មនុស្សប្រភេទណាដែលត្រូវអាជ្ញាធរបុរសខ្លាំងចោទប្រកាន់ថាជាជនអនាធិបតេយ្យក្នុងឆ្នាំ២០១៤នេះ?
នាព្រឹត្តិការណ៍បង្ហូរឈាមនៅកណ្តាលរាជធានីភ្នំពេញកាលពីថ្ងៃទី០៥-០៦ ខែកក្កដា ឆ្នាំ១៩៩៧ កងកម្លាំងប្រដាប់អាវុធដែលគាំទ្រនាយករដ្ឋមន្ត្រីទី២ គឺសម្តេច ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជាដ៏មានអំណាច ធ្លាប់បានធ្វើសកម្មភាពបង្ក្រាបទៅលើកងកម្លាំងប្រដាប់អាវុធដែលគាំទ្រនាយករដ្ឋមន្ត្រីទី១ គឺសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបកហ្វ៊ុនស៊ិនប៉ិច ដោយចោទប្រកាន់ថា ជាកងកម្លាំងអនាធិបតេយ្យ ខណៈដែលនាយករដ្ឋមន្ត្រីទាំងពីរកំពុងប្រជែងគ្នាដណ្តើមអូសទាញកម្លាំងខ្មែរក្រហមឲ្យចុះចូលជាមួយរៀងៗខ្លួន ។
ដោយការគ្រប់គ្រងកម្លាំងមិនបានល្អផង និងចាញ់ល្បិចកលនយោបាយរបស់សម្តេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រីទី២ផង ធ្វើឲ្យកងកម្លាំងដែលដង្ហែតាមសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជានាយករដ្ឋមន្ត្រីទី១ បានស្លាប់បាត់បង់ជីវិតអស់ជាច្រើននាក់ រាប់ទាំងថ្នាក់ឧត្តមសេនីយ៍ផង ក្រោមស្នាដៃបង្ក្រាបរបស់សម្តេច ហ៊ុន សែន ដោយសម្តេចនាយករដ្ឋមន្ត្រីទី២អះអាងថា ជាការបង្ក្រាបនិងកម្ចាត់កងកម្លាំងអនាធិបតេយ្យ ដើម្បីការពារនិងរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ។
ក្រោយការវាយផ្តួលរំលំសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទាំងតាមរូបភាពប្រើប្រាស់អាវុធផង ទាំងតាមរូបភាពតុលាការផង បានសម្រេចរួចមក សម្តេច ហ៊ុន សែន បានច្បាមនូវតំណែងនាយករដ្ឋមន្ត្រីតែម្នាក់ឯង ដោយគ្មានគូប្រជែងខ្លាំងក្លា តាមរយៈការបោះឆ្នោតរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត "គ.ជ.ប" ចាប់តាំងពីឆ្នាំ១៩៩៨ជាបន្តបន្ទាប់ រហូតដល់គណបក្សហ្វ៊ុនស៊ិនប៉ិចបាត់បង់អាសនៈអស់រលីងពីក្នុងរដ្ឋសភានីតិកាលទី៥បច្ចុប្បន្ននេះ ។
ឈានចូលមកដល់ឆ្នាំ២០១៤នេះ គឺជិត២០ឆ្នាំកន្លងផុតទៅ ខណៈដែលគណបក្សសង្គ្រោះជាតិជាគណបក្សនយោបាយប្រឆាំងដ៏ធំតែមួយគត់ទទួលបានអាសនៈក្នុងរដ្ឋសភានីតិកាលទី៥កើនឡើងយ៉ាងច្រើននោះ កាលពីថ្ងៃទី០២-០៣ ខែមករា ឆ្នាំ២០១៤ កងកម្លាំងប្រដាប់អាវុធរបស់រាជដ្ឋាភិបាលមានសម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើសកម្មភាពបង្ក្រាបយ៉ាងសាហាវទៅលើក្រុមអ្នកតវ៉ាជាកម្មករ កម្មការិនី សកម្មជនសហជីព និងសកម្មជនសិទ្ធិមនុស្ស បណ្តាលឲ្យពលរដ្ឋស៊ីវិលស្លាប់ និងរងរបួសជាច្រើននាក់ ដោយអាជ្ញាធរចោទប្រកាន់ថា ជាការបង្ក្រាបទៅលើជនអនាធិបតេយ្យ ។ លើសពីនេះទៀត នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤ កងកម្លាំងសមត្ថកិច្ចចម្រុះបានធ្វើសកម្មភាពបង្ក្រាប និងបណ្តេញប្រជាពលរដ្ឋជាក្រុមបាតុករ ដឹកនាំដោយគណបក្សសង្គ្រោះជាតិ ចេញពីទីលានប្រជាធិបតេយ្យតែម្តង ពោលគឺមានន័យថា ក្រុមបាតុករដឹកនាំដោយគណបក្សសង្គ្រោះជាតិទាំងនោះត្រូវបានអាជ្ញាធរបុរសខ្លាំងចាត់ទុកថា ជាជន ឬក្រុមអនាធិបតេយ្យ ទើបអាជ្ញាធរបង្ក្រាប និងបណ្តេញចេញពីទីលានប្រជាធិបតេយ្យយ៉ាងច្រងាប់ច្រងិលដូច្នេះ ។
សរុបសេចក្តីមក មនុស្សដែលត្រូវបានអាជ្ញាធរគ្រប់គ្រងអំណាចដោយបុរសខ្លាំងចោទប្រកាន់ថា ជាជន ឬក្រុមអនាធិបតេយ្យដែលត្រូវតែបង្ក្រាបនោះ គឺជាកម្មករ កម្មការិនី សកម្មជនសហជីព ដែលទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមាឲ្យមានចំនួនស្មើនឹង១៦០ដុល្លារអាមេរិកក្នុង១ខែ និងក្រុមបាតុករទាំងអស់ដែលគាំទ្រ និងដឹកនាំដោយគណបក្សសង្គ្រោះជាតិ ជាគណបក្សនយោបាយប្រឆាំងនឹងគណបក្សប្រជាជនកម្ពុជា ៕
Source from: www.dtn7.com

Loading...
Loading...