ហេតុការណ៍ហិង្សានៅផ្លូវវេងស្រេង ត្រូវតែមានអ្នកសងបំណុលឈាម ទើបព្រលឹងជនរងគ្រោះឈប់តាមចងអាឃាត
រាជធានីភ្នំពេញ ៖ រយៈពេល ៧ ថ្ងៃមកហើយ ដែលសាច់ញាតិ ជនរងគ្រោះមួយចំនួន បាននាំគ្នាស្វែងរក សមាជិកគ្រួសារ ដែលបានបាត់ខ្លួន ក្នុងហេតុការណ៍បង្ក្រាបដោយហិង្សា នៅតាមបណ្តោយផ្លូវវេងស្រេង ហើយបុរសម្នាក់ បានមកដាក់ពាក្យបណ្តឹង នៅអង្គការសិទ្ធិ មនុស្សអាដហុក ឲ្យជួយស្វែងរក កូនប្រុសរបស់គាត់ ដែលបានបាត់ខ្លួន និងសង្ស័យថា ក្នុងការបង្ក្រាបដោយហិង្សា របស់សមត្ថកិច្ច ប្រដាប់អាវុធ កាលពីថ្ងៃទី០៣ ខែមករា ហើយគ្រួសារខ្លះទៀត បាននាំគ្នារៀបចំពិធីបុណ្យ ៧ថ្ងៃ ជូនសពជនរងគ្រោះ។
នៅក្នុងទំព័រហ្វេសប៊ុក របស់លោក សម រង្ស៊ី ក៏បានរៀបរាប់ ពីអត្តសញ្ញាណរបស់ជនរងគ្រោះ ដែលបានស្លាប់បាត់បង់ អាយុជីវិត សរុបទាំងអស់ចំនួន ៦នាក់ រួមមាន ១.ឈ្មោះ យាន រិទ្ធី អាយុ២៥ឆ្នាំ រស់នៅខេត្តព្រៃវែង ២.ឈ្មោះ ខេង កុសល អាយុ២៣ឆ្នាំ រស់នៅខេត្តកំពង់ចាម ៣.ឈ្មោះ គឹម ផល្លី អាយុ២៦ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ ៤.ឈ្មោះ ស្រេង វិបុល អាយុ២២ឆ្នាំ រស់នៅខេត្តកណ្តាល ៥.ឈ្មោះ អ៊ុក ភ័ក្រ អាយុ២៣ឆ្នាំ រស់នៅខេត្តព្រៃវែង និងឈ្មោះ សម រ៉ាវី អាយុ២៦ឆ្នាំ រស់នៅខេត្តតាកែវ។
ដោយឡែកបុរសម្នាក់ ដែលឪពុកមកដាក់ពាក្យបណ្តឹង នៅអង្គការសិទ្ធិមនុស្ស ឲ្យជួយស្វែងរកមានឈ្មោះ ឃឹម សាផាត អាយុ ១៦ឆ្នាំ រស់នៅខេត្តស្វាយរៀង ដែលបានបាត់ខ្លួន នៅពេលដែលសមត្ថកិច្ចបាញ់រះ ទៅលើក្រុមកម្មករ ហើយកូនប្រុសរបស់គាត់ មិនទាន់គ្រប់អាយុចូលធ្វើការ បានទិញឈ្មោះរបស់គេម្នាក់ទៀត ប្រើប្រាស់ក្នុងរោងចក្រគឺឈ្មោះ អ៊ុង ចាន់ធឿន។ បុរសជាឪពុក បានរៀបរាប់ថា គាត់បានព្យាយាមដើររកកូនប្រុស តាមមន្ទីរពេទ្យ តាមវត្តអារាម មួយចំនួនក្រែងលោ អាជ្ញាធរដឹកសពយកទៅបោះចោលនៅទីនោះ តែរកអត់ឃើញ។
បុរសជាឪពុកបានសង្ស័យថា កូនប្រុសរបស់គាត់ បានស្លាប់បាត់ទៅហើយ ទើបសម្រេចចិត្ត ធ្វើបុណ្យសពតាមប្រពៃណី និងមកដាក់ពាក្យបណ្តឹង ឲ្យអង្គការសិទ្ធិមនុស្សជួយស្វែងរក។ យ៉ាងណាក៏ដោយ យុវជនម្នាក់ឈ្មោះ ស្រី រី ដែលរងរបួសដោយគ្រាប់កាំភ្លើងចំដៃ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ រុស្ស៊ី បានបញ្ជាក់ថា គាត់បានឃើញផ្ទាល់ភ្នែក ចំពោះឈ្មោះ ឃឹម សាផាត ហៅជ្រូក ត្រូវគ្រាប់កាំភ្លើង ចំកណ្តាលដើមទ្រូង ហើយសមត្ថកិច្ច បានលើកដាក់ឡាន ដឹកយកទៅបាត់ ប៉ុន្តែមិនដឹងថាយកទៅទីណាទេ។
ដោយឡែកសមត្ថកិច្ចវិញ នៅមិនទាន់ទម្លាយព័ត៌មាន ពីចំនួនមនុស្សស្លាប់ និងរបួសក្នុងការបង្ក្រាប ទៅលើក្រុមកម្មករ នៅឡើយទេ។ យ៉ាងណាក៏ដោយ មន្ត្រីអង្គការសង្គមស៊ីវិលខ្លះទៀត បានបង្ហើបឲ្យដឹងថា ចំនួនអ្នកស្លាប់អាច កើនលើសពីចំនួន ដែលរកឃើញជាបឋមនេះ ដោយសារមានការសង្ស័យថា សពខ្លះត្រូវគេដឹកយកទៅ ទម្លាក់ចោលស្ងាត់ៗ។ ចំពោះជនរងគ្រោះជាច្រើន ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យរុស្ស៊ី សុទ្ធតែរងរបួស ដោយគ្រាប់កាំភ្លើង អាចរងនូវពិការភាព អស់មួយជីវិតផងដែរ អាចបញ្ជាក់បានថា ហេតុការណ៍ហិង្សា នៅតាមបណ្តោយផ្លូវវេងស្រេង ត្រូវតែមានអ្នកសង បំណុលឈាម ទើបព្រលឹងជនរងគ្រោះ ឈប់តាមចងអាឃាត៕
Source from: watphnom-news.com

Loading...
Loading...