ជលផលចុះរើសំរាស់ក្នុងស្ទឹងសង្កែដុតបំផ្លាញចោល បន្ទាប់ពីមានជម្លោះជាមួយអ្នកកាសែត
ខេត្តបាត់ដំបង ៖ សំរាស់ដាក់យកត្រីមួយកន្លែង ជារបស់ឈ្មោះ ថៃ ជុង អាយុ ៦២ ឆ្នាំ ដែលដាក់ក្នុងស្ទឹងសង្កែ បន្ទាប់ពីមានជម្លោះ ជាមួយអ្នកកាសែត ត្រូវបានសមត្ថកិច្ចជលផល ក្រុងបាត់ដំបង ចុះបង្ក្រាបនិងរុះរើ ដុតបំផ្លាញចោល កាលពីម៉ោង ៩ ព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៤ នៅចំណុចស្ពានរថភ្លើង មុខវត្តកណ្តឹង ភូមិវត្តកណ្តឹង សង្កាត់វត្តគរ ក្រុងបាត់ដំបង។
សាក្សីបានអោយដឹងថា កាលពីម៉ោង ៧ព្រឹក អ្នកកាសែតទ ទួលបានព័ត៌មានថា សមត្ថកិច្ចជលផល ចុះបង្ក្រាបសំរាស់ មុខវត្តកណ្តឹង ក៏នាំគ្នាទៅថតរូប និងយកព័ត៌មាន តែត្រូវឈ្មោះ ថៃ ជុង អាយ ៦២ឆ្នាំ ជាម្ចាស់សំរាស់ មានទីលំនៅ ក្នុងភូមិវត្តតាមឹម ឃុំអូរដំបង១ ស្រុកសង្កែ បានខឹងរករឿង និងរកវាយអ្នកកាសែត ឈានដល់ការប្តឹងនគរបាល និងសមត្ថកិច្ចជលផល អោយចុះបង្ក្រាបតែម្តង។
លោក យឹម ហួរ នាយសង្កាត់ជលផល ក្រុងបាត់ដំបង បានអោយដឹងថា សំរាស់ដែលដាក់ ក្នុងស្ទឹងសង្កែ របស់ឈ្មោះ ថៃ ជុង មានបង្គោល ១២ដើម ទំហំ ៤គុណ៥ ម៉ែត្រ ប្រើមែកអំពិលប្រហែល ៣០០មែក។ ដោយមានការយោគយល់ សណ្តោសដល់ម្ចាស់សំរាស់ ដែលមានជំងឺប្រចាំកាយ បានអោយប្រកបរបរនេសាទ ចិញ្ចឹមជីវិត តែបើមានរឿងហើយ គឺអនុវត្តន៍តាមផ្លូវច្បាប់ គឺរុះរើដុតបំផ្លាញ ចោលតែម្តង៕ ដោយ សុខជា
Source from: watphnom-news.com

Loading...
Loading...