លោកស្រី ប៉ែន កញ្ញា មានជំនាញដំឡើងស័ក្តិ និងដោះដូរតំណែងមន្ត្រី តាមរបៀបដេញថ្លៃ សូម្បីតែការប្រឡង ចូលក្របខ័ណ្ឌថ្មីក៏ពុករលួយ
ខេត្តព្រះសីហនុ ៖ មានរឿងអាស្រូវពុករលួយដ៏វែងអន្លាយ ពាក់ព័ន្ធលោកស្រី ប៉ែន កញ្ញា ជាស្នងការរង ទទួលបន្ទុកការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ក្នុងការកោសរូស កេងប្រវ័ញ្ចរបបប្រាក់ខែ របស់មន្ត្រី នគរបាលតូចតាច ប្រមូលលុយរាប់ពាន់ដុល្លារ យកទៅច្រកហោប៉ៅផ្ទាល់ខ្លួន សម្រាប់ការប្រឡង ជ្រើសរើសមន្ត្រីឲ្យចូល ក្របខ័ណ្ឌនគរបាលថ្មី ក្នុងឆ្នាំ២០១២ កន្លងទៅនេះ។ ដូច្នេះមន្ត្រីនគរបាល តូចតាចដែលស្អប់ខ្ពើម អំពើអយុត្តិធម៌ និងការកេងប្រវ័ញ្ច ញើសឈាមមន្ត្រីតូចតាច ពីសំណាក់លោកស្រី ប៉ែន កញ្ញា បានអំពាវនាវសុំឲ្យថ្នាក់លើ មេត្តាពិនិត្យស្រាវជ្រាវ ករណីស៊ីលុយអំឡុងពេល ប្រឡងជ្រើសរើស មន្ត្រីនគរបាលថ្មីឡើងវិញផង ព្រោះវាអយុត្តិធម៌ខ្លាំងណាស់ សម្រាប់កូនអ្នកក្រ ដែលគ្មានលុយសូកប៉ាន់ ហើយក៏គ្មានឱកាស ចូលបម្រើការងារ ក្នុងក្របខ័ណ្ឌ នគរបាលជាតិ។
លិខិតអនាមិក ដែលមន្ត្រីនគរបាលតូចតាច បានទម្លាយចេញមកក្រៅ ធ្លាក់ដល់ដៃអ្នកកាសែត បានបង្ហាញថា មន្ត្រីនគរបាលមួយចំនួន មិនសប្បាយចិត្តទាល់តែសោះ ដោយសារតែពួកគេ ចង់ឲ្យសាច់ញាតិ បានប្រឡងចូល បម្រើក្របខ័ណ្ឌ នគរបាលជាតិ ប៉ុន្តែត្រូវបានលោកស្រី ប៉ែន កញ្ញា ប្រាប់មកវិញថា បើគ្មានប្រាក់ ៥ពាន់ដុល្លារ ប្រគល់ឲ្យគណៈកម្មការ ជ្រើសរើសមន្ត្រី ចូលក្របខ័ណ្ឌថ្មីទេនោះ កុំសង្ឃឹមឲ្យសោះ បើទោះបីជា មន្ត្រីមួយចំនួន មានតួនាទីក្នុង ស្នងការដ្ឋាននគរបាល ក៏គេមិនយោគយល់អ្វីដែរ ទាល់តែមានលុយ ទើបអាចប្រឡងជាប់ ចូលក្របខ័ណ្ឌ។ ករណីនេះធ្វើឲ្យ ប្រជាពលរដ្ឋជាច្រើន ក្តៅក្រហាយយ៉ាងខ្លាំង ព្រោះពួកគេប្រាថ្នា ចង់ឲ្យកូនៗចូលបម្រើ ក្នុងក្របខ័ណ្ឌ នគរបាលជាតិ ប៉ុន្តែដោយសារតែ គ្មានលុយសូកប៉ាន់ ក៏គ្មានឱកាស ហើយបញ្ហានេះមិន ត្រឹមតែ ជាអំពើពុករលួយ គួរឲ្យស្អប់ខ្ពើមប៉ុណ្ណោះទេ គឺថែមទាំងធ្វើឲ្យប៉ះពាល់ ដល់អនាគតយុវជនខ្មែររាប់ពាន់នាក់ ដែលមានសមត្ថភាព មានជំនាញ ចង់ចូលបម្រើការងារ ក្នុងក្របខ័ណ្ឌ នគរបាលជាតិផងដែរ។
