មជ្ឈដ្ឋានអ្នកច្បាប់ចាប់អារម្មណ៍ទៅនឹងក្រុមមនុស្សស្លៀកពាក់ស៊ីវិល តែមានសិទ្ធិអំណាចវាយបណ្តេញបាតុករចេញពីទីលានប្រជាធិបតេយ្យ
កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤កន្លងមក កងកម្លាំងសមត្ថកិច្ចចម្រុះបានចុះធ្វើសកម្មភាពបង្ក្រាប និងបណ្តេញក្រុមបាតុករគណបក្សសង្គ្រោះជាតិចេញពីទីលានប្រជាធិបតេយ្យ ព្រមទាំងធ្វើការរុះរើវេទិកាប្រជុំ និងរោងស្នាក់នៅរបស់ក្រុមបាតុករឲ្យរាបដល់ដី ប្រកបដោយជោគជ័យ ដោយគ្មានការប៉ះទង្គិចគ្នាធំដុំអ្វីឡើយ គឺគ្រាន់តែមានសកម្មភាពគប់ដបទឹកសុទ្ធ និងដុំថ្មដាក់គ្នាបន្តិចបន្តួចប៉ុណ្ណោះ ។
នៅក្នុងហេតុការណ៍នៃការបង្ក្រាប និងបណ្តេញក្រុមបាតុករគណបក្សសង្គ្រោះជាតិចេញពីទីលានប្រជាធិបតេយ្យយ៉ាងច្រងាប់ច្រងិលនោះ គឺមជ្ឈដ្ឋានអ្នកច្បាប់បានសម្តែងនូវការចាប់អារម្មណ៍ខ្លាំងនៅត្រង់ថា មានក្រុមមនុស្សស្លៀកពាក់ស៊ីវិល និងចងកំណាត់ក្រហមជាសម្គាល់ ប្រដាប់ដោយដែកបំពង់ទីប និងពាក់មួកសុវត្តិភាពផង បានធ្វើសកម្មភាពដើរដេញក្រុមបាតុករ និងវាយទៅលើក្រុមបាតុករដែលរឹងរូសមិនព្រមចេញ ខណៈដែលកម្លាំងសមត្ថកិច្ចស្លៀកពាក់ឯកសណ្ឋានត្រឹមត្រូវ បែរជាឈរមើលនិងបើកដៃទៅវិញ ។
ក្រុមអ្នកច្បាប់បានលើកឡើងថា ប្រសិនបើជាកម្លាំងសមត្ថកិច្ចពិតប្រាកដ គឺពេលបំពេញបេសកកម្មអ្វីមួយ ត្រូវតែស្លៀកពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ ប៉ុន្តែក្រុមមនុស្សដែលស្លៀកពាក់ស៊ីវិលនោះមិនដឹងជាចេញពីប្រភពណាច្បាស់លាស់ទេ ទើបមានសិទ្ធិអំណាចដើរដេញ និងវាយទៅលើក្រុមបាតុករនៅទីលានប្រជាធិបតេយ្យបែបនេះ ។
ឯកឧត្តម កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រជាប់ឆ្នោតនៅមណ្ឌលខេត្តកំពង់ចាម បានមានប្រសាសន៍ប្រាប់បណ្តាញព័ត៌មានថា អាជ្ញាធរបានប្រើប្រាស់មនុស្សសេពគ្រឿងញៀនយកចេញពីមណ្ឌលកែប្រែ និងបន្សាបគ្រឿងញៀន ដោយមានកម្លាំងសមត្ថកិច្ចជាអ្នកការពារពីក្រោយ ឲ្យមកដេញវាយបំបែកក្រុមបាតុករគណបក្សសង្គ្រោះជាតិពីទីលានប្រជាធិបតេយ្យ ។
មជ្ឈដ្ឋានអ្នកតាមដានកិច្ចការសង្គមនៅកម្ពុជា បានលើកឡើងថា ការប្រើប្រាស់មនុស្សស្លៀកពាក់ស៊ីវិលឲ្យបង្ក្រាប និងបណ្តេញក្រុមបាតុករចេញពីទីលានប្រជាធិបតេយ្យ ដើម្បីកុំឲ្យវាអាក្រក់មើលពេកនៅពេលដែលកងកម្លាំងសមត្ថកិច្ចស្លៀកពាក់ជាឯកសណ្ឋានដេញវាយប្រជាពលរដ្ឋហាក់សម្បើមជ្រុល ដើម្បីបំភ័ន្ទភ្នែកមហាជន ប៉ុន្តែការពិតគឺជាល្បិចកលរបស់សមត្ថកិច្ចតែប៉ុណ្ណោះ ដោយមិនខ្វល់អំពីរឿងខុស ឬត្រូវច្បាប់អ្វីឡើយ ៕
Source from: www.dtn7.com

Loading...
Loading...