ស្រីស្រស់រងគ្រោះសម្រេចប្តឹងបុរសជាជនសង្ស័យម្នាក់ដែលប្រើប្រាស់ឈ្មោះនិងរូបថតនាងបង្កាច់បង្ខូចថានាងប្រកាសលក់ខ្លួនក្នុង Facebook
នៅទីបំផុត ស្រីស្រស់ក្មេងម្នាក់ឈ្មោះ ចិន្តា បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ដោយប្តឹងបុរសជាជនសង្ស័យម្នាក់ដែលប្រើប្រាស់ឈ្មោះ និងរូបថតរបស់នាងបង្កើតជា Account Facebook ដោយ Post រូបនាងភ្ជាប់ជាមួយនឹងរូបភាពអាសអាភាសសិចលើគ្រែ ព្រមទាំងបង្កាច់បង្ខូចថា នាងបានប្រកាសលក់ខ្លួននៅក្នុងបណ្តាញព័ត៌មានសង្គម Facebook ដ៏ពេញនិយមនៅកម្ពុជា ។ នេះបើតាមការប្រាប់ឲ្យដឹងរបស់នាង ចិន្តា ជាស្ត្រីរងគ្រោះដែលបានទូរស័ព្ទមកកាន់ការិយាល័យនិពន្ធនៃគេហទំព័រសារព័ត៌មានដើមត្នោត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៤ម្សិលមិញ ។
នាង ចិន្តា ដែលជាស្ត្រីរងគ្រោះ បានឲ្យដឹងថា នាពេលកន្លងមក មានបុរសជាជនសង្ស័យម្នាក់បានយករូបថត និងឈ្មោះពិតប្រាកដរបស់នាងដែលជាអ្នកលេង Facebook ម្នាក់ដែរមកបង្កើតជា Account Facebook ថ្មីមួយ ដោយ Post រូបនាងក្នុង Status ភ្ជាប់ជាមួយនឹងរូបភាពអាសអាភាស ដើម្បីឲ្យអ្នកលេង Facebook យល់ច្រឡំថា ជាសកម្មភាពសិចលើគ្រែរបស់នាង ហើយបុរសកំហូចជាអ្នកលេង Facebook នោះក៏បាន Post មួលបង្កាច់ថា នាងបានប្រកាសលក់ខ្លួនរួមភេទទៀតផង ។
ស្រីស្រស់ ចិន្តា បានប្រាប់ឲ្យដឹងថា កាលនាងដាក់ពាក្យសុំចូលធ្វើការនៅក្រុមហ៊ុនឯកជនមួយ គឺនាងបានស្គាល់បុរសម្នាក់ជាជនសង្ស័យ និងជាជនជាតិវៀតណាមផង ហើយបុរសនោះបានសុំស្នេហ៍នាង តែនាងមិនព្រម ធ្វើឲ្យបុរសជាជនសង្ស័យ និងជាអ្នកធ្វើការនៅក្រុមហ៊ុនឯកជននោះមានការអាក់អន់ស្រពន់ចិត្តយ៉ាងខ្លាំងជាមួយរូបនាង ។ ក្រោយមក រូបថតនិងឈ្មោះរបស់នាងដែលនាងតែង Post ក្នុង Status របស់នាងជារឿយៗ ត្រូវបានបុរសជាជនសង្ស័យនោះយកមកបង្កើត Account Facebook ថ្មី និង Post ភ្ជាប់ជាមួយនឹងរូបភាពអាសអាភាស ដែលជាសកម្មភាពសិចនៅលើគ្រែទៅវិញ ។
នៅក្នុងពាក្យបណ្តឹងរបស់នាង ចិន្តា ដែលបានប្តឹងទៅសមត្ថកិច្ចនោះ គឺនាងបានសំណូមពរឲ្យសមត្ថកិច្ចមានវិធានការទៅលើបុរសជាជនសង្ស័យធ្វើការលុបចោលនូវ Account Facebook ដែលប្រើឈ្មោះរបស់នាង និងរូបថតរបស់នាងដែលបាន Post ភ្ជាប់នឹងរូបភាពអាសអាភាសចេញពីបណ្តាញសង្គម Facebook ព្រមទាំងឲ្យមានការផ្តន្ទាទោសទៅលើជនសង្ស័យតាមច្បាប់ជាធរមាន ។
គួររំលឹកជូនដែរថា កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៣កន្លងទៅ មាន Account Facebook មួយដោយដាក់ឈ្មោះ និងរូបថតស្ត្រីរងគ្រោះឈ្មោះ ចិន្តា ប៉ុន្តែបាន Post រូបថតរបស់នាងភ្ជាប់ជាមួយនឹងរូបភាពអាសអាភាសសិចលើគ្រែ ព្រមទាំងបានប្រកាសថា នាងលក់ខ្លួនរួមភេទទៅវិញ ។ ក្រោយមក នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៣ដដែល មាន Account អនាមិកមួយដាក់ឈ្មោះថា San Chhay បានយករូបថតនាង ចិន្តា ជាស្ត្រីរងគ្រោះ Post នៅក្នុង Group មួយឈ្មោះ Life education ដោយភ្ជាប់ជាមួយនឹងរូបភាពអាសអាភាសសិចលើគ្រែរបស់ស្ត្រីម្នាក់យ៉ាងស្រើបស្រាលជាច្រើនសន្លឹក ។ ប៉ុន្តែបន្ទាប់ពីមានការចុះផ្សាយរបស់គេហទំព័រសារព័ត៌មានដើមត្នោតម្តងរួចមក Account អនាមិកឈ្មោះ San Chhay ក៏រលត់រលាយខ្លួនពីក្នុង Facebook បាត់ទៅ ព្រមទាំងរូបភាពសិចលើគ្រែភ្ជាប់ជាមួយរូបថតនាង ចិន្តា ជាស្ត្រីរងគ្រោះនៅក្នុង Group ឈ្មោះ Life education ក៏រលាយបាត់បង់ទៅជាមួយគ្នាដែរ ។
គេហទំព័រសារព័ត៌មានដើមត្នោតសង្ឃឹមថា សមត្ថកិច្ចនឹងមានវិធានការស្រាវជ្រាវទៅលើជនខិលខូចដែលប្រើប្រាស់ Account អនាមិក ឬក្លែងក្លាយក្នុង Facebook ដើម្បីបង្អាប់បង្អោនកិត្តិយសបុគ្គលជាស្ត្រីរងគ្រោះឈ្មោះ ចិន្តា តាមពាក្យបណ្តឹងរបស់នាងនោះ ទោះបីគេហទំព័របណ្តាញព័ត៌មានសង្គម Facebook មិនឋិតក្រោមច្បាប់ទម្លាប់ពីរាជរដ្ឋាភិបាលកម្ពុជានៅឡើយក៏ដោយ ៕
Source from: www.dtn7.com

Loading...
Loading...