បុរសខ្លាំងអាចជាប់ឈ្មោះជាជនកំសាកក្នុងប្រវត្តិសាស្ត្រកម្ពុជា ប្រសិនបើមិនហ៊ានសម្រេចចិត្តឲ្យមានការបោះឆ្នោតសាជាថ្មីឡើងវិញ
ក្រោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត "គ.ជ.ប" ប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥នាថ្ងៃអាទ្យិ ទី២៨ ខែកក្កដា ឆ្នាំ២០១៣ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣ភ្លាមៗ ដែលបានបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោតគាំទ្រទូទាំងប្រទេសចំនួន ៣.២៣៥.៩៦៩សំឡេង និងគណបក្សសង្គ្រោះជាតិទទួលបានសំឡេងឆ្នោតគាំទ្រចំនួន ២.៩៤៦.១៧៦សំឡេងនោះ គឺគណបក្សសង្គ្រោះជាតិបានតវ៉ាទាមទារឲ្យមានការបង្កើតគណៈកម្មការចម្រោះឯករាជ្យស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតជាមុន សឹមឲ្យ គ.ជ.ប ប្រកាសលទ្ធផលឆ្នោតផ្លូវការតាមក្រោយ ដើម្បីឲ្យគណបក្សនយោបាយណាឈ្នះឆ្នោតបានឈ្នះដោយថ្លៃថ្នូរ និងគណបក្សនយោបាយណាចាញ់ឆ្នោតបានចាញ់ដោយអស់ចិត្ត ប៉ុន្តែសំណើរបស់គណបក្សសង្គ្រោះជាតិនេះត្រូវបានច្រានចោលគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយកាន់កាប់អំណាចនៅកម្ពុជា ដោយគណបក្សគ្រប់គ្រងអំណាចអះអាងថា ជាសំណើខុសច្បាប់ ឬរំលោភបំពានច្បាប់របស់ប្រទេសជាតិ ។
ក្រោយមក ទោះបីគណបក្សសង្គ្រោះជាតិដឹកនាំអ្នកគាំទ្រធ្វើមហាបាតុកម្មទាមទារឲ្យមានការបង្កើតគណៈកម្មការឯករាជ្យស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត ដោយសារគណបក្សប្រឆាំងដ៏ធំតែមួយគត់នៅកម្ពុជាយល់ឃើញថា ការបោះឆ្នោតមានភាពមិនប្រក្រតីធ្ងន់ធ្ងរក៏ដោយ ក៏ គ.ជ.ប បានសម្រេចប្រកាសលទ្ធផលឆ្នោតផ្លូវការ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៣ បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញបានពិនិត្យ និងសម្រេចលើករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នោតចប់សព្វគ្រប់នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៣ ដែលលទ្ធផលឆ្នោតផ្លូវការបានបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈចំនួន៦៨អាសនៈ និងគណបក្សសង្គ្រោះជាតិទទួលបានអាសនៈចំនួន៥៥អាសនៈ ក្នុងចំណោមអាសនៈរដ្ឋសភាសម្រាប់នីតិកាលទី៥សរុបចំនួន១២៣អាសនៈ ។
តមកទៀត ទោះបីលទ្ធផលឆ្នោតផ្លូវការត្រូវបានប្រកាសដោយ គ.ជ.ប រួចហើយ និងអ្នកតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាចំនួន៦៨រូប បានចូលប្រជុំរដ្ឋសភានីតិកាលទី៥លើកដំបូង ក្រោមព្រះរាជាធិបតីភាពរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដែលគ្មានអំណាច នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ក៏ដោយ ក៏គណបក្សសង្គ្រោះជាតិបានបន្តដឹកនាំអ្នកគាំទ្រធ្វើមហាបាតុកម្មជាហូរហែ ដោយប្តូរពីការទាមទារឲ្យមានការបង្កើតគណៈកម្មការឯករាជ្យស៊ើបអង្កេតមិនប្រក្រតីនែការបោះឆ្នោត មកជាការទាមទារឲ្យមានការបោះឆ្នោតសាជាថ្មីឡើងវិញ ។
