ឡានទំនើបបុកគ្នាខាងលិចផ្លូវបំបែកស្រែអំបិល ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ១០ នាក់
ខេត្តព្រះសីហនុ ៖ យ៉ាងហោចណាស់ មនុស្សប្រុសស្រី ៣ នាក់ បានស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័មបំផុត និងរបួសធ្ងន់ស្រាល ១០ នាក់ ដោយសារហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តទំនើបបុកគ្នា កាលពីវេលាម៉ោង ១២ ថ្ងៃត្រង់ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៤ នៅផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨ ខាងលិចផ្លូវបំបែក ស្រែអំបិល ត្រង់ចំណុចភូមិគីរីវ័ន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះ បណ្តាលអោយជនរងគ្រោះ ស្លាប់ចំនួន ៣នាក់ ក្នុងនោះមាននារី ២នាក់ និងបុរសម្នាក់ ហើយរបួសធ្ងន់ស្រាល ១០នាក់ ។ សមត្ថកិច្ចមិនអាច បញ្ជាក់អត្តសញ្ញាណ ជនរងគ្រោះទាំងនោះបានទេ ដោយសារជាប់ជួយសង្គ្រោះ ដឹកអ្នករងរបួស ទៅកាន់មន្ទីរពេទ្យ បង្អែកស្រុកស្រែអំបិល ហើយមន្ត្រីប៉ូលិសចរាចរណ៍ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងករណីនេះមិនទាន់ដឹងថា ភាគីណាមួយខុសនោះទេ។
គ្រោះថ្នាក់នេះបង្កឡើង ដោយរថយន្តម៉ាកកាមរី ហាយប្រីត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2U-6788 បើកបរក្នុងទិសដៅ ពីភ្នំពេញទៅខេត្តព្រះសីហនុ មានអ្នកដំណើរ ៦នាក់ របួសធ្ងន់ស្រាល រួមមានប្រុស ២ នាក់និងស្រីម្នាក់ បានបើកបុកជាមួយ រថយន្តមួយគ្រឿងទៀត ម៉ាក តូយ៉ូតា សាយអន ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2L-4591 បើកក្នុងទិសដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញ មានអ្នកដំណើរ ៧ នាក់ បណ្តាលរថយន្ត តូយ៉ូតា មួយនេះ ក្រឡាប់ធ្លាក់ថ្នល់ ស្លាប់ស្រី ២ នាក់ ប្រុសម្នាក់ ក្រៅពីនោះ រងរបួសធ្ងន់ស្រាល អ្នកទាំងអស់ ស្នាក់នៅទួលសង្កែ រាជធានីភ្នំពេញ៕
Source from: watphnom-news.com

Loading...
Loading...