ឡានឡិចស៊ីសបើកបុកចូល ផ្ទះប្រជាពលរដ្ឋទាំងកំរោល ស្លាប់ក្មេងស្រីអាយុ ៩ឆ្នាំ
រាជធានីភ្នំពេញ ៖ បុរសជនជាតិកូរ៉េម្នាក់ បានបើករថយន្ដបុកចូលផ្ទះ ប្រជាពលរដ្ឋ ទាំងកំរោលកាលពីម៉ោង ៩និង៥០ នាទីព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៤ តាមបណ្ដោយផ្លូវលេខ៥១ ច្រកចូលភ្នំប្រសិទ្ធិ៍ ក្នុងភូមិសំរោងត្បូង សង្កាត់សំរោងខណ្ឌសែនសុខ បណ្តាលឲ្យប៉ះក្មេងស្រីម្នាក់ ប៉ើងជាង ១០ម៉ែត្រ រងរបួសយ៉ាងធ្ងន់ធ្ងរ និងបានស្លាប់ បន្ទាប់ពីបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ។
ក្មេងស្រីដែលស្លាប់មានឈ្មោះ រី នី អាយុ ៩ឆ្នាំ ស្នាក់នៅភូមិសំរោងត្បូង សង្កាត់សំរោង ។ ចំណែករថយន្ដបង្ក ម៉ាកឡិចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2I-2733 បើក បរដោយជនជាតិកូរ៉េឈ្មោះ Park Sychok ភេទប្រុស អាយុ ៥៦ឆ្នាំ ជាអ្នកគ្រប់គ្រងរោងចក្រ យីហោវត្ដអូរ ក្នុងស្រុកឧដុង្គ ខេត្ដកំពង់ស្ពឺ ។ មុនពេលកើតហេតុ គេឃើញរថយន្ដមួយគ្រឿង បើកបរដោយជនជាតិកូរ៉េ តាមបណ្ដោយផ្លូវ៥១ ក្នុងទិសដៅពីលិចទៅកើត ។
លុះពេលបើកមកដល់ ផ្ទះប្រជាពលរដ្ឋ ក៏រេចង្កូតបុកចូល ទាំងកំរោលបណ្ដាលឱ្យ ក្មេងស្រីម្នាក់របួសធ្ងន់ និងខូចខាតទ្រព្យសម្បត្ដិ នៅក្នុងផ្ទះអស់ជាច្រើន។ ក្រោយពេលកើតហេតុ អ្នកជិតខាងបានឃាត់អ្នកបើកបរ រួចរាយការណ៍ទៅនគរបាល មកជួយអន្តរាគមន៍ ហើយក្មេងស្រីរងគ្រោះ ត្រូវបាន សាច់ញាតិ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញ ប៉ុន្ដែនាងបានស្លាប់ ពេលទៅដល់ពាក់កណ្ដាលផ្លូវ ៕
Source from: watphnom-news.com

Loading...
Loading...