មជ្ឈដ្ឋានអ្នកតាមដានកិច្ចការសង្គមនៅកម្ពុជា បានលើកឡើងថា រាល់សម័យបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅកម្ពុជា ចាប់តាំងពីនីតិកាលទី១មកម្ល៉េះដែលកាលណោះរៀបចំការបោះឆ្នោតដោយអាជ្ញាធរអង្គការសហប្រជាជាតិទៀតផង គឺគណបក្សនយោបាយដែលចាញ់ឆ្នោត (នីតិកាលទី១ គណបក្សប្រជាជនកម្ពុជាចាញ់ឆ្នោត) តែងតែឡាំប៉ាមិនទទួលស្គាល់លទ្ធផលឆ្នោតឡើយ ហើយក្លាយជាវប្បធម៌ដ៏អាក្រក់មួយនៅកម្ពុជា ។ ដូច្នេះ បើនៅអាណត្តិទី៥នេះគណបក្សនយោបាយធំៗទាំងពីរដែលទទួលបានអាសនៈនៅក្នុងរដ្ឋសភា (គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ) រួមដៃគ្នាប្តេជ្ញាចិត្តប្រកបដោយឆន្ទៈខ្ពស់ធ្វើការកែលម្អច្បាប់ដែលខ្វះខាត និង គ.ជ.ប ដែលមិនសូវទុកចិត្ត ព្រមទាំងរៀបចំឲ្យមានការបោះឆ្នោតឡើងវិញជាប្រវត្តិសាស្ត្រ ដើម្បីឲ្យគណបក្សឈ្នះឆ្នោតបានឈ្នះដោយថ្លៃថ្នូរ និងគណបក្សចាញ់ឆ្នោតបានចាញ់ដោយអស់ចិត្តនោះ គឺជាប្រការល្អប្រសើរណាស់ ដែលម្យ៉ាងអាចបង្ហាញអំពីភាពក្លាហានរបស់គណបក្សប្រជាជនកម្ពុជាផង និងម្យ៉ាងទៀតអាចឈានទៅលុបបំបាត់វប្បធម៌ឡាំប៉ានៅពេលចាញ់ឆ្នោតផង ។
ក្រុមអ្នកច្បាប់ឯករាជ្យនៅកម្ពុជាបានលើកឡើងថា ក្រៅអំពីការពិនិត្យលទ្ធភាពនៃការកៀរគររកថវិកាយកមកបម្រើឲ្យការបោះឆ្នោត គឺការរៀបចំបោះឆ្នោតសាជាថ្មីឡើងវិញហាក់មិនមានឧបសគ្គទៅលើផ្លូវច្បាប់ទេ ឲ្យតែអ្នកនយោបាយ ជាពិសេសថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាមានឆន្ទៈ និងមានសេចក្តីក្លាហានរៀបចំឲ្យមានការបោះឆ្នោតឡើងវិញ ដ្បិតកុំថាឡើយត្រឹមច្បាប់បោះឆ្នោត សូម្បីរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា "លើកលែងមាត្រា៧ វាក្យខណ្ឌទី១" ក៏មនុស្សអាចធ្វើវិសោធនកម្មបានដែរ ។
អ្នកតាមដានកិច្ចការនយោបាយនៅកម្ពុជា បានលើកឡើងថា ការមិនវះកាត់ដោះស្រាយតាមរយៈការបោះឆ្នោតឡើងវិញទេនោះ គឺពាក្យចោទប្រកាន់ទាំងឡាយរបស់គណបក្សនយោបាយប្រឆាំងទៅគណបក្សកាន់អំណាច ដូចជាការគាបសង្កត់ ការលួច និងការលួចបន្លំសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត នឹងក្លាយទៅជាការពិត ហើយក៏បានបង្ហាញឲ្យឃើញថា សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ អនុប្រធានគណបក្សប្រជាជនកម្ពុជា មានរហស្សនាមជាបុរសខ្លាំង ដែលចូលចិត្ត និងញៀននឹងមុខតំណែងធ្វើជានាយករដ្ឋមន្ត្រីនោះ នឹងជាប់ឈ្មោះជាជនកំសាកក្នុងប្រវត្តិសាស្ត្រកម្ពុជា ដោយសារមិនហ៊ានសម្រេចចិត្តឲ្យមានការបោះឆ្នោតឡើងវិញ តាមការទាមទាររបស់គណបក្សប្រឆាំង ៕
Source from: www.dtn7.com

Loading...
Loading...