គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យមនុស្សជិះក្នុងរថយន្តតែមួយស្លាប់៤នាក់ របួសស្រាល២នាក់យ៉ាងអាណោចអាធ័ម
មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងកាលពីរាត្រីម៉ោង២២និង១៥នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៤ នៅចំណុចបណ្តោយផ្លូវជាតិលេខ៥ ឋិតក្នុងភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្កឡើងដោយរថយន្តប្រភេទទេសចរណ៍កំពុងធ្វើចរាចរណ៍មួយគ្រឿង និងរថយន្តធុនធំកំពុងចតនៅស្ងៀមមួយគ្រឿងទៀត បណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងអាណោចអាធ័មចំនួន៤នាក់ និងរងរបួសចំនួន២នាក់ទៀត ។
សមត្ថកិច្ចនគរបាលបានប្រាប់ឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នោះរួមមាន ៖ ១-ឈ្មោះ រុំ សង ហៅតុងម៉ុង ភេទប្រុស អាយុ៣២ឆ្នាំ ជាអ្នកបើកបររថយន្តប្រភេទទេសចរណ៍ មានមុខរបរជាទាហានវរ៥១៣ ចំណុះកងពលតូចថ្មើរជើង៥១៣ ស្លាប់នៅនឹងកន្លែង, ២-ឈ្មោះ ញូវ សារិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ ជាទាហានសឹករងស្រុកអូរជ្រៅ ស្លាប់នៅនឹងកន្លែង, ៣-ឈ្មោះឯម ស៊ីន ភេទប្រុស អាយុ២៣ឆ្នាំ ស្លាប់នៅនឹងកន្លែង, ៤-ឈ្មោះ សួន ស៊ីញ ភេទប្រុស អាយុ២២ឆ្នាំ ស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ, ៥-ឈ្មោះ ឯក លីន ភេទប្រុស អាយុ៣៤ឆ្នាំ រងរបួសត្រង់ក្បាល និង៦-ឈ្មោះ ឈីន ម៉ាល ភេទប្រុស អាយុ២៤ឆ្នាំ របួសបែកក្បាល សុទ្ធតែជាអ្នករស់នៅខេត្តបន្ទាយមានជ័យ ។
ពាក់ព័ន្ធនឹងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ ត្រូវបានសមត្ថកិច្ចប្រាប់ឲ្យដឹងថា មុនពេលកើតហេតុកើតឡើង មានរថយន្តម៉ាកកាមរីចង្កូតស្តាំ ពណ៌ស ស៊េរីឆ្នាំ១៩៩៣ ពាក់ស្លាកលេខបន្ទាយមានជ័យ 2A-2451 ជិះគ្នា៦នាក់ ជាក្រុមជនរងគ្រោះ ធ្វើដំណើរក្នុងទិសដៅពីកើតមកលិច ដោយមានល្បឿនយ៉ាងលឿន លុះមកដល់កន្លែងកើតហេតុ ក៏បានបុកជាមួយរថយន្តធុនធំម៉ាកFUSO ពណ៌ក្រហមមួយគ្រឿង ពាក់ស្លាកលេខស្វាយរៀង 3A-0493 ដែលកំពុងឈប់ចតចោលនៅលើផ្លូវ តែគ្មានសញ្ញាសម្គាល់អ្វីទេ ចំពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តកាមរីខ្ទាតប៉ើងក្រឡាប់ផ្ងារជើងឡើងលើ បង្កឲ្យមានមនុស្សស្លាប់ភ្លាមៗចំនួន៣នាក់នៅនឹងកន្លែង និងម្នាក់ទៀតបានស្លាប់ក្រោយពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ព្រមទាំងមានអ្នករបួសចំនួន២នាក់ ខណៈដែលអ្នកបើកបររថយន្តធុនធំដែលខូចចតចោលលើផ្លូវនោះរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពេលហេតុការណ៍កើតឡើង សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកបានចុះវាស់វែងធ្វើកំណត់ហេតុ និងនាំយករថយន្តបង្ក និងរថយន្តរងគ្រោះទៅរក្សាទុកនូវប៉ុស្តិ៍នគរបាលរដ្ឋបាលកូនដំរី រង់ចាំម្ចាស់មកដោះស្រាយតាមច្បាប់ រីឯសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យបានប្រពៃណី និងអ្នករបួសចំនួន២នាក់ត្រូវបាននាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ។
ឆ្លងកាត់រូបភាពនៃគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ គេហទំព័រសារព័ត៌មានដើមត្នោត សូមសំណូមពរឲ្យអ្នកបើកបរយានយន្តទាំងអស់ មេត្តាគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានត្រឹមត្រូវ និងត្រូវមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា ដ្បិតគ្រោះថ្នាក់ចរាចរណ៍គឺជាឃាតកលាក់មុខយ៉ាងសាហាវ ៕
Source from: www.dtn7.com

Loading...
Loading...