បណ្តឹងប្រឆាំងឯកឧត្តម កឹម សុខា បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រនីតិកាលទី៥ ខណៈឯកឧត្តមមិនទាន់មានអភ័យឯកសិទ្ធិសភាពេញលេញ
ឯកឧត្តម កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ អតីតអ្នកតំណាងរាស្ត្រគណបក្សសិទ្ធិមនុស្ស នីតិកាលទី៤ និងជាបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រនីតិកាលទី៥គណបក្សសង្គ្រោះជាតិ នៅមណ្ឌលខេត្កកំពង់ចាម បានទទួលរងការប្តឹងចោទប្រកាន់អាជ្ញាធរពីបទការញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ទៅស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ហើយត្រូវបានតុលាការចេញដីកាកោះឲ្យចូលខ្លួនទៅបំភ្លឺដោះបន្ទុកនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ខាងមុខ ។
គេមិនទាន់អាចដឹងបានថា បន្ទាប់ពីមានការឆ្លើយបំភ្លឺដោះបន្ទុករួចហើយ តើតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គឺលោក ហៀង សុភក្ត្រ ជាព្រះរាជអាជ្ញារង នឹងធ្វើការចោទប្រកាន់បើកការស៊ើបសួរទៅលើឯកឧត្តម កឹម សុខា ឲ្យមានឈ្មោះត្រូវចោទនៅស្ថាប័នតុលាការ ឬក៏សម្រេចតម្កល់រឿងទុកឥតចាត់ការយ៉ាងណានោះនៅឡើយទេ ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានលើកឡើងថា អនុលោមតាមមាត្រា៨២ វាក្យខណ្ឌទី៣ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា និងមាត្រា២ នៃច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រ ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខនស/រកម/១០០៦/០២៥/ ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០០៦ គឺដើម្បីឲ្យក្លាយជាតំណាងរាស្ត្រពេញលេញ ជាតំណាងរបស់ប្រជាជាតិខ្មែរទាំងមូល ត្រូវតំណាងរាស្ត្រដែលបានជ្រើសតាំងដោយការបោះឆ្នោតជាសកល ក្រោយពីបានប្រកាសសុពលភាព និងធ្វើសច្ចាប្រណិធានស្បថចូលកាន់តំណែងរួចហើយ ។ ដោយឡែក បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រនីតិកាលទី៥របស់គណបក្សសង្គ្រោះជាតិចំនួន៥៥រូប ដែលក្នុងនោះក៏មានឯកឧត្តម កឹម សុខា ផងដែរ ទទួលបានសុពលភាពហើយ ប៉ុន្តែមិនទាន់បានស្បថធ្វើសច្ចាប្រណិធានចូលកាន់តំណែង ដូច្នេះមិនទាន់ក្លាយជាតំណាងរាស្ត្រ ជាតំណាងរបស់ប្រជាជាតិទាំងមូលនៅឡើយ ។
យោងតាមមាត្រា៨០នៃរដ្ឋធម្មនុញ្ញ និងមាត្រា៤, មាត្រា៧, មាត្រា៩ និងមាត្រា១១ នៃច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រ គឺតំណាងរាស្ត្រមានអភ័យឯកសិទ្ធិសភាដែលអាចធានាមិនឲ្យមានការចោទប្រកាន់ ការឃាត់ខ្លួន ការចាប់ខ្លួន ឬការឃុំខ្លួនតំណាងរាស្ត្រណាមួយតាមរូបភាពជាអភ័យឯកសិទ្ធិដោយប្រៀបរបស់តំណាងរាស្ត្រ ។ នឹងអាចអនុញ្ញាតបើកឲ្យធ្វើការចោទប្រកាន់ ការឃាត់ខ្លួន ការចាប់ខ្លួន ឬការឃុំខ្លួនតំណាងរាស្ត្រណាមួយតាមច្បាប់ និងនីតិវិធីបាន លុះត្រាតែមានការលើកអភ័យឯកសិទ្ធិសភាមុនសិន ។ ការលើកអភ័យឯកសិទ្ធិសភាត្រូវការកូរ៉ុមប្រជុំលើសពី២/៣នៃសមាជិករដ្ឋសភាទាំងមូល និងត្រូវការអនុម័តតាមមតិភាគច្រើន២/៣នៃចំនួនសមាជិករដ្ឋសភាទាំងមូល ។ ដូច្នេះ ក្នុងករណីមានបណ្តឹងប្រឆាំងនឹងឯកឧត្តម កឹម សុខា បែបនេះ ហើយប្រសិនបើបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រនីតិកាលទី៥ចំនួន៥៥រូបរបស់គណបក្សសង្គ្រោះជាតិ បានធ្វើសច្ចាប្រណិធានចូលកាន់តំណែងជាតំណាងរាស្ត្រ តំណាងឲ្យប្រជាជាតិខ្មែរទាំងមូលមានអភ័យឯកសិទ្ធិសភាពេញលេញនោះ គឺតំណាងរាស្ត្រខាងគណបក្សប្រជាជនកម្ពុជាមិនមានសំឡេងគ្រប់គ្រាន់ដើម្បីអនុម័តលើកអភ័យឯកសិទ្ធិសភាឯកឧត្តម កឹម សុខា ឲ្យតុលាការបើកការចោទប្រកាន់បានឡើយ ដែលខុសពីរដ្ឋសភានីតិកាលទី៤កន្លងមក តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាដែលមានចំនួនរហូតដល់៩០រូប អាចធ្វើព្យុះ ធ្វើភ្លៀង ធ្វើផ្គរ ធ្វើរន្ទះស្រេចនឹងចិត្ត ក្នុងការលើកអភ័យឯកសិទ្ធិសភារបស់តំណាងរាស្ត្រគណបក្សប្រឆាំងណាម្នាក់ ។
ឥឡូវនេះ ទោះយ៉ាងណាក៏ដោយ បណ្តឹងប្រឆាំងឯកឧត្តម កឹម សុខា បានកើតមានឡើងហើយនៅស្ថាប័នតុលាការ ដោយមានអាជ្ញាធរ រាជរដ្ឋាភិបាល ជាដើមបណ្តឹង ខណៈដែលឯកឧត្តម កឹម សុខា មិនទាន់មានអភ័យឯកសិទ្ធិសភាពេញលេញនៅឡើយ ជាហេតុធ្វើឲ្យតុលាការងាយសួលនឹងធ្វើការចោទប្រកាន់បំផុត ប្រសិនបើតុលាការមានចេតនា ឬអ្នកបញ្ជាពីលើតុលាការមានចេតនាចង់បើកការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ដើម្បីដាក់សម្ពាធអ្វីមួយមែននោះ ទៅលើឯកឧត្តម កឹម សុខា ឬបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដទៃទៀត ៕
Source from: www.dtn7.com

Loading...
Loading...