ឃាត់ខ្លួនចោរគាស់ផ្ទះអាជីវករលួចម៉ូតូ និងអ្នកទទួលផលចោរកម្ម បញ្ជូនទៅតុលាការ
ខេត្តបាត់ដំបង ៖ បុរស ២ នាក់ជាអ្នកគាស់ផ្ទះលួចម៉ូតូ និងអ្នកទិញផលចោរកម្ម ត្រូវកំលាំងនគរបាល ការិយាល័យព្រហ្មទ័ណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ស្រាវជ្រាវឃាត់ខ្លួន ពេលកំពុងហូបបបរស កាលពីវេលាម៉ោង២យប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ នៅចំណុចហាងបបរស ក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
លោក អួន ខ្វៃ នាយនគរបាលស្តីទី ការិយាល័យព្រហ្មទ័ណ្ឌកំរិតធ្ងន់ បានអោយដឹងថា បុរសសង្ស័យដែល សមត្ថកិច្ចឃាត់ខ្លួន រួមមានឈ្មោះ ផល វិចិត្រ ហៅបារាំង អាយុ ៣១ឆ្នាំ ជាអ្នកគាស់ផ្ទះ មានទីលំនៅ ក្នុងភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ឃាត់ខ្លួនវេលាម៉ោង ២និង៣០ នាទីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ ក្បែរសង្កាត់ទួលតាឯក និងធ្លាប់ជាប់ឃុំ កាលពីឆ្នាំ២០១៣ ពីបទគាស់ផ្ទះប្រជាពលរដ្ឋ យកកុំព្យូទ័រចំនួន ២គ្រឿង នៅភូមិអូរតាគាំ៣ សង្កាត់ទួលតាឯក។
ជនសង្ស័យម្នាក់ទៀត មានឈ្មោះ ការីម វាសនា ហៅគី អាយុ ៣០ឆ្នាំ ជាអ្នកទិញផលចោរកម្ម មានទីលំនៅ ក្នុងភូមិឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ឃាត់ខ្លួនកាលពីវេលា ម៉ោង ២យប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ នៅចំណុចហាងបបរស ក្នុងភូមិកំពងក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ចំណែកជនរងគ្រោះ មានឈ្មោះ ស៊ីន ផល្លា អាយុ ៤១ឆ្នាំ ភេទស្រី រស់នៅភូមិអូរតាគាំ១ សង្កាត់់ទួលតាឯក ក្រុងបាត់ដំបង ត្រូវក្រុមចោរ គាស់ផ្ទះកាលពី ចន្លោះម៉ោង ៧-១១ ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ ពេលម្ចាស់រវល់ទៅលក់ដូរ លួចយកម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ។
ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព លួចគាស់ផ្ទះចូលលួច យកម៉ូតូប្រាកដមែន។ លោក អួន ខ្វៃ បានបញ្ជាក់ថា ករណីគាស់ផ្ទះ មានកើត ២ករណី គឺនៅម៉ោង២៤ យប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០០១៣ ចំណុចភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ មានចោរគាស់ផ្ទះប្រជាពលរដ្ឋ លួចយកម៉ូតូម៉ាកហុងដា ឌ្រីមស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅមួយគ្រឿង សមត្ថកិច្ចមិនទាន់ រកឃើញទេ ហើយចំពោះករណីទី ២នេះ សមត្ថកិច្ចបានស្រាវជ្រាវ រកឃើញនិងឃាត់ខ្លួនជនសង្ស័យបាន ២នាក់ រៀបចំឯកសារបញ្ជូន ទៅសាលាដំបូងនារសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ ចាត់ការតាមនីតិវិធី ចុះណែកម៉ូតូ បានប្រគល់ជូនម្ចាស់ដើមវិញ៕ ដោយ សុខជា
Source from: watphnom-news.com

Loading...
Loading...