ប្រភពពីមន្ត្រីមួយចំនួន បានបង្ហើបឲ្យដឹងថា ដើម្បីបានប្រឡងជាប់ ក្របខ័ណ្ឌត្រូវមានប្រាក់ ប្រមាណ ៥ពាន់ដុល្លារ ប្រគល់ជូនលោកស្រី ប៉ែន កញ្ញា ដែលជាស្នងការរង ទទួលបន្ទុកការិយាល័យបុគ្គលិក ហើយបើគ្មានប្រាក់ទេ កុំសង្ឃឹមលើការប្រឡង ដែលពឹងផ្អែកលើចំណេះវិជ្ជា ឬកាយសម្បទារបស់ខ្លួន។ មានការទម្លាយឲ្យដឹងទៀតថា ជាក់ស្តែងការប្រឡង មន្ត្រីចូលក្របខ័ណ្ឌថ្មីគឺមានចំនួន ៣៦នាក់ កាលពីខែកញ្ញា ឆ្នាំ២០១២ គឺលោកស្រី ប៉ែន កញ្ញា ជាអ្នករៀបចំ បានបង្កើតឲ្យមានភាពមិនប្រក្រតី ដោយគេរៀបចំរូបភាព ប្រឡងនៅពេលយប់ ហើយអំឡុងពេលប្រឡង មានការដាច់ អគ្គិសនីជាញឹកញាប់។ ចំពោះលទ្ធផលនៃការ ប្រឡងជ្រើសរើស ចូលក្របខ័ណ្ឌនគរបាលចំនួន ៣៦នាក់នោះ គឺមានបេក្ខជន បេក្ខនារី ដាក់ពាក្យប្រឡង រាប់រយនាក់សុទ្ធសឹងជាមនុស្ស មានសមត្ថភាព មានទេពកោសល្យ ប៉ុន្តែគេសង្កេតឃើញថា មន្ត្រីចំនួន ៣៦នាក់ ដែលជាប់ក្របខ័ណ្ឌថ្មីនោះ សុទ្ធសឹងជាកូនអ្នកធំ មានខ្សែទុយោ មានអំណាចថ្នាក់ខ្ពស់ ឬជាកូនពាណិជ្ជករ ថៅ កែលក់ក្តាម លក់អាហារសមុទ្រ និងម្ចាស់ហាង លក់ទំនិញធំៗ ក្នុងផ្សារលើខេត្តព្រះសីហនុ។
ដោយឡែក កូនៗរបស់មន្ត្រីនគរបាលតូចតាច និងកូនៗរបស់ពលរដ្ឋក្រីក្រ គ្មានប្រាក់រាប់ពាន់ដុល្លារ យកទៅសូកប៉ាន់ ទោះបីជាមានកាយសម្បទា និងសមត្ថភាពប៉ុនណា ក៏គ្មានឱកាសប្រឡងជាប់ ចូលបម្រើក្របខ័ណ្ឌ នគរបាលជាតិ នោះដែរ។ យ៉ាងណាក៏ដោយ កូនអ្នកមានលុយ មានអំណាច បើទោះបីជាកាយសម្បទា មិនគ្រប់គ្រាន់តាមស្តង់ដារ នៃការប្រឡងជ្រើសរើស រួមទាំងជាមនុស្សគ្មានចំណេះដឹង ពួកគេគ្រាន់តែចំណាយប្រាក់ ៥ពាន់ដុល្លារ មិនចាំបាច់ទៅប្រឡង ឬសរសេរចម្លើយក្នុងវិញ្ញាសា គ្រាន់តែដាក់លុយសរសេរឈ្មោះ ក្នុងស្រោមសំបុត្រផ្ញើជូន លោកស្រី ប៉ែន កញ្ញា ហើយទៅអង្គុយប្រឡង យកវត្តមានគឺអាចជាប់ ដោយស្វ័យប្រវត្តិ។ បញ្ហានេះធ្វើឲ្យមន្ត្រីជាច្រើន មិនសប្បាយចិត្តនោះទេ ហើយពួកគេបាននាំគ្នា រិះគន់ត្រង់ៗទៅលើ ចំណាត់ការពុករលួយ របស់ លោកស្រី ប៉ែន កញ្ញា ដែលជាមនុស្ស មានជំនាញពុករលួយ ក្នុងការដោះដូរតំណែង មន្ត្រីមួយចំនួនតាមរបៀបដេញថ្លៃ នេះគេមិនទាន់គិតដល់ ករណីស្នើសុំឡើងស័ក្តិ ឡើងតួនាទី ឬការផ្លាស់ប្តូរកន្លែងធ្វើការ ដែលត្រូវចំណាយលុយ ច្រើនសន្ធឹកសន្ធាប់នោះទេ៕
Source from: watphnom-news.com

Loading...
Loading...