រូបភាពតែងតាំងមន្ត្រីឲ្យមានតំណែងត្រួតច្របូកច្របល់ គឺជាវប្បធម៌ដ៏ពេញនិយមរបស់រាជរដ្ឋាភិបាលបុរសខ្លាំង
រាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភាគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បណ្ឌិតសភាចារ្យ ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជាដ៏មានឥទ្ធិពល ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងជានាយករដ្ឋមន្ត្រី ហៅបុរសខ្លាំង មានឧបនាយករដ្ឋមន្ត្រីរហូតដល់ទៅ៩នាក់ និងមានឧបនាយករដ្ឋមន្ត្រីម្នាក់ទៀតកាន់តំណែងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងផង និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំងផង ។ ក្នុងចំណោមឧបនាយករដ្ឋមន្ត្រីទាំង៩នាក់នោះ សុទ្ធតែកាន់តំណែងជាតំណាងរាស្ត្រទាំងអស់ និងមានឧបនាយករដ្ឋមន្ត្រីខ្លះកាន់តំណែងជារដ្ឋមន្ត្រីក្រសួងនានាផង និងជាប្រធានអាជ្ញាធរ ឬគណៈកម្មាធិការជាតិផ្សេងៗទៀតផង ដែលមានឧទាហរណ៍ដូចខាងក្រោម ៖
១-ឯកឧត្តម ស ខេង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ និងថ្នាក់ក្រោមជាតិ សរសេរកាត់ថា "គ.ជ.អ.ប"…។ល។
២-ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ដន្លងដងស្នែងជាមួយបុរសខ្លាំង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរដើម្បីការពាររមណីយដ្ឋាន និងរៀបចំតំបន់អង្គរ ហៅកាត់ថា "អាជ្ញាធរអប្សរា" ជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី …។ល។
៣-ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ ទៀ បាញ់ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ។
៤-ឯកឧត្តម ហោ ណាំហុង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ។
៥-លោកជំទាវ នាយឧត្តមេសេនីយ៍ផ្កាយមាស៤ ម៉ែន សំអន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ។
ការណ៍ដែលនាយករដ្ឋមន្ត្រី និងឧបនាយករដ្ឋមន្ត្រី កាន់តំណែងក្នុងស្ថាប័ននីតិប្រតិបត្តិ (រាជរដ្ឋាភិបាល)ផង និងកាន់តំណែងក្នុងស្ថាប័ននីតិប្បញ្ញត្តិ (តំណាងរាស្ត្រ)ផង ទោះបីមានឋានៈជាសមាជិករដ្ឋសភាធម្មតាក៏ដោយ គឺបានបង្កឲ្យមានការបែងចែកមិនដាច់រវាងអំណាចនីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ ដែលមិនស្របតាមបញ្ញត្តិមាត្រា៥១ថ្មី វាក្យខណ្ឌទី៤ នៃរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជាឡើយ ។
ក្រៅពីឋានៈឧបនាយករដ្ឋមន្ត្រី នៅមានទេសរដ្ឋមន្ត្រីមួយចំនួនបានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងនានាផងដែរ រួមមាន ៖ ១-ឯកឧត្តម អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ , ២-ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ , ៣-ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និង៤-ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។
លើសពីនេះ នៅមានមន្ត្រីមួយចំនួនទៀតត្រូវបានតែងតាំងឲ្យធ្វើជាទីប្រឹក្សាថ្នាក់ដឹកនាំបន្ថែមលើមុខងារបច្ចុប្បន្ន ដូចជា ទីប្រឹក្សាសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា, ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី …។ល។ ឧទាហរណ៍ ឯកឧត្តម កែវ រតនៈ ជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា ត្រូវបានតែងតាំងជាទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើរដ្ឋលេខាធិការបន្ថែមលើមុខងារបច្ចុប្បន្ន ជាដើម ។ មានមន្ត្រីខ្លះទៀត ដូចជាឯកឧត្តម ឯក វីរដេដ្ឋ ត្រូវជាកូនប្រុសរបស់ឯកឧត្តម ឯក សំអុល ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបានតែងតាំងជាអគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បន្ថែមលើមុខងារបច្ចុប្បន្ន (មុខតំណែងត្រួត) ទទួលបានឱកាសកើបលុយកាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ …។ល។ ឧទាហរណ៍មួយចំនួនទៀត គឺឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ សៅ សុខា នាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ អត្តលេខ០០០១០៥ ត្រូវបានតែងតាំងជាមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទផង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសផង, ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ មាស សុភា នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ អត្តលេខ០០០០១៦ ត្រូវបានតែងតាំងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទផង និងជាមេបញ្ជាការកងទ័ពជើងគោកផង, លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិមន្ទ អត្តលេខ០៣៣៨៨៣ ត្រូវជាកូនប្រុសរបស់បុរសខ្លាំង ត្រូវបានតែងតាំងជាមេបញ្ជាការរងកងទ័ពជើងគោកផង និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្មផង…។ល។
មជ្ឈដ្ឋានអ្នកតាមដានកិច្ចការសង្គមនៅកម្ពុជា បានលើកឡើងថា ការតែងតាំងមន្ត្រីរាជការ ទាំងស៊ីវិល ទាំងប្រដាប់អាវុធ ឲ្យមានមុខតំណែងត្រួតច្របូកច្របល់ដូចបានលើកឡើងជាតិឧទាហរណ៍ខាងលើ គឺជាវប្បធម៌ដ៏ពេញនិយមរបស់រាជរដ្ឋាភិបាលបុរសខ្លាំងច្រើនឆ្នាំមកហើយ ដែលឆ្លុះបញ្ចាំងឲ្យឃើញអំពីរូបភាពសិល្បៈនៃការចែករំលែករបស់បុរសខ្លាំងផង ប៉ះប៉ូវការអាក់អន់ស្រពន់ចិត្តក្នុងជួរមន្ត្រីគណបក្សប្រជាជនកម្ពុជា តាមរយៈផ្តល់បុព្វសិទ្ធិ ឬតែងតាំងឲ្យមានមុខតំណែងត្រួតផង ប្រមែប្រមូលបក្ខពួកពង្រឹងអំណាចផង បង្កើតបណ្តាញប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធផង និងជាពិសេសជាបច្ច័យអាក្រក់ធ្វើឲ្យប៉ះពាល់ប្រព័ន្ធអភិបាលកិច្ចនៅកម្ពុជាតែម្តង ៕
Source from: www.dtn7.com

Loading...
Loading...