ្ហាបាត់ប្រាក់ឧបត្ថម្ភជាង ៤ម៉ឺនរៀល ជារបបលើកទឹកចិត្ត ផ្តល់ដោយអាជ្ញាធរអប្សរា ស្រាប់តែលោក ហ៊ាំង រ័ត្ន បានរៀបចំចាត់ចែង បើកប្រាក់ឲ្យ ក្រុមមន្ត្រីដែលទើបជ្រើសរើសថ្មី នៅក្នុងខែធ្នូ ឆ្នាំ២០១៣ បើគិតពីខែសីហា គឺរយៈពេល៥ខែ ដែលមន្ត្រីនគរបាលតូចតាច បានបាត់ប្រាក់របបឧបត្ថម្ភ ហើយសូម្បីតែប្រាក់ នៅក្នុងខែមករា ឆ្នាំ២០១៤ ក៏មិនទាន់ឮដំណឹង មិនដឹងជាបានបើកគ្រប់ចំនួន ឬក៏អត់នោះទេ។
បញ្ហានេះមន្ត្រីនគរបាល ក្នុងអង្គភាពការពារ ប្រាសាទបន្ទាយឆ្មារ ទាំងអស់ដឹងឮគ្រប់ៗគ្នា ប៉ុន្តែលោកប្រធានអង្គភាព ហាក់ដូចជាធ្វើមិនដឹង ដែលនាំឲ្យគេសង្ស័យថា ប្រធានអង្គភាពទំនងជាត្រូវដៃត្រូវជើង ជាមួយលោក ហ៊ាំង រ័ត្ន ហើយមើលទៅ ទើបគាត់មិនបានរកដំណោះស្រាយ អ្វីទាំងអស់។ ក្រុមមន្ត្រីបានទាមទារ ឲ្យប្រធានអង្គភាពទទួលខុសត្រូវ ចំពោះបញ្ហាកាត់ របបឧបត្ថម្ភរបស់ មន្ត្រីតូចតាច ព្រោះប្រាក់នេះជាការ លើកទឹកចិត្តរបស់អាជ្ញាធរអប្សរា ដល់កម្លាំងដែលឈរជើង ការពារសម្បត្តិបេតិកភណ្ឌ ហើយបើគ្មានដំណោះស្រាយទេនោះ នឹងមានការប្តឹងផ្តល់ ថ្នាក់លើកាន់តែវែងឆ្ងាយ ដូច្នេះលោកស្នងការពិសេស ការពារបេតិកភណ្ឌ មេត្តាពិនិត្យមើលភាពអសកម្ម និងអំពើពុករលួយ ក្នុងអង្គភាព នគរបាលការពារ ប្រាសាទបន្ទាយឆ្មារ ឡើងវិញផង៕
Source from: watphnom-news.com

Loading...
Loading...