ស្ថានការណ៍បង្ហូរឈាម នៅលើផ្លូវវេងស្រេង នឹងរឹតតែធ្វើឲ្យសង្គមខ្មែរ ឃ្លាតឆ្ងាយពីការអត់ឱនគ្នា និងពោរពេញដោយគំនុំសងសឹក
រាជធានីភ្នំពេញ ៖ ការប៉ះទង្គិចគ្នាយ៉ាងព្រៃផ្សៃ រវាងកុប្បករ ដែលភាគច្រើនជាកម្មករ និងសមត្ថកិច្ច នគរបាល កងរាជអាវុធហត្ថ នាំឲ្យមនុស្ស ៤នាក់ស្លាប់ និងរបួសជិត ៣០នាក់ នៅក្នុងថ្លុកឈាម ហើយឈុតឆាក នៃការវាយប្រហារគ្នាបានផ្ទុះឡើង នៅលើកំណាត់ផ្លូវ វេងស្រេង ដែលជាតំបន់ជម្រក របស់កម្មករចំណាកស្រុក តាំងពីថ្ងៃទី២ រហូតដល់ថ្ងៃទី៣ ខែមករា ដែលនាំឲ្យទីលានប្រយុទ្ធនេះ ពោរពេញទៅដោយ ស្នាកស្នាមរបួស គំនរកំទេចនិងក្រាល ដោយឈាមអ្នករងរបួស និងជនដែលស្លាប់។
ការស្រែកដង្ហូរយំ និងសម្រែកសងសឹងដាក់គ្នា រវាងកុប្បករ និងសមត្ថកិច្ចលាន់ឮ ដោយការប្រយុទ្ធគ្នា ដួចសមរភូមិកុនអាមេរិក ហូលីវូដ ដែលស៊ីសាច់សម្លាប់ គ្មានក្ដីមេត្តា ប៉ុន្តែហេតុការណ៍ នៅលើកំណាត់ផ្លូវវេងស្រេង ខាងមុខសួនឧស្សាហកម្ម កាណាឌីយ៉ា មិនមែនការប្រឌិត ដូចខ្សែភាពយន្តឡើយ គឺជារឿងពិតនៃ ប្រវត្តិសាស្ត្រ នៅដើមខែមករា ឆ្នាំ២០១៤នេះ។ សូម្បីតែនៅជិតផ្លូវជាតិ៤ ក្នុងសង្កាត់កំបូល នៅរោងចក្រ យ៉ាកជីន ក៏មានការប៉ះទង្គិចគ្នាដែរ រវាងកម្មករ និងកងទ័ពឆ័ត្រយោង៩១១ បណ្ដាលឲ្យមនុស្ស ១០នាក់បានរងរបួស និងចាប់ខ្លួន ១៥នាក់។
នៅមុនការវាយបង្ក្រាបដោយហិង្សា បាតុកម្មរបស់កម្មករខ្មែរជាង ៤០ម៉ឺននាក់ បានផ្ទះនៅថ្ងៃទី២៥ ខែធ្នូ ចុងឆ្នាំ២០១៣ នៅទូទាំងប្រទេស ដែលជាចលនាមួយជំរុញ ឲ្យមានការដំឡើង ប្រាក់ឈ្នួលសមរម្យ ១៦០ដុល្លារ ខណៈដែលពួកគេមិនព្រម ទទួលយកប្រាក់ឈ្នួល ៩៥ដុល្លារ។ កម្មកររាប់ម៉ឺននាក់ ដែលហែតាមដងផ្លូវ ក្នុងរាជធានីភ្នំពេញ ក្រៅពីសុំដំឡើងប្រាក់ឈ្នួល ១៦០ដុលា្លរ គឺពួកគេស្រែកបន្ទរឲ្យបោះឆ្នោតឡើងវិញ និងទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង ព្រោះពួកគេចោទរដ្ឋាភិបាលថា មិនមានលទ្ធភាព ដើម្បីដំឡើងប្រាក់ឈ្នួល ១៦០ដុល្លារ។
អាជ្ញាធរបានបញ្ជាក់ ពីភាពស្របច្បាប់របស់ខ្លួន ក្នុងការបង្ក្រាប ដោយចោទថា មនុស្សមួយចំនួនបានបង្កភាពអនាធិបតេយ្យ ប៉ុន្តែទាំងមេដឹកនាំ គណបក្សប្រឆាំង និងសង្គមស៊ីវិល បានហៅព្រឹត្តិការណ៍បង្ក្រាប បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសនេះថា ជាការរំលោភសិទិ្ធមនុស្ស យ៉ាងធ្ងន់ធ្ងន ដែលត្រូវទទួល ការថ្កោលទោស ពីសហគមន៍អន្តរជាតិ និងពលរដ្ឋខ្មែរ ។ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានទទូចសុំឲ្យ ភាគីកម្មករ និងសមត្ថកិច្ច ត្រូវដកឃ្លាពីគ្នា ហើយត្រូវបញ្ឈប់ហិង្សា។ អ្នកវិភាគពិនិត្យឃើញថា ស្ថានការណ៍បង្ហូរឈាម នៅលើផ្លូវវេងស្រេង នឹងរឹតតែធ្វើឲ្យសង្គមខ្មែរ ឃ្លាតឆ្ងាយពីការអត់ឱនគ្នា និងពោរពេញដោយគំនុំសងសឹក៕
Source from: watphnom-news.com

Loading...
Loading...